ដោយ:សុខុម/ស្ទឹងត្រែង៖ រយៈពេលពីថ្ងៃចាប់ពីថ្ងៃទី៨ដល់ថ្ងៃទី៩ខែតុលាឆ្នាំ២០២២សមត្ថកិច្ចខាងជលផលបង្រ្កាបបានដោយដកហូតឧបករណ៍បទល្មើសនេសាទខុសច្បាប់ជាច្រើនត្រៀមកសាងសំណុំរឿងទៅតុលាការ។ប៉ុន្តែជនប្រព្រឹត្តិបានគេចខ្លួន
បាត់ក្នុងពេលបង្រ្កាប។នេះបើតាមការបញ្ជាក់របស់មន្រ្តីជលផលខេត្តស្ទឹងត្រែងប្រាប់រស្មីកម្ពុជានៅព្រឹកថ្ងៃទី១០ខែតុលានេះ។

លោក យាម សាវុន នាយផ្នែករដ្ឋបាលជលផលសេកុងបាននិយាយឱ្យដឹងថា ក្រោយទទួលបានការណែនាំពីលោកស្រី សម វិចិត្រ នាយខណ្ឌរដ្ឋបាលជលផលខេត្តស្ទឹងត្រែងមកលោកបានដឹកនាំមន្រ្តីឆ្មាំទន្លេចេញល្បាត និងបង្រ្កាបបទល្មើសនេសាទ នៅតាមដងទន្លេនៅម៉ោង ២រសៀលថ្ងៃទី៨ខែតុលាល្បាតនៅតំបន់រ៉ាមសារ ភូមិសាស្រ្តឃុំកោះស្នែង ស្រុកបុរីអូរស្វាយ
សែនជ័យ បានប្រទះឃើញនិងបង្រ្កាបបទល្មើសនេសាទដោយឧបករណ៍ឆក់មួយករណី។ ជនសង្ស័យរត់គេចខ្លួនបាត់ នៅសល់វត្ថុតាងមាន ទូកក្ដារមួយគ្រឿងប្រវែង ៥ម៉ែត្រ គុណ ០,៧ម៉ែត្រ ម៉ាស៊ីនកម្លាំង២០សេសមួយគ្រឿង ។ចំណែកឧបករណ៍ឆក់ត្រូវជនសង្ស័យបោះចោលក្នុងទន្លេនៅពេលកំពុងដេញចាប់ ។

មន្រ្តីដដែលបានបន្តថា បន្ទាប់មកនៅថ្ងៃទី៩ខែតុលា វេលាម៉ោង ១រំលងអធ្រាត្រកម្លាំងបានល្បាតនៅភូមិសាស្រ្តស្រែតាប៉ាន
ឃុំសាមឃួយស្រុកសេសានបានដេញបង្រ្កាបបទល្មើសឆក់ត្រីពីរករណី។ជនសង្ស័យបានរត់គេចខ្លួនបាត់នៅសល់វត្ថុតាងបទល្មើសមានទូកបាឡាស្មាច់ចំនួនពីរគ្រឿង,ម៉ាស៊ីនកម្លាំង២០សេសចំនួនពីរគ្រឿង,ដុំឆក់ក្តៅប្រភេទធំពណ៌ស,លឿងចំនួនពីរគ្រឿង,ដុំឆក់ត្រជាក់ ចំនួនមួយគ្រឿង,អាគុយកម្លាំង ៧០អំពែរចំនួនប្រាំគ្រឿង,ថ្នងដងត្រី ចំនួនពីរគ្រឿង,គោមឆ្លុះចំនួន ពីរគ្រឿងនិងត្រីឆ្ពិនចម្រុះចំនួន ៣៥ គីឡូក្រាម។

ប្រភពដដែលបានបញ្ជាក់ថាទន្ទឹមនឹងការទប់ស្កាតនិងបង្រ្កាបទល្មើសនេសាទនេះមន្រ្តីជំនាញក៏បានចុះធ្វើការអប់រំណែនាំដល់ប្រជានេសាទជារឿយៗដែរ៕សរន/PC