ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ លោក សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងអគ្គលេខាធិការ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) លោក ទេព រិទ្ធីវិទ្ធ អគ្គលេខាធិការ នៃសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា តំណាងប្រធានសហព័ន្ធ នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ នៅទីលានរបស់សហព័ន្ធ នៃពហុកីឡដ្ឋានជាតិអូឡាំពិក បានអញ្ជើញជួប សំណេះសំណាល ជាមួយក្រុមកីឡាករជម្រើសជាតិវាយកូនបាល់កម្ពុជា មុនចេញទៅចូលរួម ព្រឹតិ្តការណ៍ ការប្រកួតកីឡាវាយកូនបាល់ Davis Cup នៅប្រទេសបារ៉ែន។

លោក សុខ ចិន្តាសោភា បានមានប្រសាសន៍ថាៈ ក្រោយពីលោកបានទស្សនាការប្រកួត របស់កីឡាករ Bun kenny សមាជិកក្រុមជម្រើសជាតិកម្ពុជាយើង ឡើងវគ្គពាក់កណ្តាល ផ្តាច់ព្រ័ត្រ នៃព្រឹត្តិការណ៍ M25 Futures, Hai Dang Cup 2022 នៅទីក្រុងតៃនិញ ប្រទេសវៀតណាម នាពេលថ្មីៗនេះ បានធ្វើឲ្យរូបលោក កាន់តែចាប់ អារម្មណ៍យ៉ាងខ្លាំង ចំពោះប្រភេទកីឡាមួយនេះ។

លោកក៏បានទាក់ទងលោក ទេព រិទ្ធីវិទ្ធ អគ្គលេខាធិការ នៃសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា ដើម្បីជួបសំណេះសំណាល ជាមួយក្រុមកីឡាករជម្រើសជាតិ ព្រោះលោកដឹងថា នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ ខាងមុខនេះ ក្រុមកីឡាករ យើងនឹងចេញទៅប្រកួតកីឡាវាយកូនបាល់ Davis Cup នៅប្រទេសបារ៉ែន ។

លោកបានបន្តថាៈ ការប្រកួតកីឡាវាយកូនបាល់ Davis Cup នៅប្រទេសបារ៉ែន មានសារសំខាន់ណាស់ ដោយក្រុមកីឡាករយើង បានកាន់ទង់ជាតិកម្ពុជា លើកឆាកអន្តរជាតិ នៅពេលប្រកួត ហើយក៏ជាការឈានជើងមួយទៀត អ្វីដែលសំខាន់នោះ គឺឆ្នាំក្រោយនេះ ប្រទេសកម្ពុជា ធ្វើម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ ឆ្នាំ២០២៣។

លោក ទេព រិទ្ធីវិទ្ធ អគ្គលេខាធិការ នៃសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា ក៏បានមាន ប្រសាសន៍ថាៈ រូបលោកតំណាងឲ្យប្រធានសហព័ន្ធ ថ្លែងអំណរគុណដល់លោក សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងអគ្គលេខាធិការ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដែលគាំទ្រសហព័ន្ធជានិច្ច ទំាងកម្លាំងកាយកម្លាំងចិត្ត ដល់ក្រុមកីឡាករជម្រើស ជាតិវាយកូនបាល់កម្ពុជា ជាពិសេសការប្រកួតកីឡាវាយកូនបាល់ Davis Cup នៅប្រទេសបារ៉ែន។

សូមបញ្ជាក់ថា សម្រាប់ព្រឹត្តិកាណ៍ Davis Cup ពេលនេះ កម្ពុជាកំពុងតែលេងនៅក្នុង ក្រុម៤ ហើយសម្រាប់ការប្រកួតលើកនេះកម្ពុជា សង្ឃឹមថា នឹងបានឡើងទៅលេងក្រុម៣ ដែលជាក្រុមដែលមានលំដាប់ខ្ពស់ជាងនេះ ជាមិនខានឡើយ៕/V-PC