ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ កសិករ ពាណិជ្ជករ និង​មន្ត្រី​ឧស្សាហកម្ម​បាន​និយាយថា ភ្លៀង​ធ្លាក់​ខ្លាំង​នៅក្នុង​ប្រទេស​ឥណ្ឌា​បាន​ធ្វើឱ្យ​ខូចខាត​ដល់​ដំណាំ​រដូវក្ដៅ​សំខាន់ៗ​ដូចជា ស្រូវ សណ្ដែក​​សៀង កប្បាស សណ្តែកបាយ និង​បន្លែ មុន​ពេល​ប្រមូល​ផល ដែល​អាច​ជំរុញ​ឱ្យមាន​អតិផរណា​ស្បៀងអាហារ​នៅក្នុង​សេដ្ឋកិច្ច​ធំ​បំផុត​ទី​បី​របស់​អាស៊ី​។​

​តម្លៃ​អាហារ​ខ្ពស់​អាច​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ក្រុង​ញូវដេលី​ដាក់ការ​រឹត​បន្តឹង​ថែម​ទៀត​លើ​ការនាំចេញ​ទំនិញ​ម្ហូបអាហារ​ដូចជា​អង្ករ ស្រូវ​សាលី និង​ស្ក​រហើយ​អាច​បង្ខំ​ឱ្យ​ធនាគារ​កណ្តាល​របស់​ឥណ្ឌា​ដំឡើង​​អត្រា​ការប្រាក់​ម្តងទៀត​។​

​លោក ណារិ​នដ្រា ស៊ូ​ក្លា (Narendra Shukla) កសិករ​អាយុ ៣៦ ឆ្នាំ​មក​ពី​ស្រុក​បា​រ៉ា​បាន​គី (Barabanki) ក្នុង​រដ្ឋ​អ៊ូ​ត​ថា​ប្រា​ដេស (Uttar Pradesh) បាន​និយាយថា​”​មាន​ភ្លៀង​ធ្លាក់​ច្រើន​​ណាស់​នៅ​មួយ​សប្តាហ៍​ចុងក្រោយ​នេះ ដែល​ឥឡូវនេះ​យើង​អាច​ឃើញ​ពន្លក​ចេញពី​គ្រាប់​ពូជស្រូវ​”​។​

​ដំណាំ​ស្រូវ​ទាំងស្រុង ដែល​អាច​ប្រមូល​ផល​បាន​ក្នុង​រយៈពេល​ពីរ​សប្តាហ៍ បាន​បាក់​រាប​ដល់​ដី ហើយ​លោក​ស៊ូ​ក្លា​ឥឡូវ​នេះ​កំពុង​រង់ចាំ​អាកាសធាតុ​ល្អ​ដើម្បី​គាត់​អាច​បញ្ចប់​ការងារ​និង​ដាំដំឡូង​។​

​រដ្ឋ​អ៊ូ​ត​ថា​ប្រា​ដេស​ភាគ​ខាងជើង ដែល​ជា​រដ្ឋ​ផលិត​ស្រូវ​ច្រើនជាងគេ​ទី​ពីរ​របស់​ប្រទេស​នេះ បាន​ទទួល​ទឹកភ្លៀង​ច្រើន​ជាង​ធម្មតា ៥០០ ភាគរយ​រហូតមកទល់​ពេល​នេះ​ក្នុង​ខែតុលា​។​

​ឈ្មួញ​បាន​និយាយថា រដ្ឋ​ជិត​ខាង ម៉ា​តយ៉ា​ប្រា​ដេស (Madhya Pradesh) រដ្ឋ​វេស​បេង​ហ្គាល់ (West Bengal) រដ្ឋ​ហារី​យ៉ាណា (Haryana) និង​រដ្ឋ​រ៉ា​ចា​ស្ថាន (Rajasthan)​ក៏​ឃើញ​​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ផងដែរ ដែល​បាន​បំផ្លាញ​ដំណាំ​ស្រូវ​រដូវក្ដៅ​។​

​លោក ហារី​ស ហ្គាលី​ផែល​លី (Harish Galipelli) នាយក​ក្រុមហ៊ុន ILA Commodities India Pvt Ltd ដែល​ជួញដូរ​ទំនិញ​កសិកម្ម បាន​និយាយថា​វា​អាច​នាំឱ្យ​មាន​ការថយចុះ​ទិន្ន​​ផល​និង​ការថយចុះ​គុណភាព​នៃ​ការប្រមូល​ផល ដោយសារ​ដំណាំ​បាន​ត្រៀម​រួចរាល់​សម្រាប់​ការប្រមូល​ផល​ទៅហើយ ហើយ​នៅ​កន្លែង​ខ្លះ​ដំណាំ​ប្រមូល​ផល​បាន​ស្ងួត​អស់​ទៅហើយ​។​

​កសិករ​ឥណ្ឌា​ជាធម្មតា​ដាំ​ស្រូវប្រាំង​ក្នុង​ខែ​មិថុនា​ដល់​ខែ​កក្កដា​ជាមួយនឹង​ការ​មក​ដល់​នៃ​ភ្លៀង​មូសុង ដោយ​ការប្រមូល​ផល​ចាប់ផ្តើម​ពី​ពាក់កណ្តាល​ខែ​កញ្ញា​។​

​ប៉ុន្តែ​ឆ្នាំ​នេះ វដ្ត​នេះ​ត្រូវបាន​ពន្យារពេល​ដោយ​សារ​ភ្លៀង​ធ្លាក់​ទាប​ក្នុង​ខែមិថុនា ហើយ​ខណៈ​ដំណាំ​ស្រូវ​កំពុង​ត្រៀម​សម្រាប់​ការប្រមូល​ផល វិសម្ពាធ​ទាប​បាន​នាំមក​នូវ​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​តំបន់​ភាគ​ពាយព្យ​និង​ភាគ​ខាងកើត​ប្រទេស និង​បាន​ពន្យារ​ទីបញ្ចប់​នៃ​ខ្យល់មូសុង​និរតី​៕

​ដំណាំ​ស្រូវ​ទាំងស្រុង ដែល​អាច​ប្រមូល​ផល​បាន​ក្នុង​រយៈពេល​ពីរ​សប្តាហ៍ បាន​បាក់​រាប​ដល់​ដី