ដោយៈ សុក្ខារិន / ពោធិ៍សាត់៖ នាថ្ងៃទី៩ ខែតុលា ឆ្នាំ២០២២ លោក ហ៊ុន ម៉ានី តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាននាំយកអាវរងា និងគ្រឿងឧបភោគបរិភោគមួយចំនួន មកចែកជូនដល់កងកម្លាំងប្រដាប់អាវុធ នៅអង្គភាពកងពលតូចអន្តរាគមន៍លេខ១៤ ដែលឈរជើងនៅភ្នំបាយឃ្លះ ស្ថិតក្នុងឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ហើយ ក្នុងឱកាសនេះ លោក បានរំលឹកពីការណែនាំរបស់សម្តេចតេជោ និងលោកបណ្ឌិត ហ៊ុន ម៉ាណែត ឱ្យបន្តគិតគូរ និងឧបត្ថម្ភគាំទ្រដល់កងទ័ព។

បន្ទាប់ពីមតិស្វាគមន៍ និងរបាយការណ៍សង្ខេបរបស់លោកឧត្តមសេនីយ៍ទោ គឹម សេងងន មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១៤ អំពីភូមិសាស្ត្រ ការងារអភិវឌ្ឍន៍ ស្ថានភាពជីវភាពរស់នៅ និងសកម្មភាពការងាររបស់កងទ័ព ក្នុងអង្គភាពរួចមក លោក ហ៊ុន ម៉ានី បានមានប្រសាសន៍ ដោយបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ​និងថ្លែងអំណរគុណ ពីសំណាក់លោកបណ្ឌិត ហ៊ុន ម៉ាណែត ដែលកំពុងជាប់បំពេញបេសកកម្មក្រៅប្រទេស ជូនទៅដល់កងកម្លាំងគ្រប់រូប ដែលបានលះបង់កម្លាំងកាយចិត្ត ក្នុងការបំពេញភារកិច្ច ប្រចាំនៅភូមិសាស្រ្ត ទទួលខុសត្រូវរបស់ខ្លួន បានល្អប្រសើរ។

លោកបានបន្ថែមទៀតថាៈ ទាំងសម្តេចតេជោ និងលោក ហ៊ុន ម៉ាណែត តែងតែណែនាំ ដល់លោក និងសមាជិកក្រុមគ្រួសារ​អំពីគុណតម្លៃ និងភាពអង់អាចក្លាហានកងទ័ព ព្រមទាំងបានផ្តល់ឱកាស ក្នុងការហ្វឹកហាត់ លត់ដំសមត្ថភាព និងស្វែងយល់ពីស្មារតី ឆន្ទៈ របស់នាយទាហាន នាយទាហានរង និងពលទាហាន នៅតាមខ្សែបន្ទាត់ព្រំដែន ក្នុងបុព្វហេតុការពារទឹកដី និងប្រជាជន។

លោកបានគូសបញ្ជាក់ថាៈ កងទ័ព មិនត្រឹមតែបំពេញតួនាទី ក្នុងវិស័យការពារជាតិ ប៉ុណ្ណោះទេ តែក៏បានចូលរួមការងារសង្រ្គោះប្រជាពលរដ្ឋ ដែលជួបគ្រោះមហន្តរាយផ្សេងៗ ជាពិសេសក្នុងកាលៈទេសៈដែលក្នុងភូមិសាស្រ្ត កំពុងប្រុងជើងការ ចំពោះគ្រោះទឹកជំនន់ ។

លោក ហ៊ុន ម៉ានី បានអបអរសាទរ និងកោតសរសើរ ចំពោះការប្តេជ្ញាចិត្តដ៏មោះមុតរបស់ កងពលតូចអន្តរាគមន៍លេខ១៤ ខេត្តពោធិ៍សាត់ ក្នុងការការពារបូរណភាពដែនដី ការពារ រដ្ឋធម្មនុញ្ញ ការពារលទ្ធិប្រជាធិបតេយ្យ ការពារព្រះមហាក្សត្រ និងការពាររាជរដ្ឋាភិបាល ស្របច្បាប់ ដែលប្រសូតចេញពីការបោះឆ្នោត ឱ្យខាងតែបាន ទោះក្នុងតម្លៃណាក៏ដោយ។

លោក ហ៊ុន ម៉ានី បានបញ្ជាក់ជូនដល់មេបញ្ជាការ មេបញ្ជាការង និងកងកម្លាំងទាំងអស់ ចំពោះការបេ្តជ្ញាគាំទ្រ បេក្ខភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី នៅអាណត្តិបន្ទាប់ និងគាំទ្របេក្ខភាពលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តី បន្តវេន នាពេលអនាគត។

សូមបញ្ជាក់ថា តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានចាត់ឱ្យលោក ហ៊ុន ម៉ានី ចុះជួបសំណេះសំណាល និងនាំយកអាវរងា ចែកជូនដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ប្រចាំយោធភូមិភាគទី៥ នៅតាមបញ្ជាការដ្ឋានទិសទាំងអស់។

ជាក់ស្ដែង ថ្ងៃនេះ លោកបានមកដល់កងពលតូចអន្តរាគមន៍លេខ១៤ ខេត្តពោធិ៍សាត់ ដោយបាននាំយកនូវអាវរងា ស្បៀងអាហារ និងសម្ភារៈមួយចំនួន មកឧបត្ថម្ភផងដែរ ៕/V-PC