ដោយៈ គង់ហេង / កំពង់ចាម៖ ទូកខ្នាតអន្តរជាតិ និងទូក ង សរុបចំនួន ២២ គូ មកពីបណ្តាស្រុក ក្រុង ក្នុងខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ដើម្បីចូលរួមប្រកួតប្រណាំង អបអរសាទរ ពិធីបុណ្យចេញព្រះវស្សា ដែលនឹងប្រព្រឹត្តទៅ នៅរសៀលថ្ងៃទី១០ តុលានេះ។

អ្នកស្រី សម ផល្លា ប្រធានមន្ទីរព័ត៌មាន ខេត្តកំពង់ចាម បានឱ្យដឹងថាៈ នៅព្រឹកថ្ងៃទី១០ តុលានេះ គណៈកម្មការដឹកនាំទូកខេត្តកំពង់ចាម បានសម្រេចធ្វើការផ្គូរផ្គងទូក ង ដែលបង្ហាញវត្តមានជាក់ស្តែង ចូលរួមប្រកួតប្រណាំង ទំាង ៤៥ ទូក ទូកទូកខ្នាតអន្តរជាតិ ចំនួន ២១ ទូក និងទូក ង ចំនួន ២៤ ទូក នោះហើយ។ ដោយមានទូកខ្នាតអន្តរជាតិ ចំនួន ១០ គូ គឺគូទី ១០ មានលើសគេ ដល់ចំនួន បី ទូក និងទូក ង មានចំនួន ១២ គូ។

អ្នកស្រី ប្រធានមន្ទីរព័ត៌មាន បានបន្តថាៈ ក្នុងនោះចំនួនកីឡាករជាចំណុះទូកសរុបចំនួន ២.៥៤៥ នាក់ ក្នុងមានកីឡាករបម្រុង ចំនួន ៣៤០ នាក់។ ការអុំប្រណាំងគូទូកនីមួយៗ ត្រូវផ្លាស់ប្តូរខ្សែទឹកក្នុង ក្រៅម្តងម្នាក់ និងចម្ងាយចរ នៃប្រវែង ១.៨០០ ម៉ែត្រ កំណត់ត្រឹមទូក ស្គរជ័យ នៅចំណុចក្បាលនាគពីរ ភូមិជ្រោយថ្ម សង្កាត់បឹងកុក ក្រុងកំពង់ចាម។

លោក ភោគ សាវុធ អភិបាលស្រុកកងមាស ដែលកំពុងដឹកនាំចំណុះទូក មកចូលរួមប្រណាំង ឈរក្បែរវេទិកាប្រណាំងទូក បានឱ្យដឹងដែរថាៈ ស្រុកកងមាស មានទូកចំនួន ១០ បានមក ចូលរួមប្រណាំង គឺមានទូកខ្នាតអន្តរជាតិចំនួន បួន ដែលទូកនីមួយៗ មានចំណុះចំនួន ២២ នាក់ និងទូក ង ចំនួន ប្រាំមួយ ទូកនីមួយៗមានចំណុះ ៧៥ នាក់។

សូមបញ្ជាក់ថា ដូចផែនការគ្រោងទុក នៅថ្ងៃចន្ទ ១៥កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី ១០ តុលានេះ រដ្ឋបាលខេត្តកំពង់ចាម បានរៀបចំពិធីប្រណាំងទូក ង ដើម្បីអបអរសារទរ ពិធីបុណ្យចេញព្រះវស្សា៕​ V / N