ដោយៈ ភ្នំសន្ទុក / កំពង់ធំ ៖ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានថ្លែងថាៈ អាជ្ញាធរ មានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ខិតខំបន្តអនុវត្តគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព ឲ្យមានប្រសិទ្ធភាព ដើម្បីថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ បាន ល្អប្រសើរជាងមុន កុំបណ្តែតបណ្តោយឱ្យបទល្មើស កើតមានបន្តទៀតឱ្យសោះ និងត្រៀម លក្ខណៈជាស្រេច ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋងាយរងគ្រោះ ដោយទឹកជំនន់។

លោក អភិបាលខេត្តកំពង់ធំ បានថ្លែងយ៉ាងដូច្នេះ នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ នៅក្នុងកិច្ចប្រជុំប្រចាំខែរបស់ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ នៅសាលាប្រជុំ សាលាខេត្ត។

លោកអភិបាលខេត្តកំពង់ធំ បានបន្ថែមទៀតថាៈ កងកម្លាំងមានសមត្ថកិច្ច រួមជាមួយ អាជ្ញាធរមូលដ្ឋាន ត្រូវបន្តផ្សព្វផ្សាយ គោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព ព្រមទាំងខិតខំទប់ស្កាត់ និងបង្ក្រាបទីតាំងល្បែងស៊ីសងគ្រប់ប្រភេទ ព្រមទាំងចុះពិនិត្យ ជាក់ស្តែង លើទីតាំងណាដែលមានការសង្ស័យ មានលេងល្បែងស៊ីសង មិនឲ្យកើតមាន ឡើង នៅក្នុងមូលដ្ឋានជាដាច់ខាត និងជំរុញការផលិតអត្តសញ្ញាណប័ណ្ណ ជូនប្រជាពលរដ្ឋ ឲ្យបានឆាប់រហ័ស។

លើសពីនេះទៀត លោក ងួន រតនៈ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមចូលរួមគោរព ច្បាប់ចរាចរណ៍ ជាពិសេស អ្នកដែលមានគោយន្ត សូមមេត្តាបិទចំណាំងផ្លាត ឬក៏ផ្អាកការធ្វើ ដំណើរពេលយប់ ដើម្បីជៀសវាងបង្ករមានគ្រោះថ្នាក់ដល់ខ្លួនឯង និងអ្នកដទៃ ។ ម្យ៉ាងវិញ ទៀត យើងត្រូវអប់រំ ណែនាំ និងធ្វើកិច្ចសន្យាដល់ម្ចាស់ទីតាំងសិប្បកម្មកែច្នៃរថយន្ត ខុស បច្ចេកទេស បើពិនិត្យឃើញថា សិប្បកម្មនោះ តទ្រុងរថយន្តគ្រប់ប្រភេទ មានខុស បច្ចេកទេស ត្រូវបិទទាំងស្រុង ជាធរមាន។

ទន្ទឹមនឹងនោះ អភិបាលខេត្តកំពង់ធំ បានជំរុញដល់ដល់លោកអភិបាលក្រុង ស្រុក ទាំង ៩ ស្រុក ក្រុង ខិតខំជួយពន្លឿនវឌ្ឍនភាពនៃការចុះចាក់វ៉ាក់សាំង ការពារជំងឺកូវីត-១៩ ជូនប្រជាពលរដ្ឋ ដែលគ្រប់អាយុ និងមិនទាន់បានចាក់វ៉ាក់សាំង ឲ្យបានគ្រប់ៗគ្នា ។ ក្នុងនោះ សូមឱ្យអាជ្ញាធរថ្នាក់ក្រោម ត្រូវស្រង់របាយការណ៍ ទិន្នន័យឱ្យទាន់ពេលវេលា យ៉ាងហោច ១ថ្ងៃ ២ដង ចំពោះបញ្ហាទឹកជំនន់ ក្នុងមូលដ្ឋាន ដែលខ្លួនគ្រប់គ្រង៕/V