សាកលវិទ្យាល័យ​ចិន​ផ្ដល់​អាហារូបករណ៍ លើ​ការបណ្ដុះបណ្ដាល​ជំនាញ​ដល់​ពលរដ្ឋ​កម្ពុជា​

1633
ចែករម្លែក

ដោយ​: ដេប៉ូ / ភ្នំពេញ​: សាកលវិទ្យាល័យ​ពហុបច្ចេកទេស Ningbo នៃ​ប្រទេស​ចិន នឹង​ផ្ដល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា លើ​ជំនាញ​បច្ចេកទេស​សំណង់ អគ្គិសនី និង​អេ​ឡិច​ត្រូ​និ​ច​។​

​ការ​ឱ្យដឹង​បែបនេះ​ធ្វើឡើង​ដោយ​មន្ត្រី​ក្រសួង​ការងារ​ក្រោយ​បញ្ចប់​ជំនួប​រវាង​លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ ជាមួយ​លោក Zhang Huibo សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​ពហុបច្ចេកទេស Ningbo កាលពី​រសៀល​ថ្ងៃទី​ទី​២៩ ខែមិថុនា ឆ្នាំ​២០១៨​កន្លងមក​។​

​បញ្ជាក់ប្រាប់​បណ្តាញ​សារពត៌មាន​ក្រោយ​បញ្ចប់​ជំនួប​នេះ លោក ឡៅ ហ៊ីម ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​អគ្គនាយក​ដ្ឋា​ន​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ បានឱ្យដឹងថា សាកលវិទ្យាធិការ Ningbo នឹង​ផ្ដល់​អាហារូបករណ៍​ដល់​និស្សិត និង​បណ្ដុះបណ្ដាល​គ្រូ​នៅក្នុង​វិទ្យាស្ថាន​កម្ពុជា​នៅ​ថ្ងៃ​ខាងមុខ​។

​លោ​បាន​បន្ថែមថា រាជរដ្ឋាភិបាល​កម្ពុជា​នីតិកាល​ទី​៥​នេះ បានចាត់ទុក​ការអភិវឌ្ឍ​ធនធានមនុស្ស ជា​វិស័យ​អាទិភាព​ក្នុងចំណោម​វិស័យ​អាទិភាព​ទាំង​បួន នៃ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ ដើម្បី​លើកកម្ពស់​ជំនាញ​ដែល​ត្រូវការ​ជា​ចាំបាច់ ក្នុងការ​ធានាបាន​នូវ​ការប្រកួតប្រជែង​ក្នុង​ទីផ្សារពលកម្ម​ក្នុង​តំបន់ ដែល​កាន់តែ​បើកចំហ និង​ជំរុញ​សេដ្ឋកិច្ច​ឱ្យ​ឈានឡើង​កម្រិត​ខ្ពស់​មួយទៀត ហើយ​ជាពិសេស​ផ្តល់ជូន​ប្រជាពលរដ្ឋ​នូវ​អំណាច ក្នុងការ​កំណត់​វាសនា​ជីវិត​របស់ខ្លួន និង​សម្រេច​ក្តី​ប្រាថ្នា​នៅ​កន្លែង​ការងារ​។​

​លោក​បានឱ្យដឹង​ដែរ​ថា​” រា​ជរា​ដ្ឋ​ភិ​បាល​កម្ពុជា បានកំណត់​គោលដៅ​សេដ្ឋកិច្ច​ជា​ប្រទេស​ដែលមាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់ នៅ​ឆ្នាំ​២០៣០ និង​ចំណូល​ខ្ពស់​ក្នុង​ឆ្នាំ​២០៥០ ដើម្បី​សម្រេច​គោលដៅ​សេដ្ឋកិច្ច​នេះ​”​។​

​គួរ​បញ្ជាក់ថា រាជរដ្ឋាភិបាល​កម្ពុជា​បានដាក់​ចេញ​នូវ​គោលនយោបាយ​មួយចំនួន ដែលមាន​ភាព​ប្រទាក់ក្រឡា និង​បំពេញ​ឱ្យ​គ្នា​ទៅវិញទៅមក រួមមាន​៖ គោលនយោបាយ​ជាតិ​ស្តីពី​មុខរបរ និង​ការងារ ឆ្នាំ​២០១៥-២០២៥ គោលនយោបាយ​អភិវឌ្ឍ​ន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា ឆ្នាំ​២០១៥-២០២៥ គោលនយោបាយ​ជាតិ​ស្តីពី ការអប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ ឆ្នាំ​២០១៧-២០២៥​។​

​បច្ចុប្បន្ន​ក្រសួង​ការងារ​មាន​គ្រឹះស្ថាន​ក្រោម​ឱវាទ​ចំនួន ១០២ ក្នុងនោះ​មាន​គ្រឹះស្ថានសាធារណៈ​ក្រោម​ឱវាទ​ចំនួន​៣៩ ទូទាំង​រាជធានី​-​ខេត្ត​។ ក្រសួង​បាន​នឹង​កំពុង​កែទម្រង់​ស៊ីជម្រៅ​លើ​ផ្នែក​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​៖ ១. ពង្រឹងគុណភាព​ការអប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​, ២. បង្កើន​លទ្ធភាព​ទទួល​បានការ​បណ្តុះបណ្តាល​ប្រកបដោយ​សមធម៌​, ៣. លើកទឹកចិត្ត​ភាពជា​ដៃគូ​រវាង​រដ្ឋ និង​ឯកជន និង​៤. លើកកម្ពស់​អភិបាលកិច្ច​ក្នុង​ប្រព័ន្ធ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម