ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក អង់​តូ​នីញ៉ូ គូថេ​រ៉េស បាន​ដាក់​លិខិត​មួយ​ច្បាប់​ទៅ​កាន់​ក្រុមប្រឹក្សាសន្តិសុខ​កាលពី​ថ្ងៃអាទិត្យ​ទី​៩​តុលា ដោយ​ស្នើ​ឱ្យ​មាន​ការធ្វើសកម្មភាព​ភ្លាមៗ​នៃ​កម្លាំង​សកម្មភាព​រហ័ស បន្ទាប់ពី​មាន​ការ​អង្វរ​សុំ​ជំនួយ​ពី​ប្រទេស​ហៃ​ទី ខណៈ​ក្រុម​អន្ធពាល​និង​ក្រុមបាតុករ​ធ្វើឱ្យ​ប្រទេស​នេះ​ជាប់​ទ្រឹង​។​

​លិខិត ដែល​មើលឃើញ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន The Associated Press ប៉ុន្តែ​មិន​ត្រូវបាន​ផ្សព្វផ្សាយ​ជា​សាធារណៈ បាន​និយាយ​ថា​កម្លាំង​សកម្មភាព​រហ័ស​នឹងត្រូវ​ដាក់ពង្រាយ​ដោយ​​រដ្ឋ​សមាជិក​មួយ​ឬ​ច្រើន​ដើម្បី​ជួយ​ដល់​ប៉ូលិស​ជាតិ​របស់​ហៃ​ទី​។ កងកម្លាំង​នោះ​នឹង “​ដកចេញ​នូវ​ការគំរាមកំហែង​ដែល​បង្កឡើង​ដោយ​ក្រុម​ប្រដាប់អាវុធ​និង​ផ្តល់​ការការពារ​ភ្លាមៗ​ចំពោះ​ហេ​ដ្ឋា​រចនា​​សម្ពន្ធ​និង​សេវាកម្ម​សំខាន់ៗ​” ក៏ដូចជា​ធានា​នូវ “​ការធ្វើ​បំលាស់​ទី​ដោយ​សេរី​នៃ​ទឹក ប្រេងឥន្ធនៈ អាហារ​និង​ការផ្គត់ផ្គង់​វេជ្ជសាស្ត្រ​ពី​កំពង់ផែ​និង​អាកាសយានដ្ឋាន​សំខាន់ៗ​ទៅកាន់​សហគម​ន៍​និង​​មណ្ឌល​ថែទាំ​សុខភាព​”​។

​លិខិត​នោះ​ក៏​និយាយ​ដែរ​ថា អគ្គលេខាធិការ​អាច​នឹង​ដាក់ពង្រាយ “​សមត្ថភាព​បន្ថែម​របស់​អ​.​ស​.​ប​ដើម្បី​គាំទ្រ​បទ​ឈប់​បាញ់ ឬ​ការរៀបចំ​ផ្នែក​មនុស្សធម៌​”​។​

​ទោះយ៉ាងណា លិខិត​នោះ​បាន​កត់សម្គាល់​ថា “​ការវិលត្រឡប់​ទៅកាន់​ការចូលរួម​របស់អ​.​ស​.​ប​ដ៏​រឹងមាំ​ជាង​មុន​ក្នុង​ទម្រង់​ជា​ការរក្សា​សន្តិភាព នៅតែ​ជា​ជម្រើស​ចុងក្រោយ​ប្រសិនបើ​គ្មាន​ការសម្រេច​​ណាមួយ​ត្រូវបាន​ធ្វើឡើង​ជា​បន្ទាន់ដោយ​សហគមន៍​អន្តរជាតិ ស្រប​តាម​ជម្រើស​ដែល​បាន​គ្រោងទុក និង​សមត្ថភាព​អនុវត្ត​ច្បាប់​ជាតិ​បង្ហាញថា​មិន​អាច​ផ្លាស់ប្តូរ​ស្ថានភាព​សន្តិសុខ​ដែល​កាន់តែ​​យ៉ាប់យ៉ឺន​នេះ​បាន​”​។​

​លិខិត​នោះ​លើកឡើងថា កម្លាំង​សកម្មភាព​រហ័ស​នឹងត្រូវ​ដកចេញ នៅពេល​ដែល​ប៉ូលិស​ហៃ​ទី​ទទួលបាន​ការគ្រប់គ្រង​ហេដ្ឋារចនាសម្ពន្ធ​ឡើងវិញ ហើយ​ជម្រើស​ពីរ​អាច​ធ្វើ​តាម​ក្រោយ ៖​រដ្ឋ​ជា​សមាជិក​បង្កើត​​ក្រុមការងារ​ប៉ូលិស​អន្តរជាតិ​ដើម្បី​ជួយ​និង​ណែនាំ​ដល់​មន្ត្រី​ក្នុងស្រុក ឬ​បង្កើត​កងកម្លាំង​ពិសេស​ដើម្បី​ជួយ​ដោះស្រាយ​ក្រុម​អន្ធពាល “​រួមបញ្ចូល​ទាំង​តាមរយៈ​ការ​វាយ​រួមគ្នា (​វាយ​ពួក​អន្ធ​ពាល​) ការដាក់​ឱ្យ​នៅ​ឯកោ និង​ប្រតិបត្តិ​ការទប់ស្កាត់​នៅ​ទូទាំង​ប្រទេស​”​។​

​លិខិត​នោះ​កត់សម្គាល់ថា ប្រសិន​បើ​រដ្ឋ​ជា​សមាជិក​មិន “​បោះជំហាន​ទៅ​មុខ​ជាមួយ​ការគាំទ្រ​ទ្វេភាគី​និង​ហិរញ្ញប្បទាន​ទេនោះ​” ប្រតិបត្តិការ​របស់​អ​.​ស​.​ប​អាចជា​ជម្រើស​ជំនួស​។​

​លិខិត​នោះ​សរសេរថា “​ទោះយ៉ាងណា ដូច​បាន​ចង្អុលបង្ហាញ ការវិលត្រឡប់​ទៅកាន់​ការរក្សា​សន្តិភាព​របស់​អ​.​ស​.​ប​មិនមែនជា​ជម្រើស​ពេញចិត្ត​របស់​អាជ្ញាធរ​នោះទេ​”​។​

​លិខិត​នោះ​ក៏​និយាយ​ផងដែរ​ថា ក្រុមប្រឹក្សាសន្តិសុខ​អាច​សម្រេច​ចិត្ត​ពង្រឹង​ផ្នែក​ប៉ូលិស​នៃ​ការិយាល័យ​សមាហរណកម្ម​របស់​អ​.​ស​.​បច្ចុប្បន្ន​នៅ​ក្នុងប្រទេស​ហៃ​ទី ដែល​គេ​ស្គាល់​ថា BINUH និង​អំពាវនាវ​ឱ្យ​រដ្ឋ​ជា​សមាជិក​ផ្តល់​ឧបករណ៍​និង​ការបណ្តុះបណ្តាល​បន្ថែម​ដល់​ប៉ូលិស​ក្នុងស្រុក​ដែល​ខ្វះ​បុគ្គលិក​និង​ខ្វះខាត​ធនធាន​។ មានតែ​ប្រហែល​មួយ​ភាគ​បី​នៃ​ប៉ូលិស​ចំនួន ១៣.០០០ នាក់​ប៉ុណ្ណោះ​កំពុង​ធ្វើ​ប្រតិបត្តិការ​នៅ​ក្នុងប្រទេស​ដែល​មាន​ប្រជាជន​ជាង ១១ លាន​នាក់​៕

​ក្រុម​អន្ធពាល​និង​ក្រុមបាតុករ​កំពុង​ធ្វើឱ្យ​ប្រទេស​ហៃ​ទី​ជាប់​ទ្រឹង