​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ អាជ្ញាធរ​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ទី​៩​តុលា​ថា​ការ​រអិល​បាក់​ដី​ដែល​បង្កឡើង​ដោយ​ទឹកជំនន់​និង​ភ្លៀង​ធ្លាក់​ខ្លាំង​ជា​ច្រើន​ថ្ងៃ​បាន​គ្របដណ្តប់​លើ​ទីប្រជុំជន​​មួយ​នៅ​កណ្តាល​ប្រទេស​វ៉េណេស៊ុយ​អេ​ឡា បណ្តាលឱ្យ​មនុស្ស​យ៉ាងតិច​២២​នាក់​ស្លាប់ ខណៈ​វា​បាន​អូស​យក​ភក់ ថ្ម និង​ដើមឈើ​ឆ្លងកាត់​សង្កាត់​នានា​។ មនុស្ស​រាប់​សិប​នាក់​កំពុង​បាត់​ខ្លួន​។​

​អ្នកស្រុក​នៅ​សង្កាត់​ឡាស​តេជើ​រី​អាស (Las Tejerías) ក្នុង​ទីប្រជុំជន​សាន់​តូ​ស​មីឆេ​លីណា (Santos Michelena) ដែល​ជា​ទីប្រជុំជន​កសិឧស្សាហកម្ម​ក្នុង​រដ្ឋ​អា​រ៉ាគួ (Aragua)​ស្ថិត​​នៅ​ចម្ងាយ ៨៧ គីឡូម៉ែត្រ​ពី​ភាគ​និរតី​ទីក្រុង​កា​រ៉ា​កាស (Caracas) មាន​ពេល​ត្រឹម​តែ​ប៉ុន្មាន​វិនាទី​ប៉ុណ្ណោះ​ដើម្បី​ទៅ​ដល់​កន្លែង​សុវត្ថិភាព​កាលពី​ល្ងាច​ថ្ងៃ​សៅរ៍​ខណៈ​កម្ទេចកម្ទី​បាន​ហូរ​ចុះ​ពី​​លើ​ភ្នំ​មក​លើ​ពួកគេ​។​

​អនុ​ប្រធានាធិបតី លោកស្រី ឌែ​ល​ស៊ី រ៉ូ​ឌ្រី​ហ្គេស (Delcy Rodríguez) បាន​ប្រាប់​ទូរទស្សន៍​រដ្ឋ Venezolana de Televisión ថា​ចំនួន​អ្នកស្លាប់​ជា​ផ្លូវការ​បាន​កើនឡើង​ដល់ ២២ នាក់ បន្ទាប់ពី​រកឃើញ​សាកសព​ចំនួន ២០ នាក់​កាលពី​ថ្ងៃអាទិត្យ​។​

​លោកស្រី​បាន​និយាយ​ពី​កន្លែង​កើត​ហេតុ​នៃ​គ្រោះមហន្តរាយ​ថា “​មានការ​រអិល​បាក់​ដី​ដ៏​ធំ​មួយ​នៅ​កណ្តាល​សង្កាត់​ឡាស​តេជើ​រី​អាស កន្លែង​ដែល​ស្ទឹង​ចំនួន​៥​បាន​ពេញ​ហៀរ​។ យើង​បាន​រកឃើញ​មនុស្ស​ស្លាប់​២២​នាក់​រួច​ហើយ ហើយ​ជាង​៥២​នាក់​ទៀត​កំពុង​បាត់​ខ្លួន​”​។​

​លោកស្រី​រ៉ូ​ឌ្រី​ហ្គេស​បាន​និយាយថា “​នៅ​មាន​មនុស្ស​នៅជាប់​ក្នុងផ្ទះ​។ យើង​កំពុង​ព្យាយាម​ជួយសង្គ្រោះ​ពួកគេ ជួយ​ទាំង​រស់​”​។​

​លោក​ស្រី​និយាយថា ជម្រក​នឹង​ត្រូវ​បង្កើតឡើង​សម្រាប់​អ្នក​ដែល​បាត់បង់​ផ្ទះសម្បែង​៕

​មនុស្ស​២២​នាក់​ស្លាប់​និង​៥២​នាក់​កំពុង​បាត់​ខ្លួនដោយ​ការ​រអិល​បាក់​ដី​ដែល​បង្កឡើង​ដោយ​ទឹកជំនន់​និង​ភ្លៀង​ធ្លាក់​ខ្លាំង​ជា​ច្រើន​ថ្ងៃ​បាន​គ្របដណ្តប់​លើ​ទីប្រជុំជន​​មួយ​នៅ​កណ្តាល​ប្រទេស​វ៉េណេស៊ុយ​អេ​ឡា