ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រកួតប្រដាល់ ដណ្ដើមខ្សែក្រវាត់ សម្ដេចពិជ័យសេនា ទៀ បាញ់ លើសង្វៀនស្ថានីយ៍ទូរទស្សន៍ប៉ុស្ដិ៍លេខ៥ (TV5) នាយប់ថ្ងៃទី៩ តុលា អ្នកប្រដាល់ដែលមានរហស្សនាមថា រាហ៊ូមាស ឈុត សេរីវ៉ាន់ថង ក្លិបរាហ៊ូកីឡា ខេត្តបាត់ដំបង បានយកឈ្នះអ្នកប្រដាល់ វ៉ាន់ វឿន ក្លិបឃ្លាំងមឿងកីឡា ជាឯកច្ឆន្ទតែម្ដង ។

ជ័យជំនះនេះ បានធ្វើឲ្យ ២ ប្រកួតរបស់វ៉ាន់ថង បានទទួលជ័យជំនះ ទាំង២ ប្រកួត ក្នុងខណៈដែល ២ ប្រកួតរបស់របស់ វ៉ាន វឿន ឈ្នះបាន ១ ប្រកួត និងចាញ់ ១ ប្រកួត។ ពេលនេះ ក្នុងចំណោមជើងខ្លាំងទាំងរូប ឈុត សេរីវ៉ាន់ថង មានពិន្ទុនាំមុខគេ ជាបណ្ដោះអាសន្នហើយ ។

ប្រកួតក្នុងព្រឹត្តិការណ៍ដណ្ដើមខ្សែក្រវាត់ សម្ដេចពិជ័យនេះដែរ អ្នកប្រដាល់ រិន ដេវីដ ក្លិប
នាគរាជចតុមុខ បានយកឈ្នះអ្នកប្រដាល់ជើងចាស់ សៀវ ង៉ុយ មុនស្នូរជួង បញ្ចប់ទឹកទី៤។ ដេវីដ បានវាយប្រហារជើងក្រោម ខាងឆ្វេងរបស់សៀវ ង៉ុយ បណ្ដាលឲ្យខូចមិនអាចបន្ត ការប្រកួតបានតទៅទៀត។

ពេលនេះ ២ ប្រកួតរបស់ រិន ដេវីដ បានទទួលជ័យជំនះ ១ ប្រកួត និង ចាញ់ ១ ប្រកួត ចំពោះ២ ប្រកួតរបស់ សៀវ ង៉ុយ គឺចាញ់ទាំង ២ ប្រកួតតែម្ដង ។

ចំពោះការប្រកួតជាមិត្តភាព ជាមួយអ្នកប្រដាល់ថៃ វិញនោះ អ្នកប្រដាល់កម្ពុជា បឺត សង្ឃឹម ក្លិបបែនកាក់គុនខ្មែរ បានយកឈ្នះអ្នកប្រដាល់ថៃ Say Mungkhun នៅក្នុងទឹកទី៣។ ប្រកួតជាមួយអ្នកប្រដាល់ថៃដែរនោះ អ្នកប្រដាល់កម្ពុជា ឃន សុម៉ាលី ក្លិបមេសរថ្ងក ខេត្តស្វាយរៀង បានយកឈ្នះអ្នកប្រដាល់ថៃ Phat Nakhorn ដោយពិន្ទុ បន្ទាប់ពីប្រកួតគ្នា ៥ ទឹកពេញនោះ ។

រីឯការប្រកួតជាមិត្តភាព រវាងអ្នកប្រដាល់រួមជាតិវិញនោះ អ្នកប្រដាល់ សរ ធារ៉ា ក្លិបសរសី ខេត្តកណ្ដាល បានយកឈ្នះអ្នកប្រដាល់ ហាន់ ពី ក្លិបរាហ៊ូកីឡា ខេត្តបាត់ដំបង ដោយពិន្ទុ ៕/V-PC