ដោយ​៖ សុវណ្ណ​កុម្ភៈ​/​ភ្នំពេញ​៖ ពិធី​បើក​-​បិទ​កីឡា​ជាតិ​លើក​ទី​៣ និង​ការប្រកួត​កីឡា​ស៊ី​ហ្គេម​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​ឆ្នាំ​២០២៣ ត្រូវបាន​ក្រសួងការពារជាតិ​សម្រេច​ផ្ដល់​កម្លាំង​អង្គរក្ស​ជាង​១.០០០​នាក់​សម្រាប់​ហ្វឹកហាត់​ត្រៀម​សម្ដែង​ទស្សនីយភាព​សម្រាប់​ពិធី​នេះ​។ ​នេះ​បើតាម​ការអះអាង​របស់​លោក​វ៉ា​ត់ ចំរើន​អគ្គលេខាធិការ​អគ្គលេខាធិការ​ជាតិ​រៀប​ចំ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ (CAMSOC) បន្ទាប់ពី​លោក​បាន​ពិភាក្សា​ជាមួយ​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ប៊ុន លើ​ត រដ្ឋលេខាធិការ​ក្រសួងការពារជាតិ​ថ្ងៃទី​១០ ខែតុលា​នេះ​។​

​កិច្ចប្រជុំ​នេះ​ផ្ដោត​សំខាន់​លើ​ការពិភាក្សា​ពី​ការរៀបចំ​នូវ​កម្លាំង​ក​ង​យោធពល​ខេ​មរ​ភូ​​មិ​ន្ទ ដោយមាន​ការចូលរួម​ពី​ក្រុមការងារ​ជំនាញ​ដើម្បី​ដាក់ចេញ​នូវ​កម្លាំង​ពិត ទីកន្លែង​ច្បាស់​លាស់ និង​ការរៀបចំ​កម្មវិធី ពិសេស​សមាសភាព​គ្រប់គ្រាន់ សម្រាប់ធ្វើ​ការហ្វឹកហាត់​។

​លោក​អគ្គលេខាធិកា​បានឱ្យដឹង​ទៀតថា ជំហាន​ដំបូង ដំណាក់កាល​ទី​១ យើង​ត្រូវការ ១.០៥០​នាក់ សម្រាប់​ចាប់ផ្ដើម​ការងារ​ហ្វឹកហាត់ ហើយ​ជាង ១​ពាន់​នាក់​នេះ ត្រូវបាន​ក្រសួងការពារជាតិ តាមរយៈ​កិច្ចប្រជុំ​នេះ​បាន​ឯកភាព​ឱ្យ​យក​កម្លាំង​របស់​កង​អង្គរក្ស​តែម្ដង​ដែលជា​កងកម្លាំង​រៀបរយ​ស្រេច កម្លាំង​មានការ​ហ្វឹកហាត់​ក្បាច់គុន​ស្រេច មក​ធ្វើ​ការរៀបចំ​។​

​បន្ទាប់ពី​ទទួលបាន​ការឯកភាព​នេះ ក្រុមការងារ​គណៈកម្មកា​របើក​-​បិទ​របស់ CAMSOC គ្រោង​នឹង​ទៅ​ជួប​សម្ដែង​ការគួរសម​ផ្ទាល់​ជាមួយ​លោកនាយ​ឧ​ត្ត​ម​សេនីយ៍​មេបញ្ជាការ​កង​​អង្គរក្ស ក្នុង​សប្ដាហ៍​នេះ ដើម្បី​ធ្វើការ​ចង្អុលបង្ហាញ និង​ការ​ផ្ដល់នូវ​ភាពកក់ក្ដៅ​ដល់​ក្រុមការងារ ក្នុង​ការរៀបចំ​ការហ្វឹកហាត់​នៅ​កង​អង្គរក្ស​តែម្ដង​។ ក្នុងនោះ​មាន​គ្រូ​បង្គោល​ចំនួន ៥០​នាក់ នឹងត្រូវ​ចាត់ចែង​ផ្ទាល់​ដោយ​បញ្ជាការដ្ឋាន​កងយោធពល​ខេមរភូមិន្ទ​ដើម្បី​បង្ហាត់ និង​ការត្រៀម​សម្ដែង​នូវ​ទស្សនីយភាព ស្គរជ័យ​អរិយធម៌​ខ្មែរ​។

​លោក​សង្កត់ធ្ងន់ថា យើង​ឃើញថា ការធ្វើការងារ​ក្នុង​ពេលនេះ យើង​មាន​ស្មារតី​រួម​ល្អ​ណាស់​ដោយសារ​ការយោគយល់​គ្នា​ក្រោម​ការដឹកនាំ​របស់​សម្ដេច​ពិជ័យ​សេនា​ក៏ដូចជា​លោក​បណ្ឌិត ថោង ខុន រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍​និង​ជា​អនុប្រធាន​អចិន្ដ្រៃយ៍ CAMSOC គឺ​តែងតែ​ជំរុញ​ថា​អ្វីដែល​យើង​គួរ​ធ្វើ​ត្រូវតែ​ជំរុញ​ហ្មត់ចត់ និង​ឲ្យ​មាន​របៀបរៀបរយ​។ ដើម្បី​ផលប្រយោជន៍ នៃ​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នេះ យើង​ត្រូវ​ចេះ​របៀប​ធ្វើការ​ជាមួយគ្នា​ដោយ​សុខដុមរមនា​។​

​សូមបញ្ជាក់ថា កីឡា​ជាតិ លើក​ទី​៣ នឹង​ប្រព្រឹត្តទៅ ពីថ្ងៃ​ទី​២១-៣០ ខែវិច្ឆិកា ឆ្នាំ​២០២២​។ រីឯ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​លើកដំបូង​នៅ​កម្ពុជា​វិញ គឺ​ការប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី​៣២ នឹង​ប្រព្រឹត្តទៅ ពីថ្ងៃ​ទី​០៥-១៧ ខែឧសភា ឆ្នាំ​២០២៣ និង​ការប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេម លើក​ទី​១២ នឹង​ប្រព្រឹត្តទៅ ពីថ្ងៃ​ទី​០៣-០៩ ខែមិថុនា ឆ្នាំ​២០២៣៕​