ដោយ៖ រ៉ាម៉ន / ភ្នំពេញ៖ តាមការឱ្យដឹងពីមន្ត្រីសាលាចំការមនថា អនុវត្តតាមបទបញ្ជាដ៏ ម៉ឹងម៉ាត់ របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃអាទិត្យ ទី៩ ខែតុលា ឆ្នាំ២០២២ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌចំការមន ដឹកនាំដោយលោក កៀង ល័ក្ស អភិបាលខណ្ឌចំការមន បានចុះត្រួតពិនិត្យទីតាំង ក្នុងផ្សារបឹងត្របែក ផ្លាហ្សា ដែលស្ថិតនៅ ផ្លូវលេខ៤៦៦ ភូមិ៦ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយសង្ស័យថា មានបង្កប់ លេងល្បែងស៊ីសងខុសច្បាប់ ។

ក្នុងប្រតិបត្តិការនេះ ក៏មានការចូលរួមពីលោកអភិបាលរងខណ្ឌ, លោកមេបញ្ជាការរង កងរាជអាវុធហត្ថខណ្ឌ, លោកប្រធាន-អនុប្រធាន ការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍ សហគមន៍ខណ្ឌ, លោកចៅរងទី១ សង្កាត់បឹងត្របែក, លោកនាយប៉ុស្ដិ៍នគរបាលរដ្ឋបាល បឹងត្របែក, លោកប្រធានសន្ដិសុខផ្សារបឹងត្របែក, លោកប្រធានសន្ដិសុខ ខារ៉ាអូខេជាន់ទី៤ និងមន្ត្រីពាក់ព័ន្ធ។

ក្រុមការងារ បានចុះមកដល់ទីតាំងផ្សារ បានពិនិត្យឃើញថាៈ -ជាន់ក្រោមដី ជាចំណតម៉ូតូ
-ជាន់ Eo(ផ្ទាល់ដី) ជាកន្លែងសម្រាប់បងប្អូនអាជីវករលក់ដូរធម្មតា -ជាន់ទី១ ជាទីស្នាក់ការរបស់ផ្សារ, ជួលជាការិយាល័យចំនួន ៤បន្ទប់ និងផ្នែកកណ្ដាលជាលំហរ
-ជាន់ទី២ និងទី៣ ជាចំណតយានយន្ត -ជាន់ទី៤ ជាទីតាំងខារ៉ាអូខេ មានចំនួន ១៧ បន្ទប់ និងបន្ទប់សម្រាប់បុគ្គលិកស្នាក់នៅ ចំនួន ១៣ បន្ទប់ ហើយមានអាជ្ញាប័ណ្ណទេសចរណ៍លេខ ៦៧០/២២ លអ.ច្រ ចុះថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២ ចេញដោយរដ្ឋបាលរាជធានីភ្នំពេញ និងវិញ្ញាបនបត្រចុះបញ្ជីលេខ MOC-89791950 ពណ.ចកបព ចុះថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ ចេញដោយក្រសួងពាណិជ្ជកម្ម។

ក្រោយមក ក្រុមការងារ បានចុះត្រួតពិនិត្យតាមបន្ទប់ខារ៉ាអូខេ និងបន្ទប់បុគ្គលិកទាំងអស់ ខាងលើ មិនបានរកឃើញទីតាំង ដែលសង្ស័យមានបង្កប់លេងល្បែងស៊ីសងខុសច្បាប់ ដូច តាមរូបភាពចុះផ្សាយរបស់អង្គភាពសារព័ត៌មាន កងមាស នោះឡើយ ។ តាមការសន្និដ្ឋាន តាមរូបភាព ដែលបានចុះផ្សាយខាងលើ ពុំមែននៅទីតាំងផ្សារបឹងត្របែក ផ្លាហ្សានោះទេ។

ក្នុងឱកាសនោះ ក្រុមការងារ បានណែនាំដល់ម្ចាស់ទីតាំងផ្សារខាងលើ ហាមមិនឱ្យមាន ការធ្វើអាជីវកម្មល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ រាប់តាំងពីកន្ទុយលេខ នៅក្នុងជួរអាជីវករ ដែលកំពុងធ្វើអាជីវកម្មឡើងទៅ៕ V / N

រូបថត ( អភិបាលខណ្ឌចំការមនដឹកនាំប្រតិប័ត្រការចុះពិនិត្យផ្សារបឹងត្របែកផ្លាស្សា )