ដោយៈ សុផល​/​ភ្នំពេញៈ កំពង់ផែ​ទេសចរណ៍​ខេត្តកំពត​បាន​សាងសង់​បញ្ចប់​ជា​ស្ថាពរ​ហើយ​។ វា​នឹង​ដើរតួនាទី​សំខាន់​សម្រាប់​ត​ភ្ជាប់​ដំណើរ​ទេសចរណ៍​តាម​សមុទ្រ​នៅ​កម្ពុជា និង​ជាមួយ ប្រទេសជិតខាង​។ កំពង់ផែ​នេះ​ស្ថិតនៅ​ជាប់​នឹង​ដងព្រែក​ដែលជា​ដៃសមុទ្រ ស្ថិតក្នុង​ស្រុក​ទឹកឈូ ចម្ងាយ​ប្រមាណ​៦​គីឡូម៉ែត្រ ពី​ក្រុង​កំពត​។ កំពង់ផែ​ទេសចរណ៍​សមុទ្រ​នេះ ៤​ហិកតា ត្រូវបាន​ចាប់ផ្តើម​សាងសង់​កាលពី​ឆ្នាំ​២០១៨ ហើយ​បញ្ចប់​ការសាងសង់​ទាំងស្រុង​នៅ​ថ្ងៃខែ​មិថុនា ឆ្នាំ​២០២២​។​

​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ត្រូវ​សាងសង់​រួមមាន​៖ កំពង់ផែ​ប្រវែង​ជាង ១២៣​ម៉ែត្រ មាន​ទទឹង​ជាង ១១​ម៉ែត្រ​, អគារ​អ្នកដំណើរ និង​ភោជនីយដ្ឋាន​, ផ្លូវ​, អគារ​ប្រមូល​សំរាម​, អគារ​បច្ចេកទេស​, បន្ទប់ទឹក​សាធារណៈ​, អាង​ស្តុក​ទឹក​, ស្រះ​ទឹក និង​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​មួយចំនួនទៀត​។​

​កំពង់ផែ​ទេសចរណ៍​ខេត្តកំពត ត្រូវបាន​សាងសង់ឡើង​ក្រោម​កម្ចី​ថវិកា​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី ADB ជាង ១៨​លាន​ដុល្លារ​អាមេរិក​។ ដំណើរការ សាងសង់​ដោយ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។​

​បន្ទាប់ពី​ការសាងសង់​រួចរាល់​នៅ​ថ្ងៃទី​០៧ ខែតុលា ឆ្នាំ​២០២២ លោក​ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន អមដំណើរ​ដោយ​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​ចុះទៅពិនិត្យ​ដោយផ្ទាល់ និង​ពិភាក្សា​លើ​ការងារ​មួយចំនួន ដើម្បី​ដាក់ឱ្យ​ដំណើរការ​កំពង់ផែ​នេះ​។​

​សូមបញ្ជាក់ថា កំពង់ផែ​ទេសចរណ៍​ខេត្តកំពត អាច​ភ្ជាប់​ទៅនឹង​កំពង់ផែ​ក្នុង​ខេត្ត​ព្រះសីហនុ ខេត្តកោះកុង កោះរ៉ុង ហើយក៏​ភ្ជាប់​ទៅ​កំពង់ផែ​កោះត្រល់ និង​កំពង់​ដទៃទៀត​នៅ​ប្រទេស​វៀតណាម និង​ប្រទេស​ថៃ​ផងដែរ​៕​