ដោយៈ ប.ខុន / ភ្នំពេញៈ ការសាងសង់ផ្លូវបេតុងឆ្អឹងដែក លើខ្នងទំនប់អាងត្រពាំងថ្ម ដោយប្តូរពីគម្រោងចាក់កៅស៊ូ មកចាក់បេតុង កម្រាស់ ០,២ ម៉ែត្រ ទទឹង ៦ ម៉ែត្រ និងមានប្រវែងសរុប ២១ គីឡូម៉ែត្រ ជំនួសវិញ មកដល់ពេលនេះ អនុវត្តបានប្រវែង ១០.០៤៥ ម៉ែត្រ ទទឹង ៣ ម៉ែត្រ (មួយចំហៀងនៃផ្លូវ) ហើយ។

លោក យឹម ប៊ុនរ៉ុម ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តបន្ទាយមានជ័យ បានប្រាប់ឱ្យ រស្មីកម្ពុជាដឹង នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ថាៈ ការស្ថាបនាផ្លូវបេតុងឆ្អឹងដែក លើផ្លូវទំនប់អាងត្រពាំងថ្ម គិតមកដល់ថ្ងៃនេះ (១០តុលា) អនុវត្តបានប្រវែង ១០.០៤៥ ម៉ែត្រ ទទឹង៣ម៉ែត្រ(មួយចំហៀងនៃផ្លូវ)កម្រាស់០,២ ម៉ែត្រ ។ ផ្លូវដែលត្រូវចាក់បេតុងនេះ មានប្រវែង ២១ គីឡូម៉ែត្រ ទទឹង ៦ ម៉ែត្រ ។

ប្រធានមន្ទីរខាងលើ បានបញ្ជាក់ថាៈ ការងារធ្វើគ្រឹះផ្លូវ ចងដែក និងវ៉ៃពុម្ព ដំណើរការដោយ រលូន តែមានយឺតយ៉ាវផ្នែកចាក់បេតុង ដោយសារមានភ្លៀងធ្លាក់ច្រើនញឹកញាប់ ស្ទើររាល់ថ្ងៃ ធ្វើឱ្យរាំងស្ទះដល់ការដឹកជញ្ជូនបេតុង មកពីឆ្ងាយ មូលហេតុរថយន្ត មិនអាចធ្វើចរាចរណ៍ នៅពេលមានភ្លៀង ផ្លូវដីរអិល និងជាប់ផុង។ គម្រោងសាងផ្លូវបេតុងនេះ ត្រូវប្រើពេលយូរជាង ការចាក់កៅស៊ូ តែវាមានគុណភាណល្អ សម្រាប់ការប្រើប្រាស់ បានយូរអង្វែង ទាំងផ្លូវ និងទំនប់របស់អាងទឹក។ គម្រោងនេះ ពីដំបូងត្រូវចាក់ក្រាលកៅស៊ូទេ។

គម្រោងសាងសង់ផ្លូវ ខាងលើ ជាបន្ទាន់ ដោយក្រសួងធនធានទឹក និងឧតុនិយមនេះ បន្ទាប់ពីប្រជាពលរដ្ឋ នៅក្នុងខេត្តបន្ទាយមានជ័យ ជាពិសេសអ្នករស់នៅ និងប្រើប្រាស់ ផ្លូវនេះផ្ទាល់ បានស្នើសុំសម្តេចតេជោ នៅក្នុងឱកាសសម្តេច អញ្ជើញចូលរួមក្នុងកម្មវិធី ទិវាមច្ឆជាតិ នៅអាងត្រពាំងថ្ម កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ កន្លងទៅនេះរួចមក។ គម្រោងខាងលើនេះ​ តាមពិតត្រូវចាក់កៅស៊ូ តាំងពីឆ្នាំ២០១៣ មកម្ល៉េះ តែដោយសារមាន ការប្រទាញប្រទង់គ្នា ជាមួយនឹងស្ថាប័នជំនាញផ្សេងទៀត ទើបធ្វើឱ្យការសាងសង់ផ្លូវនេះ ខកខានរហូតដល់ពេលនេះ៕ V / N