​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ សហរដ្ឋ​អាម៉េរិក​បាន​ព្រមាន​ហុងកុង​ថា ការផ្តល់​ជំនួយ​ដល់​បុគ្គល​ដែល​ជាប់​ទណ្ឌកម្ម អាច​គំរាមកំហែង​ដល់​ឋានៈ​របស់​ខ្លួន​ជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ បន្ទាប់​ពី​នាវា​កម្សាន្ត​ខ្នាត​ធំ​មួយ ដែល​ផ្សារភ្ជាប់​ទៅ​នឹង​បុរស​មាន​បំផុត​របស់​រុស្ស៊ី​ម្នាក់ បាន​ចូល​ចត​នៅ​កំពង់ផែ​ទីក្រុង​។​

​នាវា​ឈ្មោះ Nord​តម្លៃ ៥០០ លាន​ដុល្លារ​អាម៉េរិក ដែល​ផ្សារភ្ជាប់​ជាមួយ​មហាសេដ្ឋី​ឈ្មោះ អា​ឡិច​សី ម័​រដា​សូវ (Alexey Mordashov) បាន​មក​ដល់​ហុងកុង​កាលពី​ថ្ងៃ​ពុធ​សប្តាហ៍​មុន​បន្ទាប់ពី​ធ្វើ​​ដំណើរ​អស់​មួយ​សប្តាហ៍​ពី​ទីក្រុង​វ្ល៉ា​ឌី​វ៉ូ​ស្តូក (Vladivostok) របស់​រុស្ស៊ី​។​

​លោក​ម័រដា​សូវ ដែល​គេ​ជឿថា​ជា​សម្ពន្ធមិត្ត​របស់​លោក​ប្រធានាធិបតី វ្ល៉ា​ឌី​មៀ ពូ​ទីន រង​ទណ្ឌកម្ម​របស់​សហភាព​អឺរ៉ុប អង់គ្លេស និង​សហរដ្ឋ​អាម៉េរិក បន្ទាប់​ពី​រុស្ស៊ី​បាន​ឈ្លានពាន​អ៊ុយ​ក្រែន​ក្នុង​ខែកុម្ភៈ​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​អាម៉េរិក​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​តាម​អ៊ីមែល​ថា “​លទ្ធភាព​ប្រើប្រាស់​ហុងកុង​ជា​ជម្រក​សុវត្ថិភាព​ពី​សំណាក់​បុគ្គល​ដែល​គេច​ពី​ទណ្ឌកម្ម​ពី​យុត្តាធិការ​ជាច្រើន បាន​ចោទ​ជា​មន្ទិល​បន្ថែម​អំពី​តម្លាភាព​នៃ​បរិយាកាស​អាជីវកម្ម​”​។​

​អ្នកនាំពាក្យ​រូប​នេះ​បាន​បន្ថែមថា កេរ្តិ៍ឈ្មោះ​របស់​ទីក្រុង​ជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​គឺ​អាស្រ័យ​ទៅលើ​ការ​ប្រកាន់ខ្ជាប់​នូវ​ច្បាប់​និង​ស្តង់ដារ​អន្តរជាតិ​។​

​នាយកដ្ឋាន​សមុទ្រ​របស់​ហុងកុង​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា ខណៈ​ខ្លួន​អនុវត្ត​ទណ្ឌកម្ម​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ខ្លួន​មិន​អនុវត្ត​”​ទណ្ឌកម្ម​ឯកតោភាគី​ដែល​ដាក់​ដោយ​យុត្តាធិការ​​ផ្សេងទៀត​” នោះទេ​។​

​នាយក​ប្រតិបត្តិ​ហុងកុង លោក ច​ន លី (John Lee) ត្រូវបាន​ដាក់​ទណ្ឌកម្ម​ដោយ​សហរដ្ឋ​អាម៉េរិក រួម​ជាមួយនឹង​មន្ត្រី​ទីក្រុង​មួយចំនួន​ទៀត​សម្រាប់​តួនាទី​របស់​គាត់​ក្នុង​ការបង្ក្រាប​របស់​រដ្ឋាភិបាល​​លើ​សេរីភាព​ស៊ីវិល​នៅក្នុង​មជ្ឈមណ្ឌល​នេះ​។​

​មាន​ការព្រួយបារម្ភ​ថា មហាសេដ្ឋី​រុស្ស៊ី​អាច​ស្វែងរក​ការ​គេចវេស​ពី​ទណ្ឌកម្ម​ដែល​បាន​ដាក់​ដោយ​អាម៉េរិក​និង​សម្ពន្ធមិត្ត​របស់ខ្លួន ដោយ​ផ្ទេរ​ទ្រព្យសម្បត្តិ​របស់​ពួកគេ​ទៅ​ហុងកុង​៕

​អាម៉េរិក​បារម្ភ​ថា​ហុងកុង​នឹង​ក្លាយជា​ជម្រក​សុវត្ថិភាព​របស់​ជនជាតិ​រុស្ស៊ី​ដែល​ជាប់​ទណ្ឌកម្ម​