ដោយៈ ប.ជ័យ / បន្ទាយមានជ័យ​៖​ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ក្រុងសិរីសោភ័ណ បានបង្ក្រាបករណីរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន ដោយបាន ឃាត់ខ្លួនជនសង្ស័យ ជាក្មេងទំនេីង ចំនួនប្រាំនាក់ ព្រមទាំងចាប់យកសម្ភារៈវត្ថុតាងថ្នាំញៀន មួយចំនួន​ នៅចំណុចភូមិ២ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ រួចបញ្ជូនទៅតុលាការ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ នេះ។

លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ហាការមូលដ្ឋានកងរាជអាវុធហត្ថ ក្រុងសិរីសោភ័ណ បានឱ្យដឹងថាៈ កាលពីថ្ងៃទី៨ ​ខែតុលា ​ឆ្នាំ​២០២២ បន្ទាប់ពីទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានករណីក្មេងទំនើងមួយក្រុម បានប្រមូលផ្តុំគ្នា ប្រើប្រាស់គ្រឿងញៀន នៅចំណុចបន្ទប់ជួល មួយកន្លែង ស្ថិតក្នុងភូមិ២ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ទើបកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ​ បានចុះប្រតិបត្តិការបង្ក្រាប ឃាត់ខ្លួនបានក្មេងទំនេីង ប្រាំនាក់​ ព្រមទាំងឆែកឆេរលើខ្លួន រកឃើញគ្រឿងញៀនមួយចំនួន​ រួចបញ្ជូនមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុង​ដេីម្បីសួរនាំ។

ជនសង្ស័យទាំងប្រាំនាក់នោះ រួមមាន ១-ឈ្មោះ សុខ សុគឿន ភេទប្រុស អាយុ ២៨ ឆ្នាំ និង ២-ឈ្មោះ វិត ដារ៉ា ភេទប្រុស អាយុ១៨ឆ្នាំ ទាំងពីរនាក់ ជាជនជាតិខ្មែរ គ្មានមុខរបរ (រក្សាទុក និងប្រើប្រាស់) ដូចគ្នា និងមានទីលំនៅ បច្ចុប្បន្ន នៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ជាមួយគ្នា និងអ្នកប្រើប្រាស់បីនាក់ទៀតគឺ ៣-ឈ្មោះ ហៃ ខាវ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ទីលំនៅបច្ចុប្បន្ន ភូមិអន្លង់ថ្ងាន់ ឃុំបត់ត្រង់ ស្រុកមង្គលបូរី , ៤-ឈ្មោះ យឿង ណេត ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ អេតចាយ ទីលំនៅបច្ចុប្បន្ន ភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ​, ៥-ឈ្មោះ ចិន្តា សុខមេសា ហៅ ដែន ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ សំណង់ ទីលំនៅបច្ចុប្បន្ន ភូមិបាណយ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ។

វត្ថុតាងចាប់យក​រួមមាន ម្សៅក្រាមពណ៌សថ្លា ចំនួន ២ កូនថង់កិប ទម្ងន់ ០,៨៣ ក្រាម,​ ម៉ូតូចំនួន ២គ្រឿង ម៉ាក Honda Dream ពណ៌ខ្មៅ សេរីឆ្នាំ២០០៨ ពាក់ស្លាកលេខ សៀមរាប 1D 1484, ម៉ាក Honda wave ពណ៌ក្រហមខ្មៅ សេរី​ឆ្នាំ២០១១ ពាក់ស្លាកលេខ ភ្នំពេញ 1Z 1197,​ ទូរស័ព្ទចំនួន ៤គ្រឿង​,​ ដាវសាំម៉ូរ៉ៃ​ចំនួន ១ដើម,​ នាឡិកាចំនួន ១គ្រឿង ។

ជនសង្ស័យ បានសារភាពថាៈ ខ្លួនបានរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុ ញៀនពិតមែន។

លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​ទទួលការងារប្រឆាំងគ្រឿងញៀន បានប្រាប់ឱ្យដឹងថាៈ ការឃាត់ខ្លួនជនសង្ស័យ ខាងលេី​ ក៏ទទួលបានការអនុញ្ញាត ពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត ផងដែរ ។ កម្លាំងការិយាល័យព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១០ ខែតុលា​ឆ្នាំ​២០២២ បានកសាងសំណុំរឿង បញ្ជូនទៅតុលាការខេត្ត ៕ V / N