ដោយៈ បាយ័ន / សៀមរាបៈ ប្រាសាទខ្នារផ្ទោល ជាប្រាសាទ សង់អំពីឥដ្ឋ និងថ្មបាយក្រៀម ដែលមានចំនួន ២ ប៉ម ដោយប៉មនីមួយៗ មានទំហំទទឹង ៤ ម៉ែត្រ បណ្តោយ ៦ ម៉ែត្រ និងកម្ពស់ ៦ ម៉ែត្រ ឈរទន្ទឹមគ្នា ជើង ត្បូង នៅលើរចនាសម្ពន្ធបុរាណ មានកសិន្ធុទឹក ព័ទ្ធជុំវិញ។

អាជ្ញាធរជាតិអប្សរា បាននិយាយឱ្យដឹង នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ នេះថាៈ ប្រាសាទនេះ បច្ចុប្បន្ន ស្ថិតនៅដាច់ស្រយាល ចម្ងាយប្រមាណ ៧០ គីឡូម៉ែត្រ ភាគខាងជើង ឈៀងខាងលិច ពីទីរួមខេត្តសៀមរាប និងឆ្ងាយពីទីប្រជុំជន នៃស្រុកវ៉ារិន ហើយកន្លងមក ការថែទាំ និងអភិរក្ស ពុំទាន់បានអនុវត្តគ្រប់ជ្រុងជ្រោយនៅឡើយ។ ហេតុដូច្នេះហើយ បច្ចុប្បន្ន គេសង្កេតឃើញថា រចនាសម្ព័ន្ធរបស់ប៉មថ្ម និងប៉មឥដ្ឋទាំងមូល រងការខូចខាត ធ្ងន់ធ្ងរ ដោយសាររុក្ខជាតិតូចធំជាច្រើនដុះលើប៉មប្រាសាទ និងមានបញ្ហា ទទួលនូវជម្រាបទឹក ជាប្រចាំ បណ្តាលឱ្យរចនាសម្ព័ន្ធប្រាសាទ រងនូវការខូចទ្រង់ទ្រាយ ដោយផ្នែកៗ។

អ្នកជំនាញរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា កំពុងប្រឹងប្រែង ជួយសង្គ្រោះប្រាសាទបុរាណ មួយនេះ ដើម្បីឱ្យគេចផុតពីការបាត់បង់ ទៅថ្ងៃមុខ តាមរយៈមធ្យោបាយជួយសង្រ្គោះបន្ទាន់ ដោយប្រើប្រាស់បច្ចេកទេសទល់ទ្រ និងជួសជុលពង្រឹងរចនាសម្ព័ន្ធឥដ្ឋ ដោយផ្នែកៗ។

លោក តាន់ សុផល អនុប្រធាននាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិ អប្សរា បានមានប្រសាសន៍ថាៈ សំណង់ប្រាសាទខ្នារផ្ទោលនេះ ជាមរតកបេតិកភណ្ឌជាតិ មានតម្លៃខ្លាំង ដែលត្រូវយកចិត្តទុកដាក់ថែរក្សា និងការពារកម្រិតខ្ពស់ ព្រោះវាកំពុងស្ថិតនៅ រូបរាងច្បាស់លាស់ ដែលអាចឱ្យភ្ញៀវទេសចរទស្សនា និងស្វែងយល់បានច្បាស់ អំពីសំណង់ ស្ថាបត្យកម្មខ្មែរ និងប្រវត្តិនានា ទាក់ទងទៅនឹងសិល្បៈ នៃការសាងសង់ប្រាសាទនេះឡើង នាសម័យអតីតកាល។

កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២នេះ គឺមួយផ្នែកត្រង់រចនាសម្ព័ន្ធរបស់ខ្លោងទ្វារ ខាងកើត នៃប៉មខាងត្បូង រួមមាន ផ្តែរ សសរពេជ្រ បានរលុះចេញពីទីតាំងដើម ដោយសារកត្តាធម្មជាតិ។ ចំណែក ស្រទាប់ឥដ្ឋ ដែលសេសសល់ ស្ថិតនៅខាងលើផ្តែរ ក៏កំពុងប្រឈមនឹងបន្តការលុះ នាពេលបន្ទាប់ខាងមុខ។ ដូចនេះ អាជ្ញាធរជាតិអប្សរា បានខិតខំប្រឹងប្រែង រកវិធីទប់ស្កាត់ និងជួយសង្គ្រោះបន្ទាន់ ដោយប្រើប្រាស់បច្ចេកទេស ទល់ទ្រ បណ្តោះអាសន្ន នៅត្រង់ខ្លោងទ្វារខាងកើត គឺក្នុងបំណងកាត់បន្ថយ រាល់ហានិភ័យ ទាំងនោះ និងអាចមានពេលវេលាគ្រប់គ្រាន់ សម្រាប់សិក្សាលម្អិតអំពីកម្រិតខូចខាតទាំងមូល រួមទាំងរៀបចំកម្មវិធីអភិរក្ស និងជួសជុល សម្រាប់រយៈពេលវែង ក្នុងឆ្នាំ២០២៣ ឬឆ្នាំ២០២៤ ។

លោក តាន់ សុផល បានឱ្យដឹងទៀតថាៈ បច្ចុប្បន្ន ក្រុមអ្នកបច្ចេកទេសខ្មែរ នៃអាជ្ញាធរជាតិ អប្សរា កំពុងប្រតិបត្តិផ្នែកអភិរក្សប្រាសាទនេះឡើងវិញ ក្នុងដំណាក់កាលទី២ បន្ទាប់ពីធ្វើការ ទល់ទ្របឋម រួចរាល់កន្លងមក ក្នុងនោះកិច្ចការសង្គ្រោះបន្ទាន់ គឺនឹងរៀបចំជួសជុល សសរពេជ្រ ដែលបាក់បែកទាំងសងខាង ដើម្បីមានលទ្ធភាពគ្រប់គ្រាន់ សម្រាប់ដំឡើងថ្មផ្តែរ ដាក់នៅត្រង់ទីតាំងដើមវិញ ក្នុងស្ថានភាពមានសុវត្ថិភាពគ្រប់គ្រាន់ រួមទាំងជួសជុល ជញ្ជាំងឥដ្ឋ និងសសរផ្អោបទាំងពីរ នៅខ្លោងទ្វារខាងកើត នៃប៉មខាងត្បូង។

ការសិក្សាលម្អិតអំពីប្រវត្តិសាស្រ្ត នៃសំណង់ប្រាសាទខ្នារផ្ទោល នឹងបន្តអនុវត្ត ដោយបង្កើត ឱ្យមានកម្មវិធីកំណាយស្រាវជ្រាវ ផ្នែកបុរាណវិទ្យា ពិនិត្យរាល់ស្លាកស្នាមនានា ទាំងចម្លាក់ វត្ថុសិល្បៈ និងភស្តុតាងដទៃទៀត សម្រាប់ជាអំណះអំណាង បញ្ជាក់អំពីប្រវត្តិនៃសំណង់ ពិតប្រាកដ៕ V / N

រូបថត (​ សកម្មភាពជួសជុលប្រាសាទ )