​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ នាយករដ្ឋមន្ត្រី​ថៃ​លោក ប្រា​យុទ្ធ ចាន់​អូ​ចា បាន​បញ្ជា​ឱ្យ​មាន​ការបង្ក្រាប​គ្រឿងញៀន និង​ការផ្តោត​កាន់តែ​ខ្លាំង​លើ​ការ​ស្តារនីតិសម្បទា​អ្នក​ញៀន​ថ្នាំ​បន្ទាប់​ពី​​ការសម្លាប់​រង្គាល ដែល​បណ្តាលឱ្យ​ស្លាប់​មនុស្ស ៣៧ នាក់ ដែល​បាន​បង្ក​ឱ្យ​មាន​ការអំពាវនាវ​ឱ្យមាន​គោលនយោបាយ​កាន់តែ​តឹងរ៉ឹង​។​

​អ្នកនាំពាក្យ​រដ្ឋាភិបាល​លោក អា​នូ​ចា ប៊ូ​រ៉ា​ផា​ឆៃ​ស្រី (Anucha Burapachaisri)​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​ចន្ទ​ទី​១០​តុលា​ថា​លោក​ប្រា​យុទ្ធ​បានធ្វើឱ្យ​ការបង្ក្រាប​គ្រឿង​​ញៀន​ក្លាយ​ជា​របៀបវារៈ​ថ្នាក់​ជាតិ​បន្ទាន់ ហើយ​បាន​បញ្ជា​ឱ្យ​ប៉ូលិស​ធ្វើការ​បង្ក្រាប​យ៉ាងសកម្ម​លើ​សារធាតុ​ខុសច្បាប់ ដើម្បី​ស្តារ​ទំនុកចិត្ត​សាធារណៈ​ឡើងវិញ​។​

​លោក​បន្តថា ប៉ូលិស​នឹង​ធ្វើ​ការស្រាវជ្រាវ​ចោះៗ ចាប់ខ្លួន​ជនល្មើស និង​នាំ​អ្នកប្រើប្រាស់​មក​ធ្វើការ​ស្តារនីតិសម្បទា​។​

​ជាមួយគ្នានេះដែរ អគ្គស្នងការ​នឹង​ត្រួតពិនិត្យ​មន្ត្រី​របស់​ខ្លួន​ចំពោះ​ការ​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​។ ការ​ជាប់​ពាក់ព័ន្ធ​បែប​នេះ​នឹង​ឈានដល់​ការចាត់វិធានការ​ផ្លូវច្បាប់​។​

​បទបញ្ជា​របស់​នាយក​រដ្ឋមន្ត្រី​បាន​ធ្វើឡើង បន្ទាប់​ពី​អតីត​ប៉ូលិស​ម្នាក់ ដែល​មាន​ទំនាក់ទំនង​នឹង​ការជួញដូរ​គ្រឿងញៀន បាន​សម្លាប់​មនុស្ស​ចំនួន ៣៦ នាក់​នៅក្នុង​ខេត្ត​ណង​បួ​ឡាំ​ភូ (Nong Bua Lamphu) កាលពី​សប្តាហ៍​មុន មុន​ពេល​សម្លាប់​ខ្លួន​តា​ម​ក្រោយ​។​

​គាត់​ត្រូវ​បាន​បណ្តេញចេញ​ពី​កម្លាំង​ប៉ូលិស​បន្ទាប់ពី​ត្រូវបាន​ចាប់ខ្លួន​ពី​បទ​កាន់កាប់​គ្រឿងញៀន​ខុស​ច្បាប់​ក្នុង​ខែ​មករា​។​

​ប៉ូលិស​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា ទោះបី​មាន​ការសង្ស័យថា បុរស​អាយុ ៣៤ ឆ្នាំ​រូប​នេះ​ស្ថិតនៅ​ក្រោម​ឥទ្ធិពល​នៃ​សារធាតុ​មេតំ​ហ្វេ​តា​មីនក៏​ដោយ ក៏​ការ​ធ្វើតេស្តិ៍​ឈាម​រក​មិនឃើញ​មាន​ដាន​សារធាតុ​​ញៀន​នោះទេ​៕

មន្ត្រីនគរបាល​ជាតិ​កំពុង​ឈរ​នៅ​មណ្ឌល​ថែទាំ​កុមារ ទី​ដែល​ការសម្លាប់​រង្គាល​ដ៏​ធំ​បាន​កើតឡើង​នៅ​ខេត្ត​ណុង​បួ​ឡាំ​ភូ​នៅ​ថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២២