ដោយៈ ប.ខុន / ភ្នំពេញៈ ចំនួនភ្ញៀវទេសចរជាតិ និងអន្តរជាតិ កាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ទី៨ និងទី៩ ខែតុលា មានចំនួនដល់ប្រមាណជា ១១ ម៉ឺននាក់ ក្រោយពីមានការដាក់ឱ្យ ប្រើប្រាស់សាកល្បងផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ដោយមិនយកប្រាក់ កាលពីថ្ងៃទី ១ ខែតុលា ឆ្នាំ២០២២ ដោយក្នុងមួយថ្ងៃ មានរថយន្តធ្វើចរាចរណ៍ចូលផ្លូវនេះ ចំនួនពី មួយម៉ឺន ដល់ជិតមួយម៉ឺនប្រាំពាន់គ្រឿង ហើយទិដ្ឋភាព ភ្ញៀវមកលេងតាមឆ្នេរ នៅថ្ងៃសៅរ៍ អាទិត្យ ធម្មតាមានចំនួនច្រើនបែបនេះ គេខកខានបានឃើញ តាំងពីឆ្នាំ២០១៧ មក។

លោក សរ កក្កដា អភិបាលក្រុងព្រះសីហនុ បានប្រាប់ឱ្យរស្មីកម្ពុជាឱ្យដឹង នៅថ្ងៃទី១០ ខែតុលា នេះថាៈ នៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ម្សិលមិញ (ថ្ងៃទី៨ និងទី៩ តុលា) នេះ ឃើញ មានភ្ញៀវមកពីរាជធានី និងខេត្តផ្សេងៗ បានមកលេងក្រុងព្រះសីហនុ ច្រើនប្លែក ដែលរូបភាពបែបនេះ កន្លងទៅ មានតែថ្ងៃបុណ្យ ឯថ្ងៃធម្មតា ដូចនេះ ខកខានឃើញតាំងពី ឆ្នាំ២០១៧ មកម្ល៉េះ។ ចំនួនអ្នកមកលេងខេត្តព្រះសីហនុ ចាប់ផ្តើមកើនឡើងនេះ បន្ទាប់ពីការបើកឱ្យប្រើប្រាស់សាកល្បង ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ដោយមិនយកប្រាក់ កាលពីថ្ងៃទី ១ ខែតុលា ឆ្នាំ២០២២ រួចមក។

លោកអភិបាលក្រុងព្រះសីហនុ បានបញ្ជាក់ថាៈ ភ្ញៀវដែលបានមកលេងមួយចំនួន បានត្រឡប់ទៅវិញ ដោយមិនបានសម្រាកយប់ នៅទីនេះទេ ដោយសារការធ្វើដំណើរ ងាយស្រួលទៅមកឆាប់រហ័ស។ ចំពោះកន្លែងស្នាក់នៅ មានមិនខ្វះ មានតម្លៃពី ១០ ទៅ ១៥ ដុល្លារ (អគារចាស់) អគារថ្មីស្អាត មានតម្លៃពី ៣០ ដុល្លារឡើង។ ចំពោះកន្លែងអាហារ ក៏មិនខ្វះដែរ នៅតាមផ្ទះ ដោយមានតម្លៃសមរម្យ លើកលែងតែហាងធំៗ ទើបថ្លៃ។ នៅតាមឆ្នេរសាធារណៈ មិនមានការលក់ដូរ តែមានកន្លែងអង្គុយលេង លេងទឹក និងមានទឹកស្អាត នៅតាមបន្ទប់ ទឹកសាធារណៈប្រើប្រាស់ ដោយមិនគិតលុយ។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានប្រាប់ឱ្យរស្មីកម្ពុជាដឹងថាៈ ចាប់តាំងពីផ្លូវ ល្បឿនលឿន បើកឱ្យប្រើប្រាស់សាកល្បង ដោយមិនគិតប្រាក់ រួចមក ឃើញថា មានភ្ញៀវច្រើនប្លែក បានមកលេងខេត្តព្រះសីហនុ។ នៅក្នុងមួយថ្ងៃ មានរថយន្តពីមួយម៉ឺន ទៅជិតមួយម៉ឺនប្រាំពាន់គ្រឿង បានធ្វើចរាចរណ៍​ចូលផ្លូវល្បឿនលឿន ដែលមួយចំនួន គឺបាន មកដល់ខេត្តព្រះសីហនុ។

តាមរបាយការណ៍របស់រដ្ឋបាលខេត្តព្រះសីហនុ​បង្ហាញឱ្យឃើញថា នៅថ្ងៃសៅរ៍ និងអាទិត្យ ទី៨ និងទី៩ ខែតុលា ឆ្នាំ២០២២ មានភ្ញៀវជាតិ និងអន្តរជាតិ ចំនួនប្រមាណជា ១១០.០០០ នាក់ បានមកលេងខេត្តព្រះសីហនុ។  កំណើនភ្ញៀវទេសចរនេះ បានកើនឡើង ក្រោយពីដាក់ ឱ្យប្រើប្រាស់ សាកល្បងផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ រយៈពេល ១ខែ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ ដោយមិនមានការបង់ប្រាក់ និងការអភិវឌ្ឍន៍ហេដ្ឋា រចនាសម្ព័ន្ធ ការរៀបចំការពារសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ បរិស្ថាន បានយ៉ាងល្អប្រសើរ ដែលជាការទាក់ ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចង់មកកម្សាន្ត ក្នុងខេត្តព្រះសីហនុ រួចមក៕/V-PC