​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ អ្នកនិពន្ធ​ជនជាតិ​បារាំង លោកស្រី អាន​នី អឺ​ណូ (Annie Ernaux) ដែល​ទទួលបាន​រង្វាន់​ណូបែល​អក្សរសិល្ប៍​កាលពី​សប្តាហ៍​មុន​បាន​ចុះហត្ថលេខា​លើ​លិខិត​​ចំហ​មួយ​កាលពី​ថ្ងៃអាទិត្យ​ទី​៩​តុលា ដើម្បី​គាំទ្រ​ការតវ៉ា​ទ្រង់ទ្រាយ​ធំ​ប្រឆាំងនឹង​ប្រធានាធិបតី អេម​ម៉ានុយ​អែល ម៉ា​ក្រុង ដែល​អំពាវនាវ​ដោយ​ក្រុមប្រឆាំង​ឆ្វេងនិយម​របស់​ប្រទេស​។​

​ពួក​អ្នក​រៀបចំ​បាតុកម្ម​នៅ​ថ្ងៃទី ១៦ ខែតុលា​បាន​ចោទប្រកាន់​លោក​ម៉ា​ក្រុង​ថា​ខកខាន​ក្នុង​ការដោះស្រាយ​ការកើនឡើង​តម្លៃ​ថាមពល និង​របស់របរ​សំខាន់ៗ​ផ្សេង​ទៀត​និង​ធ្វើ​សកម្មភាព​មិន​គ្រប់​​គ្រាន់​ប្រឆាំងនឹង​ការប្រែប្រួល​អាកាសធាតុ​។​

​លិខិត​នៅក្នុង​កាសែត​ហ្សួ​រ​ណាល់ ឌុយ ឌី​ម៉ង់ស៍​( Journal du Dimanche) បាន​និយាយថា “​លោក អេម​ម៉ានុយ​អែល ម៉ា​ក្រុង កំពុង​ចាប់យក​អតិផរណា​នេះ​ដើម្បី​ពង្រីក​គម្លាត​អ្នកមាន​និង​បង្កើន​​ប្រាក់ចំណេញ​ចេញពី​ការខាតបង់​របស់​អ្នកដទៃ​”​។​

“​ហើយ​ការប៉ះទង្គិច​នេះ​កំពុង​អនុញ្ញាត​ឱ្យ​រដ្ឋាភិបាល​នៃ​ពួក​អ្នក​មាន​បើក​ដំណាក់កាល​ថ្មី​មួយ គឺ វាយប្រហារ​សសរស្តម្ភ​នៃ​សាមគ្គីភាព​របស់​យើង​ពោលគឺ​បេះដូង​នៃ​ការ​គាំពារ​សង្គម​របស់​យើង​ដែល​ដំបូង​​វាយប្រហារ​ជាមួយនឹង​អត្ថប្រយោជន៍​ការងារ​និង​ឥឡូវនេះ​ជាមួយនឹង​ប្រព័ន្ធ​សោធន​និវត្តន៍​”​។​

​លោកស្រី​អឺ​ណូ​អាយុ ៨២ ឆ្នាំ​ត្រូវបាន​ចុះបញ្ជី​ដំបូង​គេ​និង​ក្នុងចំណោម​ហត្ថលេខី​ដ៏​លេចធ្លោ​បំផុត​ចំនួន ៦៩ នាក់ ដែល​រួមមាន​អ្នកនិពន្ធ​ក៏​ដូចជា​សេដ្ឋ​វិទូ សាស្ត្រាចារ្យ និង​សកម្មជន​ផងដែរ​។​

​លោក​ម៉ា​ក្រុង ជា​អតីត​ធនាគារិក​ផ្នែក​វិនិយោគ បាន​សាទរ​ចំពោះ​ការ​ឈ្នះ​ពានរង្វាន់​ណូបែល​របស់​លោកស្រី​អឺ​ណូ ដោយ​ហៅ​សំឡេង​របស់​លោក​ស្រី​ថា​”​សេរីភាព​របស់​ស្ត្រី​និង​ជា​សំឡេង​របស់​អ្នក​ដែល​​គេ​បំភ្លេចចោល​”​។​

​ប៉ុន្តែ​ការរិះគន់​ជា​សាធារណៈ​ខុស​ពី​ធម្មតា​ពី​អ្នកនិពន្ធ ដែល​ស្នាដៃ​បែប​ស្ត្រី​និយម​របស់​គាត់​បានទទួល​ការ​សាទរ​យ៉ាង​ទូលំទូលាយ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​អាច​ជំរុញ​កំហឹង​ចំពោះ​ផែន​​ការ​របស់​លោក​ម៉ា​ក្រុង​ក្នុង​ការធ្វើឱ្យ​ប្រជាជន​បារាំង​ធ្វើកា​រងារ​យូរ​ជាង​មុន​។​

​កូដកម្ម​ដ៏​ធំ​បាន​ស្វាគមន៍​ការប៉ុនប៉ង​លើកដំបូង​របស់​គាត់​ក្នុងការ​រុញច្រាន​អាយុ​ចូល​និវត្តន៍​ពី ៦២ ទៅ ៦៥ ឆ្នាំ​កាល​ពី​ពីរ​ឆ្នាំ​មុន​មុន​ពេល​គាត់​លុបចោល​ការកែប្រែ​សោធន​និវត្តន៍​នេះ​ជាមួយនឹង​ការ​​ផ្ទុះ​ឡើង​នៃ​ជំងឺ​រាតត្បាត​កូវី​ដ​១៩​។​

​រដ្ឋាភិបាល​របស់​គាត់ ដែល​មិន​មាន​សំឡេង​ភាគច្រើន​នៅក្នុង​សភា បាន​ប្តេជ្ញា​ថា​នឹង​ពិគ្រោះ​ជាមួយ​សហជីព​នានា​និង​គណបក្ស​ផ្សេង​ទៀត​លើ​កំណែទម្រង់​ដែល​ខ្លួន​ចាត់ទុកថា​ជា​រឿង​បន្ទាន់ ប៉ុន្តែ​ទទូចថា សេចក្តីព្រាងច្បាប់​មួយ​នឹង​ត្រូវ​បោះឆ្នោត​អនុម័ត​នៅ​ប៉ុន្មាន​ខែ​ខាងមុខ​៕

អ្នកនិពន្ធ​ជនជាតិ​បារាំង លោកស្រី អាន​នី អឺ​ណូ