ដោយ៖តារារិទ្ធ(ភ្នំពេញ)នៅរសៀល ថ្ងៃទី១០ ខែតុលាឆ្នាំ២០២២នេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានឹង អញ្ជើញជាអធិបតីពិធី បិទសន្និបាតកាយរិទ្ធជាតិកម្ពុជានៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ។

សូមបញ្ជាក់ថាកាយរឹទ្ធិជាតិកម្ពុជាត្រូវបានបង្កើតដំបូងមានឈ្មោះថាអង្គការខេមរកាយរឹទ្ធិកម្ពុជា ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩៣៤ ក្រោមការដឹក នាំរបស់ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ មុនីរ៉េត ជាមួយថ្នាក់ដឹកនាំផ្សេងទៀត ។ ជំនាន់ដំបូងនៃខេមរកាយរឹទ្ធិកម្ពុជាបានពង្រីកនិងផ្សព្វផ្សាយ​ទៅដល់ ៧-៨​ ខេត្ត ក្រុង និងមានសមាជិកច្រើនជាង ១០០០នាក់។

កាយរឹទ្ធិជាតិកម្ពុជាត្រូវបានបាត់បង់ទៅវិញទាំងស្រុងនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យរបស់ ប៉ុល ពត ។ ក្រោមការផ្តួចផ្តើមនិងជំរុញពីសម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃ កម្ពុជាកាយរឹទ្ធិជាតិកម្ពុជាត្រូវបានបង្កើតឡើងជាថ្មីនៅឆ្នាំ ២០០០ និង បានរៀបចំរចនាសម្ព័ន្ធជាបន្តបន្ទាប់ពីថ្នាក់ជាតិដល់មូលដ្ឋាន។ កាយរឹទ្ធិជាតិកម្ពុជាត្រូវបានបែងចែកជា៣ ថ្នាក់រួមមាន៖កាយរឹទ្ធិប្អូន(អាយុ៩-១១ឆ្នាំ) ,កាយរឹទ្ធិ (អាយុ ១២-១៧ឆ្នាំ) និងកាយរឹទ្ធិរៀមច្បង (អាយុ ១៨-២៥ឆ្នាំ) ។

កាយរឹទ្ធិជាតិកម្ពុជាគឺជាធនធានដ៏មានសារៈសំខាន់ដែលត្រូវតែអភិវឌ្ឍធនធានទាំងនេះឱ្យមានសក្តានុពលពេញលេញខាងផ្លូវកាយ ផ្លូវបញ្ញាផ្លូវសង្គមផ្លូវចិត្តដើម្បីឱ្យពួកគេក្លាយ ទៅជាពលរដ្ឋមានការទទួលខុសត្រូវក្នុងសង្គមនិងជាសមាជិកសកម្មក្នុងសហគមន៍នៅតាមមូលដ្ឋានរស់នៅដោយផ្អែកលើមូលដ្ឋានរៀនដោយអនុវត្តជាក់ស្តែងនិងវិធីកាយរឹទិ្ធកម្ម។

កាយរឹទ្ធិជាតិកម្ពុជាត្រូវបានទទួលស្គាល់ជាសមាជិកពេញសិទ្ធិនៃអង្គការពិភពលោកចលនាកាយរឹទ្ធិនៅថ្ងៃទី០១ ខែកក្កដាឆ្នាំ២០០៨និងត្រូវបានប្រកាសជាឱឡារឹកនៅក្នុងអង្គ មហាសន្និបាតលើកទី៣៨នាថ្ងៃទី ១៤-១៨ ខែកក្កដា ឆ្នាំ២០០៨ នៅកូរ៉េខាងត្បូង៕