ដោយ​៖ សុវណ្ណ​កុម្ភៈ​/​ភ្នំពេញ​៖ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​វាយ​សី​កម្ពុជា​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជាម សុភា បានបង្ហាញ​នូវ​ការគាំទ្រ ចំពោះ​ក្លិប T-Badminton Court ដែល​បានរៀបចំ​នូវ​ការប្រកួត​ពានរង្វាន់ T-OPEN 2022 ។​

​ក្រោយ​បញ្ចប់​ការប្រកួត​ពានរង្វាន់​ល​ក្ខ​ណៈ​មិត្តភាព​ខាងលើ​ដែល​ពិធី​បិទ​បាន​ធ្វើឡើង​ក្រោម​វត្តមាន​លោក ខៀវ ភា​រិ​ទ្ធ លេខាធិការ​គណៈកម្មកា​រ​ទី​៧ នៃ​រដ្ឋសភា និង​ជា​សមាជិក​គណៈកម្មាធិកា​រ​កណ្តាល សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បន្ទាប់ពី​ដំណើរការ​ប្រកួត​រយៈពេល ២​ថ្ងៃ​កាលពី​ថ្ងៃទី​០៨ ដល់​០៩ ខែតុលា ឆ្នាំ​២០២២​។​

​លោក​អគ្គលេខាធិការ​ស​ហ​ព័ន្ធ​បាន​បញ្ជាក់ថា ការប្រកួត​នេះ គឺជា​ការ​បំផុស​ដល់​កីឡាករ​-​កីឡាការិនី​ចេះ​លេង​កីឡា​វាយ​សី​ឲ្យ​ចូលរួម​ប្រកួត ហើយ​សហព័ន្ធ​រីករាយ​ក្នុង​ការជួយ​គាំទ្រ​លើ​បច្ចេកទេស​រៀបចំ​នានា​។ លោក​បន្ថែមថា «​ខ្ញុំ​គិតថា បើ​កីឡា​វាយ​សី​របស់​យើង មានការ​ផុសផុល​ចាប់ពីពេលនេះ​រហូត​តទៅ កីឡា​វាយ​សី នឹងមាន​ធនធាន​កាន់តែច្រើន សម្រាប់​ត្រៀម​រៀបចំ​ការប្រកួត​ឆាក​អន្ដរជាតិ​ឲ្យ​បាន​ច្រើន​ដូច​គេ​»​។​

​លោក ព្រំ សា​រ៉ាវុធ តំណាង​ក្លិប T-Badminton Court បាន​សម្ដែង​នូវ​សេចក្ដី​រីករាយ ដែល​បានរួម​ចំណែក​ជាមួយ​សហព័ន្ធ​ក្នុងការ​រៀបចំ​ព្រឹត្តិការណ៍​នេះ​ឡើង​ដើម្បី​ជំរុញ​ការ​វិស័យ​កីឡា​វាយ​សី​មួយ​នេះ​។ ព្រឹត្តិការណ៍​នេះ​មាន​កីឡាករ កីឡាការិនី​ចូលរួម​ចំនួន​១២៨​នាក់ មកពី ១៦​ក្លិប ក្នុងនោះ​ក៏មាន​កីឡាករ​-​កីឡាការិនី​បរទេស​ចូលរួម​ផងដែរ ដូចជា​ម៉ាឡេស៊ី ឥណ្ឌូនេស៊ី វៀតណាម បារាំង និង​អង់គ្លេស​ជាដើម​។​

​ទិសដៅ​របស់​ក្លិប T-Badminton Court នឹង​កំណត់​ព្រឹត្តិការណ៍​នេះ​គឺជា​កម្មវិធី​ប្រកួត​ប្រ​​ចាំ​ឆ្នាំ​របស់​ក្លិប​នៅ​រៀងរាល់​ខែតុលា​ហើយ​ក្លិប​នឹង​ខិតខំ​រៀបចំ​ការប្រកួត​នេះ​ឲ្យ​កាន់តែ​ល្អប្រសើរ ទោះបី​ការរៀបចំ​លើក​នេះ គ្មាន​ការរិះគន់​ណាមួយ​ក្ដី ដើម្បី​រួមចំណែក​ជាមួយ​សហព័ន្ធ ក្នុងការ​អភិវឌ្ឍ និង​ផលិត​ធនធាន​កីឡា​វាយ​សី​ឲ្យ​កាន់តែ​រីកចម្រើន​បន្ថែមទៀត​។​

​សម្រាប់​ព្រឹត្តិការណ៍ T-OPEN 2022 គឺ​បែង​ចែកជា​២ គឺ​ការប្រកួត​កម្រិត​មធ្យម (Intermediate) និង​ការប្រកួត​កម្រិត​ខ្ពស់ (Advance) លើ​វិញ្ញាសា​វាយ​គូ​បុរស​។​

​ជា​លទ្ធផល​កម្រិតកម្រិត Intermediate លេខ​១ បាន​ទៅ​កីឡាករ ហេង ចាន់​សុ​វណ្ណា និង ភាវ សៀវ​ហ៊ុយ​, លេខ​២ កីឡាករ ផាម ថេ​ង​ឡុង និង ឡាំ ងៀ​ន​ដុ​យ​អា​ញ និង​លេខ​៣ កីឡាករ ឡាំ កូរ៉េ​ន និង ឡាយ ហុក​ឈុម​។​

​លទ្ធផល​ការប្រកួត​កម្រិត Advance ចំណាត់ថ្នាក់​លេខ​១ បាន​ទៅ​កីឡាករ អ៊ឹង យ៉ុង​វៃ និង​កីឡាករ លឹម ជី​ត ហ៊ុយ ធើ​រ៉េ​ន​, លេខ​២ កីឡាករ អេង អេ​ច​សេ​លេន និង​ដៃគូ លាង​ភី​ណា និង​លេខ​៣ កីឡាករ បុ​ត អាច្ច​ក្រី​យ៉ា និង​កីឡាករ ឡាង ចន្ទី​៕​