បាត់​ខ្លួន​ចូលដល់​ថ្ងៃទី​៧​នៅតែ​រក​មិនឃើញ ក្រុម​សង្គ្រោះ​ថៃ​បែរជា​នាំគ្នា​មក​ហាត់​ត្រៀម​សំរាប់​ជម្លៀស​ជនរងគ្រោះ​

1799
ចែករម្លែក
  • 462
    Shares

​ក្រុម​ជួយសង្គ្រោះ​ថៃ​ដែល​កំពុង​តាម​ស្វែងរក​ក្មេងប្រុស​១២​នាក់​និង​គ្រូ​បាល់ទាត់​របស់គេ​ម្នាក់​នៅក្នុង​ល្អាង​ភ្នំ​ដ៏​វែង​នៅ​ភាគ​ខាងជើង​ប្រទេស​នោះ​កាលពី​ថ្ងៃ​សៅរ៍​ទី​៣០​មិថុនា​បាន​អនុវត្ត​ការជម្លៀស​ជនរងគ្រោះ​និង​ហាត់​របៀប​ព្យាបាល​តាម​លំដាប់លំដោយ ខណៈ​ការ​តាម​ស្វែងរក​និង​ជួយ​សង្គ្រោះបាន​ឈាន​ចូលដល់​ថ្ងៃទី​៧ ហើយ​ក្តីសង្ឃឹម​​ស្ថិត​នៅតែ​លើ​មាត់​។​

​មិនមាន​ការទាក់ទង​ជាមួយ​ក្មេង​បាល់ទាត់​អាយុ​១១​ដល់​១៦​ឆ្នាំ​និង​គ្រូ​របស់គេ​ដែល​បាន​ចូលក្នុង​ល្អាង​ភ្នំ​កាលពី​ចុង​សប្តាហ៍​មុន ខណៈ​ការងារ​ជួយសង្គ្រោះ​ត្រូវ​រារាំង​ដោយ​​ទឹក​ហូរ​ចូល​ល្អាង​ដោយសារតែ​ភ្លៀង​ធ្លាក់​ជាប់​នៅ​តំបន់​ព្រៃភ្នំ​ក្នុង​ខេត្ត​ឈៀង​រ៉ៃ​ភាគ​ខាងជើង​នេះ​។​

​ពួក​គ្រូពេទ្យ​បាន​ហាត់​របៀប​ជួយសង្គ្រោះ​បើសិនជា​ជនរងគ្រោះ​ត្រូវបាន​រកឃើញ ។​ឡានពេទ្យ​និង​ឧទ្ធម្ភាគចក្រ​ក៏​ត្រៀម​ជាស្រេច​នៅ​កន្លែងកើតហេតុ​។​

​នៅពេល​ការស្វែងរក​ឈាន​ចូលដល់​ថ្ងៃទី​៧ ការចាប់អារម្មណ៍​ឥឡូវ​ងាក​ទៅ​មើ​ក​ឱកាស​មានជីវិត​នៅក្នុង​រូង​ដែល​គ្មាន​អាហារ​និង​ពន្លឺ​។​អ្នកខ្លះ​ថែមទាំង​និយាយ​អំពី​ការ​​ជួប​ពស់​ធំៗ ដែល​អាច​លេប​ពួកគេ​ថែមទៀត​។​

​ព័ត៌មាន​ល្អ​មួយ​ពាក់ព័ន្ធ​ប្រតិបត្តិការ​ជួយសង្គ្រោះ​នេះ​គឺ​ចិន​បញ្ជូន​ក្រុម​អ្នកជំនាញ​ជួយសង្គ្រោះ​មួយក្រុម​មកកាន់​ខេត្ត​ឈៀង​រ៉ៃ ដើម្បី​ជួយ​ស្វែងរក​ក្មេង​បាល់ទាត់​១២​នាក់​និង​គ្រូ​របស់គេ នេះ​បើតាម​សេចក្តីថ្លែងការណ៍​ចេញ​ដោយ​ស្ថានទូត​ចិន​ប្រចាំ​ក្រុង​បាងកក​។​

​ក្រុម​នេះ​ត្រូវ​រំពឹងថា​នឹង​ទៅដល់​អាកាសយាន​អន្តរជាតិ​ឈៀង​ម៉ៃ កាលពី​ថ្ងៃ​សុក្រ​ទី​២៩​មិថុនា​មុន​បន្តដំណើរ​ទៅ​ឈៀង​រ៉ៃ​។​ពួកគេ​នឹង​នាំមក​គ្រឿង​បរិក្ខារ​បច្ចេកវិទ្យា​ជាន់​​ខ្ពស់​រួមមាន រ៉ូ​បូត​មុជទឹក​និង​ឧបករណ៍​spectrometer​។​

​ក្រុម​នេះ​មានបទពិសោធន៍​នៅក្នុង​ការជួយ​សង្គ្រោះ​មនុស្ស​ជាប់​ក្នុង​ល្អាង​ភ្នំ​នៅ​មី​យ៉ាន់​ម៉ា​និង​នេ​ប៉ាល់​។​

​បូករួម​ទាំង​ចិន​ទៀត ប្រតិបត្តិការ​នេះ​មាន​ជំនួយ​ពី​អ្នកជំនាញ​បរទេស​មកពី​៣​ប្រទេស គឺ​អាមេរិក អង់គ្លេស​និង​ចិន​។​

​សូមបញ្ជាក់ថា បច្ចុប្បន្ន​ការងារ​ស្វែងរក​និង​ជួយសង្គ្រោះ ផ្តោតលើ​៣​ប្រតិបត្តិការ ទី​១៖​ស្វែងរក​នៅក្នុង​ល្អាង ដោយ​ភារកិច្ច​នេះ​កងទ័ពជើងទឹក​ថៃ​និង​ពួក​អ្នក​មុជទឹក​បរ​​ទេស​ជា​អ្នក​រាប់​រង​។​ពួកគេ​សង្ឃឹម​ធ្វើដំណើរ​ទៅដល់​តំបន់​ស្ងួត​មួយ​ដែល​ពួក​អ្នក​បាត់​ខ្លួន​អាច​រង់ចាំ​នៅ​ទីនោះ​។​តែ​ការងារ​របស់​ពួកគេ​រារាំង​ដោយ​ការ​ធ្លាក់ភ្លៀង​ជាប់​​ដែល​បណ្តាលអោយ​ទឹក​ហូរ​ចូល​ល្អាង​។​

​ក្រុមទី​២ គឺ​ផ្តោតលើ​ការ​ខួង​រន្ធ​នៅ​តំបន់​មួយចំនួន​លើ​ល្អាង​ដើម្បី​បាន​ប្រហោង​ទម្លាក់​កាមេរ៉ា​ថត​យក​រូបភាព​ក្នុង​ល្អាង​ក្រែង​ឃើញ​ជនរងគ្រោះ​។​អ្នកស្វែងរក​មួយក្រុម​ទៀត​​គឺ​ក្រុមទី​៣ កំពុង​ដើររក​សព្វ​ព្រៃ​លើ​ល្អាង​ភ្នំ​នៃ​តំបន់​នោះ ក្រែង​មាន​ច្រកចូល​ឬ​កន្លែង​ដែលមាន​ទឹក​ហូរ​ចូល​ដើម្បី​បង្វែរ​ទឹក​កុំអោយ​ចូលក្នុង​ល្អាង​។​

​លាតសន្ធឹង​១០​គីឡូម៉ែត្រ ល្អាង​ថាំ​លួង ជា​ល្អាង​ភ្នំ​វែង​និង​ស្មុគស្មាញ​បំផុត​នៅ​ថៃ​៕ដោយ៖វាសនា

ទាហាន​និង​ពេទ្យ​ថៃ​ហាត់​ទ​ម្លៀ​ស​និង​ព្យាបាល​ជនរងគ្រោះ​

ទីតាំងផ្សាយពាណិជ្ជកម្ម