​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ អាជ្ញាធរ​បាន​និយាយថា អ្នក​ធ្វើ​យុទ្ធនាការ​សិទ្ធិមនុស្ស​ហ្វីលីពីន​ដែល​ជាប់គុក លោកស្រី ឡីឡា ដឺ លី​ម៉ា (Leila de Lima) ត្រូវបាន​ចាប់​ធ្វើ​ជា​ចំណាប់ខ្មាំង​​មួយ​ស្របក់​កាលពី​ថ្ងៃអាទិត្យ​ទី​៩​តុលា ក្នុងអំឡុង​ការប៉ុនប៉ង​ហែក​គុក​ពី​សំណាក់​ក្រុម​សកម្មប្រយុទ្ធ​ជាប់គុក​បីនាក់ ដែល​ក្រោយមក​ត្រូវបាន​ប៉ូលិស​បាញ់សម្លាប់​។​

​ឧបទ្ទវហេតុ​នេះ​បាន​កើតឡើង​នៅ​ទីស្នាក់ការ​ប៉ូលិស​ជាតិ កន្លែង​ដែល​លោកស្រី​ដឺ​លី​ម៉ា ជា​អតីត​ព្រឹទ្ធ​សមាជិក ត្រូវបាន​ឃុំខ្លួន​អស់​រយៈពេល​ជាង​ប្រាំ​ឆ្នាំ​ជាមួយ​អ្នក​ជាប់​ឃុំ​មាន​ឋានៈ​ខ្ពស់​ផ្សេងទៀត​ជាច្រើន​។​

​មន្ត្រីប៉ូលិស​ម្នាក់ ដែល​ដើរ​ផ្តល់​អាហារ​ពេលព្រឹក ត្រូវបាន​អ្នកទោស​ម្នាក់​ប្រើ​សម​ចាក់​ចំ​កំភួនដៃ ហើយ​បន្ទាប់មក​បាន​រំដោះ​អ្នកទោស​ពីរ​នាក់​ទៀត​ចេញ​ពី​បន្ទប់​គុក​របស់​ពួកគេ​។​

​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ លោក បិនចា​មីន អា​បា​ឡូ​ស (Benjamin Abalos) បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា អ្នកទោស​ពីរ​នាក់​ត្រូវបាន​បាញ់សម្លាប់​ដោយ​ក្រុម​អ្នក​លប​បាញ់កាំភ្លើង​ស៊ី​ប​។​

​អ្នកទោស​ទី​បី​បាន​រត់​ទៅ​បន្ទប់​គុក​របស់​លោកស្រី​ដឺ​លី​ម៉ា​។ លោក​អា​បា​ឡូ​ស​បាន​និយាយថា ពួកគេ​បាន​ចាប់ចង​និង​បិទ​ភ្នែក​ស្ត្រី​អាយុ ៦៣ ឆ្នាំ​រូប​នេះ មុនពេល​ប៉ូលិស​បាញ់​គេ​ចំក្បាល​។​

​លោកស្រី​ដឺ​លី​ម៉ា​បាន​និយាយថា អ្នកទោស​បាន​ចាប់​ភ្ជង់​លោកស្រី​នឹង​កាំបិត ហើយ​គំរាម​សម្លាប់​លោក​ស្រី​។ លោកស្រី​បាន​សរសើរ​ប៉ូលិស​ថា​បាន​ជួយ​ជីវិត​លោកស្រី​។​

​លោកស្រី​បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​ការ​ដែល​នៅ​ជិត​សេចក្តីស្លាប់​បាន​ធ្វើឱ្យ​ខ្ញុំ​កាន់តែ​ឱ្យ​តម្លៃ​ដល់​ជីវិត​”​។​

​ប៉ូលិស​បាន​និយាយថា ស្ថានភាព​នៅក្នុង​កន្លែង​ឃុំឃាំង​បាន “​វិល​មករក​ភាពប្រក្រតី​វិញ​” ហើយ​ការស៊ើបអង្កេត​កំពុងដំណើរការ​។​

​មេ​ប៉ូលិស លោក​ឧត្តមសេនីយ៍ រ៉ូ​ដូល​ហ្វូ អា​ហ្សូ​រីន (Rodolfo Azurin) បាន​និយាយថា អ្នកទោស​ទាំង​បី​នាក់​គឺជា​សមាជិក​នៃ​ក្រុម​សកម្មប្រយុទ្ធ​អា​ប៊ូ​សៃយ៉ា​ហ្វ (Abu Sayyaf) ដែល​ត្រូវបាន​​ចោទប្រកាន់​ពីបទ​ចាប់ជំរិត​និង​កាត់​ក្បាល​ជនបរទេស​ជា​ច្រើន​នាក់​។​

​លោក​អា​ហ្សូ​រីន​បាន​ប្រាប់​ស្ថានីយ​វិទ្យុ​ក្នុងស្រុក DZBB​ថា លោកស្រី​ដឺ​លី​ម៉ា​ហាក់​មិនមែនជា​គោលដៅ​នោះ​ទេ​។​

​លោក​បាន​និយាយថា “​ពួក​គេ​មើលឃើញ​លោកស្រី​ជា​ខែល​ការពារ​ដ៏​ល្អ​មួយ​។ បំណង​របស់​ពួកគេ​គឺ​ពិតជា​ចង់​រត់គេចខ្លួន​”៕

លោកស្រី ឡីឡា ដឺ លី​ម៉ា មិន​បាន​រងរបួស​ពី​ការចាប់​ធ្វើ​ចំណាប់ខ្មាំង​នោះទេ​