ដោយៈ ភ្នំខៀវ / បាត់ដំបងៈ ភ្ញៀវទេសចរ ជាង ៦ ម៉ឺននាក់ បានចូលរួមអបអរសាទរ និងដើរលេងកម្សាន្ត ក្នុងពិធីអុំទូក បណ្តែតប្រទីប ចេញព្រះវស្សា ក្នុងខេត្តបាត់ដំបង ។

រូបថត ( លោក សុខ លូ អភិបាលខេត្តបាត់ដំបង និងលោកជំទាវ ដឹកនាំមន្ត្រីបណ្តែតប្រទីប យប់ថ្ងៃទី ០៩ ខែតុលា ឆ្នាំ ២០២២ )

ប្រធានមន្ទីរទេសចរណ៍ ខេត្តបាត់ដំបង លោក អ៊ុច អ៊ុំភីនីស្សារ៉ា បានបញ្ជាក់ឲ្យដឹង នៅថ្ងៃទី ១០ ខែតុលា ឆ្នាំ២០២២ នេះថាៈ ចំនួនភ្ញៀវទេសចរ ដែលមកកម្សាន្ត ក្នុងពិធីអុំទូក ចេញព្រះវស្សា តាមស្ទឹងសង្កែ ក្នុងក្រុងបាត់ដំបង នៅថ្ងៃទី១ ត្រូវនឹងថ្ងៃទី ៩ ខែតុលា នេះ ភ្ញៀវទេសចរ មានសរុបចំនួន ៦១.២៧៨ នាក់។

លោក អ៊ុច អ៊ុំភីនីស្សារ៉ា បានបន្តថាៈ ក្នុងចំណោមភ្ញៀវទេសចរ ចំនួន ៦១.២៧៨ នាក់ រួមមាន ភ្ញៀវទេសចរជាតិ ចំនួន ៦១.១៨៩ នាក់ និងភ្ញៀវទេសចរអន្តរជាតិ (ទេសចរផ្ទៃក្នុង) មានចំនួន ៨៩ នាក់ ។

ជាមួយគ្នា លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានលើកឡើងដែរថាៈ ការរៀបចំ ក៏ដូចជា ការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋ យ៉ាងច្រើនកុះករ នៅក្នុងពិធីនេះ ពិតជាបាន បង្ហាញឱ្យឃើញពី ទឹកចិត្តស្រឡាញ់ និងការគាំទ្រដល់វិស័យកីឡា ជាពិសេសលើកស្ទួយ វប្បធម៌ កេរ្តិ៍ដំណែលប្រពៃណីរបស់បុព្វបុរសខ្មែរ ព្រមទាំងបានឆ្លុះបញ្ចាំងពីស្មារតីសាមគ្គីភាព មិត្តភាព និងបង្កការសប្បាយរីករាយ ស្និទ្ធស្នាល រវាងប្រជាពលរដ្ឋ ពីគ្រប់មជ្ឈដ្ឋាន ហើយបានផ្សារភ្ជាប់ទំនៀមទំលាប់ ប្រពៃណី និងវប្បធម៌ របស់ពលរដ្ឋខ្មែរ ក្នុងនិងក្រៅខេត្ត បានយ៉ាងល្អ ពិសេសដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ ប្រជាពលរដ្ឋពីគ្រប់ទិសទី មកលេងកម្សាន្ត និងបានទស្សនានូវសមិទ្ធផលផ្សេងៗ ក្នុងខេត្តបាត់ដំបង ដែលកំពុងមាន ការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស៕ V / N

រូបថត ( ភ្ញៀវទេសចរចូលលេងកម្សាន្តទស្សនាពិធីប្រណាំងទូកង ខេត្តបាត់ដំបង )