ដោយៈ វ៉ៃកូ / ស្វាយរៀងៈ លោក ជុក មុន្នី រដ្ឋលេខាធិការក្រសួងមុខងារ និងសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយក្រុងស្វាយរៀង នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ នេះ បានជំរុញឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅក្នុងមូលដ្ឋាន ត្រូវនាំគ្នាអញ្ជើញទៅពិនិត្យមើលឈ្មោះ ក្នុងបញ្ជីឈ្មោះបោះឆ្នោត ដើម្បីត្រៀមទៅបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នាពេលខាងមុខ។

លោក ជុក មុន្នី បានជំរុញបែបនេះ ក្នុងឱកាសដែលលោកបានអញ្ជើញជួបសំណេះសំណាល និងចែកអំណោយជូនគ្រួសារប្រជាពលរដ្ឋក្រីក្រ ដែលកំពុងជួបការលំបាក ក្នុងជីវភាពរស់នៅ ចំនួន ៨ គ្រួសារ ស្ថិតនៅក្នុងសង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ហើយនៅក្នុង ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោក ណុប ចំរើន អភិបាលក្រុងស្វាយរៀង អស់លោកជាអភិបាលរងក្រុង លោក ជូ សុធី ប្រធានក្រុមការងារ ចុះជួយសង្កាត់សង្ឃ័រ លោកស្រី ចៅសង្កាត់ និងមន្ត្រី ដែលមានការពាក់ព័ន្ធនានា ជាច្រើនរូបទៀតផងដែរ។

លោក ជុក មុន្នី បានមានប្រសាសន៍បន្តទៀតថាៈ ដើម្បីឆ្លើយតបទៅនឹងសំណូពររបស់ ប្រជាពលរដ្ឋ ដែលងាយរងគ្រោះ ក៏ដូចជា កំពុងជួបប្រទះនូវការលំបាកក្នុងជីវភាពរស់នៅ ប្រចាំថ្ងៃ នៅតាមសហគមន៍ ក៏ដូចជា​នៅតាមសង្កាត់ទាំង ៧ នៅក្នុងក្រុង លោក និងក្រុមការងារ ក៏បានឯកភាពគ្នា ក្នុងការដោះស្រាយជូនពួកគាត់ នៅតាមគ្រួសារ ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃ ទៅតាមលទ្ធភាព ជាក់ស្តែង នាពេលនេះ  ។

នៅក្នុងឱកាសនោះដែរ លោកប្រធានក្រុមការងារ ក៏បាននាំមកនូវបណ្តាំផ្ញើការសាកសួរសុខទុក្ខ ពីសំណាក់ប្រមុខដឹកនាំ នៃរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ជូនចំពោះមន្ត្រីរាជការ បងប្អូនប្រជាពលរដ្ឋ នៅទីនេះ ដែលសម្តេចតែងតែគិតគូរ អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ គ្រប់ទីកន្លែង។

លោកបានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ សូមបន្តការយកចិត្តទុកដាក់ អំពីការប្រកប របរចិញ្ចឹមជីវិតប្រចាំថ្ងៃ និងការថែទាំសុខភាពរស់នៅ ប្រកបដោយអនាម័យ ជាពិសេស ការអនុវត្តវិធានការ ការពារជំងឺកូវីដ-១៩ ៣ ការពារ ៣ កុំ និង ២ ចូលរួម ហើយក៏សូមលើក ទឹកចិត្ត ទៅដល់បងប្អូនប្រជាពលរដ្ឋ ត្រូវមានលក្ខណៈត្រៀម បង្ការជានិច្ចនូវ គ្រោះមហន្តរាយនានា ព្រោះបច្ចុប្បន្ន នៅលើពិភពលោក ក៏ដូចជា ប្រទេសកម្ពុជាយើង តែងទទួលរងនូវផលប៉ះពាល់ ការផ្លាស់ប្តូរអាកាសធាតុ នៅគ្រប់ពេលវេលា មិនថា ទីណាកន្លែងណានោះទេ បង្ករឡើងនូវគ្រោះ មហន្តរាយញឹកញាប់ ដូចជា គ្រោះទឹកជំនន់ គ្រោះរាំងស្ងួត និងខ្យល់កន្ត្រាក់ជាដើម ។ ពិសេស ជាងនេះទៅទៀត គ្រោះមហន្តរាយ ដែលបង្ករ ដោយមនុស្សគឺ គ្រោះថ្នាក់ចរាចរណ៍ ការប្រើប្រាស់គ្រឿងញៀន និងការប្រើ ប្រាស់អំពើហិង្សា នៅក្នុងគ្រួសារ នៃសង្គមជាតិ និងកត្តាជាច្រើនទៀត ដែលត្រូវដោះស្រាយ ចំពោះ មុខនោះគឺ ជនដែលងាយរងគ្រោះ មានចាស់ជរាឥតទីពឹង ជនពិការ កុមារកំព្រា ស្ត្រីមេម៉ាយ មានកូនច្រើន អ្នករស់នៅជាមួយមេរោគអេដស៍ ដូចយើងឃើញនៅពេលនេះ ស្រាប់ ។

អំណោយដែលបានចែកជូន ក្នុង ១ គ្រួសារ ទទួលបានអង្ករ ២០ គ.ក្រ មី១កេស ត្រីខ ១០ កំប៉ុង ទឹកដោះគោ២កំប៉ុង  ក្រមា១ មុង១ ទឹកសុីអុីវ១យួរ និងថវិកាធ្វើដំណើរ ១១០.០០០ រៀល៕ V / N