​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ លោក យ៉ា​ស៊ូអូ តា​កា​ម៉ា​ត់ស៊ូ (Yasuo Takamatsu) បាន​បាត់បង់​ប្រពន្ធ​របស់​គាត់​ឈ្មោះ យូ​កូ (Yuko) ក្នុង​គ្រោះ​រលក​យក្ស​ស៊ូ​ណា​មី​ជប៉ុន​ឆ្នាំ ២០១១ ប៉ុន្តែ​អស់​រយៈពេល ១១ ឆ្នាំ​មកនេះ​គាត់​នៅតែ​ទៅ​មុជទឹក​ស្វែងរក​ប្រពន្ធ​ជា​រៀង​រាល់​សប្តាហ៍​។​

​លោកតា​កា​ម៉ាត់​ស៊ូ​បាន​មុជទឹក​នៅក្នុង​ឆ្នាំ ២០១៣ ក្នុង​ការប៉ុនប៉ង​ទាំង​អស់​សង្ឃឹម​ដើម្បី​ស្វែងរក​សាកសព​ប្រពន្ធ​របស់​គាត់ បន្ទាប់​ពី​លោកស្រី​បាន​បាត់​ខ្លួន​នៅ​អូ​ណាហ្គា​វ៉ា (Onagawa)​ដែល​ជា​តំបន់​​មួយ​ក្នុងចំណោម​តំបន់​រងគ្រោះ​ខ្លាំងជាងគេ​របស់​ប្រទេស​។​

​រញ្ជួយ​ដី​នៅក្រោម​ទឹក​នៅ​ឆ្នេរសមុទ្រ​ភាគ​ខាងកើត​នៃ​ប្រទេស​ជប៉ុន​បាន​បណ្តាលឱ្យ​មាន​រលក​យក្ស​ស៊ូ​ណា​មី ដ៏​បំផ្លិចបំផ្លាញ​នៅ​ថ្ងៃទី ១១ ខែ​មីនា​ឆ្នាំ ២០១១​ដែល​បណ្តាលឱ្យ​មនុស្ស​ជិត​កន្លះ​លាន​នាក់​គ្មាន​​ផ្ទះសម្បែង​និង​សម្លាប់​មនុស្ស​ជិត ២០.០០០ នាក់​។​

​ប្ដី ដែល​ពោរពេញ​ដោយ​ក្ដី​ស្រឡាញ់​រូបនេះ បាន​និយាយថា គាត់​នឹង​បន្ត​ស្វែងរក​នៅលើ​ដី​និង​សមុទ្រ “​ដរាបណា​រូប​កាយ​គាត់​នៅ​ដើរ​ទៅ​មុខ​បាន​”​។​

​មនុស្ស​ជាង ២.៥០០ នាក់​នៅ​តែ​ត្រូវបាន​រាយការណ៍​ថា​កំពុង​បាត់​ខ្លួន​ពី​រលក​យក្ស​ស៊ូ​ណា​មី​។​

​លោកតា​កា​ម៉ាត់​ស៊ូ​បាន​រកឃើញ​ទូរស័ព្ទ​ប្រពន្ធ​របស់​គាត់​នៅ​ចំណត​រថយន្ត​របស់​ធ​នា​គារ កន្លែង​ដែល​លោកស្រី​ធ្វើការ ពោល​អស់​ពេល​ជា​ច្រើន​ខែ​បន្ទាប់​ពី​គ្រោះមហន្តរាយ​នេះ​បាន​កើតឡើង ប៉ុន្តែ​មិន​បាន​រកឃើញ​អ្វី​ទាំងអស់​ចាប់តាំងពី​ពេលនោះ​មក​។​

​លោក​បាន​និយាយថា គំនិត​នៃ​ការរស់រាន​មាន​ជីវិត​និង​ការមិន​ស្វែងរក​ប្រពន្ធ​របស់​គាត់ គឺ​ពិតជា “​ខូចចិត្ត​ណាស់​”​។​

​បន្ទាប់​ពី​ស្វែងរក​នៅលើ​ដី​អស់​រយៈពេល​ពីរ​ឆ្នាំ​កន្លះ បុរស​អាយុ ៥៦ ឆ្នាំ​រូប​នេះ​បានចាប់ផ្តើម​រៀន​មុជទឹក​នៅ​ខែ​កញ្ញា ឆ្នាំ ២០១៣​។​

​ប្រពន្ធ​របស់​លោកតា​កា​ម៉ាត់​ស៊ូ​កំពុងធ្វើការ​នៅពេល​ដែល​រលក​យក្ស​ស៊ូ​ណា​មី​បោកបក់​មក​លើ​ដីគោក​។​

​លោកស្រី​យូ​កូ​កំពុង​បោសសម្អាត​កម្ទេចកម្ទី​ពី​ការបំផ្លិចបំផ្លាញ​នៃ​រញ្ជួយ​ដី​ពី​ដំបូង នៅពេល​ដែល​រលក​យក្ស​ស៊ូ​ណា​មី​បាន​បោកបក់​ចូល​លើ​ដីគោក​។​

​នៅក្នុង​សារ​ចុងក្រោយ​របស់​លោកស្រី​ទៅកាន់​ស្វាមី លោកស្រី​យូ​កូ​បានសរសេរថា “​បង​ម៉េច​ហើយ​? អូន​ចង់​ទៅ​ផ្ទះ​”​។​

​ប៉ុន្មាន​ខែ​ក្រោយ​មក ទូរស័ព្ទ​របស់​លោកស្រី​ត្រូវបាន​រកឃើញ​ជាមួយនឹង​សារ​ដែល​មិន​បាន​ចុច​មើល យ៉ាង​ដូច្នេះ​ថា “​រលក​យក្ស​ស៊ូ​ណា​មី​គឺ​មហន្តរាយ​ណាស់​”​។​

​លោកតា​កា​ម៉ា​ត់ស៊ូ ដែលជា​អ្នកបើកបរ​រថយន្តក្រុង​នៅពេលនោះ បាន​និយាយ​កាលពី​មុន​ថា គាត់​មិនដែល​ចង់​រៀន​មុជទឹក​សមុទ្រ​នោះ​ទេ ប៉ុន្តែ​ការគិត​អំពី​ប្រពន្ធ​របស់​គាត់​បាន “​ជំរុញ​”​គាត់​ចូលទៅ​​ក្នុង​ទឹក​។​

“​ខ្ញុំ​ចង់​ស្វែងរក​នាង ប៉ុន្តែ​ខ្ញុំ​ក៏​មាន​អារម្មណ៍​ថា នាង​ប្រហែលជា​មិន​ត្រូវបាន​រក​ឃើញ​ទេ ព្រោះ​មហាសមុទ្រ​ធំធេង​ណាស់ ប៉ុន្តែ​ខ្ញុំ​ត្រូវតែ​ស្វែងរក​បន្តទៀត​”៕

លោកតា​កា​ម៉ា​ត់ស៊ូ​នៅ​តែ​តាម​ស្វែងរក​សព​ប្រពន្ធ​របស់​គាត់​រហូតមក​ទល់​សព្វថ្ងៃ