ផលិតផល​ខ្មែរ​អាចមាន​ការគាំទ្រ​ច្រើន ប្រសិនបើ​សហគ្រិន​ពង្រឹងគុណភាព និង​តម្លៃ​សមរម្យ​

2728
ចែករម្លែក
  • 87
    Shares

ដោយ​: ពៅ និមល / ភ្នំពេញ​: មន្ត្រីជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​អះអាងថា ប្រជាពលរដ្ឋ​ខ្មែរ​នឹង​ងាក​មក​គាំទ្រ​ហើយ​ប្រើប្រាស់​រាល់​ផលិតផល​ខ្មែរ​កាន់តែច្រើន នៅពេលណា​ដែល​ផលិតករ និង​សហគ្រិន​ក្នុងស្រុក​អាច​ផលិត​ទំនិញ ដែលមាន​គុណភាព​ខ្ពស់​ជាមួយ​តម្លៃ​សមរម្យ​ប្រហាក់ប្រហែល​ទំនិញ​នាំចូល​ពី​បរទេស ព្រោះនេះ​គឺជា​កត្តា​សត្យានុម័ត​នៃ​ការប្រកួតប្រជែង​ទីផ្សារសេរី​។​

​មានប្រសាសន៍​ក្នុង​ពិធី​បើក​ព្រឹត្តិការណ៍​ពិព័រណ៍​ផលិតផល​ខ្មែរ​នៃ​យុទ្ធនា​ការទិញ​ផលិតផល​ខ្មែរ រដូវ​កាល​ទី​៣ កាលពី​រសៀល​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០១៨​កន្លងទៅ នៅ​ទី​រួម​ខេត្តព្រៃវែង លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណ​ជ្ជ​កម្ម បាន​បន្ត​អំពាវនាវ​ឲ្យ​ផលិតករ​ខំប្រឹង​អភិវឌ្ឍន៍​គុណភាព​ផលិតផល​ឲ្យ​បាន​កាន់តែ​ប្រសើរ​ថែមទៀត​ដោយ​ប្រើប្រាស់​គំនិត​ច្នៃប្រឌិត ទាំង​បច្ចេកទេស​ផលិត ការ​វេច​ខ្ចប់ ការដាក់​ម៉ាក និង​ការកំណត់​តម្លៃ ព្រមទាំង​ធ្វើ​យុទ្ធសាស្ត្រ​ទីផ្សារ​ដើម្បី​អាច​ប្រកួតប្រជែង​ជាមួយ​ទំនិញ​នាំចូល​ពី​បរទេស​។​

​ឆ្លៀត​ក្នុងឱកាស​នោះ លោក​រដ្ឋមន្ត្រី​បាន​លើកយក​បញ្ហា​ប្រឈម​និង​លក្ខខណ្ឌ​ដែល​កម្ពុជា​ត្រូវបំពេញ ក្រោយ​ចូលរួម​នៅក្នុង​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន និង​បាន​ពន្យល់​អង្គពិធី​អំពី​វិធានការណ៍​រយៈពេល​ខ្លី ដែល​រដ្ឋាភិបាល​កំពុង​អនុវត្តន៍​ដូចជា​ការយកពន្ធ និង​ការប្រើប្រាស់​ច្បាប់​ឧបាស្រ័យ​ពាណិជ្ជកម្ម​ដើម្បី​ទប់ស្កាត់​ការហូរចូល​នូវ​ប្រភេទ​ទំនិញ ដែល​អាច​បង្ក​ផលប៉ះពាល់​ដល់​សុខមាលភាព​ប្រជាជន និង​ហា​នី​ភ័យ​ចំពោះ​សេដ្ឋកិច្ចកម្ពុជា​។ ជារួម ដើម្បី​ឲ្យ​ផលិតផល​ខ្មែរ​មាន​ទីផ្សារ​ខ្ពស់​ទាមទារ​ឲ្យ​មានការ​ចូលរួម​ពី​គ្រប់ភាគី​ពាក់ព័ន្ធ ជាពិសេស​ផលិតករ សហគ្រិន និង​ប្រជាជន​ខ្មែរ​ទាំងអស់ ហើយ​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​ក្រសួងពាណិជ្ជកម្ម​ជា​សេនាធិការ នឹង​នៅតែ​បន្ត​ស្វែងរក​ទីផ្សារ​ថ្មីៗ​និង​គាំទ្រ​វិស័យ​ឯកជន​ជានិច្ច​។ ការលើកឡើង របស់លោក​រដ្ឋមន្ត្រី​។​

​សូមបញ្ជាក់ថា ទាក់ទិន​នឹង​យុទ្ធនា​ការទិញ​ផលិតផល​ខ្មែរ គឺជា​ផ្នែក​មួយ​នៃ​គោលនយោបាយ​អភិវឌ្ឍន៍​ទីផ្សារ​របស់​ក្រសួងពាណិជ្ជកម្ម​ដែល​បាន​អនុវត្តន៍​ចាប់តាំងពី​ឆ្នាំ​២០១៥​។ យុទ្ធនាការ​នេះ គឺជា​សំឡេង​ជួង ដើម្បី​ដាស់​ពញ្ញាក់​ស្មារតី​ប្រជាជន​ខ្មែរ ឲ្យ​ងាក​មក​គាំទ្រ និង​ប្រើប្រាស់​ទំនិញ​ក្នុងស្រុក ជំនួស​ទំនិញ​នាំចូល​ពី​បរទេស​។ ម្យ៉ាងទៀត​យុទ្ធនាការ​នេះ មាន​គោលដៅ​ជួយ​ពង្រឹង​សង្វាក់​ផលិតកម្ម​ក្នុងស្រុក បង្កើត​ឱកាស​ការងារ និង​ប្រាក់ចំណូល​ជូន​ប្រជាជន ព្រមទាំង​ផ្តល់​ចំណេះដឹង​និង​បទពិសោធន៍​ល្អៗ​ដល់​សហគ្រាស​ធុន​តូច​និង​មធ្យម ដើម្បី​ផលិត​ទំនិញ​ដែលមាន​គុណភាព សុវត្ថិភាព និង​អនាម័យ​ខ្ពស់ សម្រាប់​ប្រកួតប្រជែង​ជាមួយ​ទំនិញ​នាំចូល​ពី​បរទេស​។​

​បន្ទាប់ពី​ទទួលបាន​ជោគជ័យ​ចំនួន​០២​រដូវ​កាល​ជាប់​គ្នា ក្រសួងពាណិជ្ជកម្ម​បាន​ជ្រើស​រើសយក​រាជធានី​-​ខេត្ត​ចំនួន​០៦ ធ្វើជា​កន្លែង​រៀបចំ​យុទ្ធនា​ការទិញ​ផលិតផល​ខ្មែរ​រដូវ​កាល​ទី​៣ ដោយ​ចាប់ផ្តើម​ពី​ខេត្តបន្ទាយមានជ័យ រួច​បន្ត​ទៅដល់​ខេត្តកណ្តាល កំពង់ឆ្នាំង ព្រៃវែង កោះកុង និង​បិទ​បញ្ចប់​នៅ​រាជធានី​ភ្នំពេញ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម