​ដោយៈ តារា​រិ​ទ្ធ / ភ្នំពេញៈ នៅ​រសៀល ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០២២ នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​បិទ​សន្និបាត​កាយ​រិ​ទ្ធ​ជាតិ​កម្ពុជា នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា ។​ 

​សូមបញ្ជាក់ថា កាយរឹទ្ធិ​ជាតិ​កម្ពុជា ត្រូវបាន​បង្កើត​ដំបូង មាន​ឈ្មោះថា អង្គការ​ខេ​មរ​កាយរឹទ្ធិ កម្ពុជា ត្រូវបាន​បង្កើតឡើង នៅក្នុង​ឆ្នាំ​១៩៣៤ ក្រោម​ការដឹកនាំ​របស់​ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ មុនី​រ៉េត ជាមួយ​ថ្នាក់ដឹកនាំ​ផ្សេងទៀត ។ ជំនាន់​ដំបូង នៃ​ខេ​មរ​កាយរឹទ្ធិ​កម្ពុជា បាន​ពង្រីក និង​ផ្សព្វផ្សាយ​ទៅដល់ ៧-៨ ខេត្ត ក្រុង និង​មាន​សមាជិក​ច្រើន ជាង ១.០០០ នាក់​។​

​កាយរឹទ្ធិ​ជាតិ​កម្ពុជា ត្រូវបាន​បាត់បង់​ទៅវិញ​ទាំងស្រុង នៅក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ របស់ ប៉ុល ពត ។ ក្រោម​ការផ្តួចផ្តើម និង​ជំរុញ​ពីស​ម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ កម្ពុជា កាយរឹទ្ធិ​ជាតិ​កម្ពុជា ត្រូវបាន​បង្កើត​ឡើងជា​ថ្មី នៅ​ឆ្នាំ ២០០០ និង​បានរៀបចំ​រចនា សម្ព័ន្ធ ជា​បន្ត​បន្ទាប់ពី​ថ្នាក់ជាតិ​ដល់​មូលដ្ឋាន​។ កាយរឹទ្ធិ​ជាតិ​កម្ពុជា ត្រូវបាន​បែងចែក​ជា ៣ ថ្នាក់ រួមមាន កាយរឹទ្ធិ​ប្អូន (​អាយុ​៩-១១​ឆ្នាំ​) , កាយរឹទ្ធិ (​អាយុ ១២-១៧​ឆ្នាំ​) និង​កាយរឹទ្ធិ​រៀមច្បង (​អាយុ ១៨-២៥​ឆ្នាំ​) ។

​កាយរឹទ្ធិ​ជាតិ​កម្ពុជា គឺជា​ធនធាន​ដ៏​មាន​សារៈសំខាន់ ដែល​ត្រូវតែ​អភិវឌ្ឍន៍​ធនធាន​ទាំងនេះ ឱ្យមាន​សក្តានុពល​ពេញលេញ ខាង​ផ្លូវកាយ ផ្លូវ​បញ្ញា​ផ្លូវ​សង្គម ផ្លូវចិត្ត ដើម្បីឱ្យ​ពួកគេ​ក្លាយ ទៅជា​ពលរដ្ឋ មានការ​ទទួលខុសត្រូវ ក្នុងសង្គម និង​ជា​សមាជិក​សកម្ម ក្នុង​សហគមន៍ នៅតាម​មូលដ្ឋាន រស់នៅ​ដោយ​ផ្អែកលើ​មូលដ្ឋាន​រៀន ដោយ​អនុវត្ត​ជាក់ស្តែង និង​វិធី​កាយ​រឹ​ទិ្ធ​កម្ម​។​

​កាយរឹទ្ធិ​ជាតិ​កម្ពុជា ត្រូវបាន​ទទួលស្គាល់ ជា​សមាជិក​ពេញសិទ្ធិ នៃ​អង្គការ​ពិភពលោក ចលនា​កាយរឹទ្ធិ នៅ​ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០០៨ និង​ត្រូវ​បានប្រកាស​ជា​ឱ​ឡា​រឹក​នៅក្នុង​អង្គ មហាសន្និបាត​លើក​ទី​៣៨ នា​ថ្ងៃទី ១៤-១៨ ខែកក្កដា ឆ្នាំ​២០០៨ នៅ​កូរ៉េខាងត្បូង​៕/V​