ដោយៈ ភ្នំស្វាយ / បន្ទាយមានជ័យៈ អាជ្ញាធរ មានសមត្ថកិច្ចនៅខេត្តបន្ទាយមានជ័យ បានកោតសរសើរ លើកទឹកចិត្ត វិស័យឯកជននានា រួមទាំងសាលាអន្តរជាតិ ស្មាតវើលដ៍ នៅក្រុងសិរីសោភ័ណ ចូលរួមបណ្តុះបណ្តាលធនធានមនុស្ស នៅមូលដ្ឋាននានាក្នុងខេត្ត។

លោក លី សុវណ្ណារឹទ្ធិ អភិបាលរងខេត្តបន្ទាយមានជ័យ បានថ្លែងដូចខាងលើ កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២២ ក្នុងពិធីបើកបវេសនកាល ឆ្នាំសិក្សា ២០២២-២០២៣ ប្រគល់វិញ្ញាបន បត្រ បញ្ចប់ឆ្នាំសិក្សា ប័ណ្ណសរសើរ វិញ្ញាបនបត្រឆ្លងភូមិសិក្សា ជូនដល់សិស្សានុសិស្ស ទទួលលទ្ធផលឆ្នើម របស់សាលាអន្តរជាតិស្មាតវើលដ៍ (International Smart World School) នៅក្រុងសិរីសោភ័ណ ទាំងកម្មវិធីសិក្សាជាតិ និងអន្តរជាតិ ប្រចាំឆ្នាំ សិក្សា ២០២១-២០២២ ដែល បានរៀបចំដោយសាលានេះ នៅសាលប្រជុំធំសាលា ខេត្តបន្ទាយមានជ័យ ។

នាឱកាសនោះ សិស្សជាអ្នកចាត់តាំងកម្មវិធី បានប្រកាសហេតុ និងកម្មវិធីនានា ដូចជា ការគោរពទង់ជាតិ ការស្មឹងស្មាធគោរពគុណមាតាបិតា ការសម្តែងកាយវិការប្រធានបទ “កូនមានតឿ” របាំសារ៉ាវ៉ាន់ ការសម្តែងរឿងខ្លី ” ការភ្ញាក់រលឹក ” ជាដើម ។

លោកស្រី លី លីនណា នាយិកាសាលាអន្តរជាតិស្មាតវើលដ៍ ក្រុងសិរីសោភ័ណ បានលើកឡើងថាៈ ពិធីនេះ បង្ហាញពីនិមិត្តរូប លទ្ធផលនៃការបណ្តុះបណ្តាល ដែលជា បេសសកកម្មរបស់សាលា និងក៏ជាបំណងប្រាថ្នារបស់អាណាព្យាបាល ឬមាតាបិតាសិស្ស ដូចដែលមានន័យថា ” កូនៗជាទីស្រឡាញ់ស្មើកែវភ្នែក មិនបានផ្តល់អំណោយមាសប្រាក់ ឡានទំនើប ឬបាច់ផ្កាដល់ឪពុកម្តាយ ឬអាណាព្យាបាលទេ ប៉ុន្តែកូនៗ បានទទួល វិញ្ញាបនប័ត្រ ឆ្លងភូមិសិក្សា វិញ្ញាបនប័ត្រផ្សេងៗ ប័ណ្ណសរសើរ នូវស្នាដៃឆ្នើម ” ហើយជា សំណាង ផងដែរ ដែលបានកើត រស់នៅ និងបានរៀនសូត្រ ក្នុងសម័យតេជោសែននេះ ។

លោកស្រី លី លីនណា បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ដែលបានអុនុញ្ញាតឱ្យ គ្រឹះស្ថានសិក្សាឯកជនរបស់លោកស្រី ចូលរួមចំណែកបណ្តុះបណ្តាលធនធានមនុស្ស ក្រោមការត្រួតពិនិត្យរបស់ក្រសួង និងមន្ទីរអប់រំ យុវជន និងកីឡា ដើម្បីលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងសីលធម៌ នៃការអប់រំថ្នាក់មត្តេយ្យ រហូតដល់ថ្នាក់ទី១២ ។

លោកស្រី លី លីនណា បានបន្តថាៈ ដោយឈរលើគុណភាពជាចម្បង សាលាអន្តរជាតិ ស្មាតវើលដ៍ មានប្រវត្តិបង្កើតឡើង នៅឆ្នាំ២០១៧ និងការអភិវឌ្ឍដោយមានរចនាសម្ព័ន្ធ គ្រប់គ្រង និងដំណើរការដោយគ្រូបង្រៀន និងបុគ្គលិកបម្រើការ និងមានអគារសិក្សា មូលដ្ឋានសម្ភារៈ ឧបទ្ទេសល្អ ទំនើបទាន់សម័យសមស្រប ។ ក្នុងនោះ ពីឆ្នាំ២០១៨ មកទល់ឆ្នាំ២០២២ នេះ សាលា បានទទួលឱ្យសិស្សពីមត្តេយ្យ ដល់អនុវិទ្យាល័យ ចូលរៀនរាប់រយនាក់ ។ ក្នុងនោះ សាលាបានរកឃើញសិស្សឆ្នើម រៀនពូកែជាច្រើននាក់ ។ សិស្សជ័យលាភី ត្រូវទទួលវិញ្ញាបនប័ត្រ បញ្ចប់កម្រិតមត្តេយ្យសិក្សា បឋមសិក្សា វិញ្ញាបនប័ត្រក្បាច់គិតលេខរហ័សប៉ាម៉ា វិញ្ញាបនប័ត្រប្រឡងគណិតវិទ្យាការិប៊ុយ ប័ណ្ណសរសសើរ IQ លេខ៣ នៃសិស្សថ្នាក់អន្តរជាតិ ចំនួន ៣ នាក់ វិញ្ញាបនប័ត្រ ប្រឡងTeenagle ប័ណ្នសរសើរសិស្សឆ្នើម ប្រចាំឆមាសទី១ និងប្រចាំឆ្នាំ ទាំងកម្មវិធី សិក្សាជាតិ និងអន្តរជាតិ ចំនួន ១៩៨ នាក់ /ស្រី៧៨នាក់ ។

លោក លី សុវណ្ណារឹទ្ធិ អភិបាលរងខេត្ត បានថ្លែងបន្តថាៈ នេះជាស្ពាន ក្នុងការផលិតនូវ ធនធានមនុស្ស ដែលពោរពេញទៅដោយចំណេះដឹង ជំនាញសមត្ថភាព ទេពកោសល្យ និងបច្ចេកទេស ។

ក្នុងនាមរដ្ឋបាលខេត្ត និងលោកផ្ទាល់ លោកសូមសម្តែងនូវសេចក្តីអបអរសាទរ យ៉ាងស្មោះស្ម័គ្រ ចំពោះសាលាអន្តរជាតិស្មាតវើលដ៍ បានខិតខំចូលរួមយ៉ាងសកម្ម រួមចំណែកជាមួយ រាជរដ្ឋាភិបាល ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ថ្នាក់មតេ្តយ្យ បឋមសិក្សា និងមធ្យមសិក្សា និងបានចំណាយធនធាន ដើម្បីកសាង អគារសិក្សា ស្របតាមនិយាមគរុកោសល្យ និងបំពាក់សម្ភារៈរូបវ័ន្តទំនើបៗ។

ម្យ៉ាងវិញទៀត លោកសូមវាយតម្លៃខ្ពស់ ចំពោះវឌ្ឍនភាពរបស់សាលា និងកោតសរសើរ ថ្នាក់ដឹកនាំខេត្ត រួមជាមួយនឹងមន្ទីរអប់រំ យុវជន និងកីឡា ខេត្តបន្ទាយមានជ័យ អាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ គណៈគ្រប់គ្រងសាលា បុគ្គលិក លោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាល ព្រមទាំងសិស្សានុសិស្សទាំងឡាយ ដែលបានខិតខំប្រឹងប្រែង អស់ពី សមត្ថភាព និងយកចិត្តទុកដាក់ ទាំងកម្លាំងកាយចិត្ត សហការគ្នា យ៉ាងរលូនកន្លងមក។ ពោលគឺ ដើម្បីជំរុញផ្តល់ចំណេះដឹងដល់ ការសិក្សារៀនសូត្រ របស់សិស្សានុសិស្ស តាំងពីកុមារភាព ឱ្យទទួលបានលទ្ធផល ដ៏គួរជាទីមោទនៈ ដូចដែលបានឃើញនៅ ចំពោះមុខនេះ៕/V-PC