ប្រែសម្រួលៈបំណង(ស្ត្រេតថែមស៍)៖ ការបាញ់កាំជ្រួចបន្តបន្ទាប់របស់កូរ៉េខាងជើងនៅមួយរយៈពេលចុងក្រោយនេះគឺធ្វើដូចជាបាញ់សព្វាវុធនុយក្លេអ៊ែរកលយុទ្ធលើកូរ៉េខាងត្បូងដើម្បីជាការព្រមានបន្ទាប់ពីកូរ៉េខាងត្បូងនិងអាម៉េរិករួមគ្នាធ្វើសមយុទ្ធទ័ពជើងទឹកដ៏ធំកាលពីសប្តាហ៍មុន នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានកូរ៉េ KCNA កាលពីថ្ងៃចន្ទ។

កូរ៉េខាងជើងបានបាញ់កាំជ្រួចផ្លោងពីរគ្រាប់កាលពីថ្ងៃអាទិត្យ ដែលជាការបាញ់លើកទីប្រាំពីរគិតចាប់តាំងពីថ្ងៃ២៥កញ្ញាមក។

KCNAបាននិយាយថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានដឹកនាំសមយុទ្ធក្រុមប្រតិបត្តិការនុយក្លេអ៊ែរនៅពីរសប្តាហ៍មកនេះដែលរួមមានកាំជ្រួចផ្លោងផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរក្លែងក្លាយផង ដើម្បីបញ្ជូនសារខ្លាំងក្លាមួយសំរាប់រារាំងសង្រ្គាម។

គីម ជុងអ៊ុន ត្រួតមើលការបាញ់កាំជ្រួចមួយនៅទីតាំងដែលគេមិនបញ្ចេញប្រាប់នៅកូរ៉េខាងជើង

សារព័ត៌មានខាងលើបាននិយាយថា ការសាកល្បងផ្សេងៗបានធ្វើដូចជាវាយប្រហារលើគោលដៅបញ្ជាការយោធា កំពង់ផែនិងធ្វើអោយគាំងអាកាសយានដ្ឋាននៅកូរ៉េខាងត្បូង។«ប្រសិទ្ធភាពនិងសមត្ថភាពប្រយុទ្ធរបស់កងកម្លាំងនុយក្លេអ៊ែររបស់យើងបានបង្ហាញពេញលេញថាវាត្រៀមខ្លួនជាស្រេចដើម្បីកំទេចគោលដៅនៅពេលណាមួយចេញពីទីតាំងណាមួយ»។

វាបានបន្តថា «សូម្បីតែសត្រូវបន្តនិយាយអំពីការចរចា យើងគ្មានអ្វីត្រូវចរចានិយាយគ្នាទេហើយក៏គ្មានអារម្មណ៍ធ្វើដូច្នេះដែរ»។

KCNAបាននិយាយថាគណបក្សកម្មករកាន់អំណាចរបស់កូរ៉េខាងជើងបានសំរេចចិត្តធ្វើសមយុទ្ធដូច្នេះ ជាការឆ្លើយតបនឹងសមយុទ្ធយោធាទ្រង់ទ្រាយធំរបស់កងកម្លាំងអាម៉េរិកនិងកូរ៉េខាងត្បូង ដែលរួមមាននាវាដឹកយន្តហោះនិងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរផង៕

សូមបញ្ជាក់អាម៉េរិកនិងកូរ៉េខាងត្បូងបានធ្វើសមយុទ្ធទ័ពជើងទឹកជាមួយគ្នាដោយមានការចូលរួមពីនាវាដឹកយន្តហោះផងកាលពីថ្ងៃសុក្រ