​ដោយៈ តារា​រិ​ទ្ធ / ភ្នំពេញៈ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​រសៀល​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០២២ នៅពេល​សម្ដេច អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​បិទ​សន្និបាត​កាយរឹទ្ធិ​ជាតិ​កម្ពុជា នៅ​វិទ្យា ស្ថាន​បច្ចេកវិទ្យា​កម្ពុជា បានផ្តល់​ការលើកទឹកចិត្ត​លើ​ចំណុច​សំខាន់ៗ មួយចំនួន ដើម្បី​ភាព​រីកចម្រើន​នៃ​ចលនា កាយ​រឹ​ទិ្ធ​ជាតិ​កម្ពុជា ដូចខាងក្រោម​៖

១-​ក្រុមប្រឹក្សា និង​គណៈកម្មាធិការ​ប្រតិ​ប​តិ្ត​កាយ​រឹ​ទិ្ធ​ជាតិ​កម្ពុជា​ថ្នាក់ជាតិ ថ្នាក់​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ សម្រាប់​អាណត្តិ​ទី​៤ នេះ ត្រូវ​បន្ត​លើកកម្ពស់​ការងារ​អប់រំ និង​បណ្តុះ បណ្តាល​ធនធាន​យុវជន តាមរយៈ​ការជំរុញ​ចូលរួម ក្នុង​ចលនា​កាយ​រឹ​ទិ្ធ និង​អភិវឌ្ឍន៍ កម្មវិធី​ស្វ័យ​អប់រំ​ខ្លួនឯង ដើម្បី​ក្លាយជា​ពលរដ្ឋ​កាយ​រឹ​ទិ្ធ ដែល​ផ្តល់​ផលប្រយោជន៍ ចំពោះ​សង្គមជាតិ ។ ត្រូវ​បន្ត​រៀបចំ​គោលនយោបាយ ផែនការ​យុទ្ធសាស្ត្រ ឯកសារ​គតិយុត្ត លិខិតបទដ្ឋាន​រដ្ឋបាល​នានា ដើម្បី​ធានា​ប្រសិទ្ធភាព​ការងារ និង​អភិបាលកិច្ច​ល្អ ។

២-​ត្រូវ​បង្កើន​កិច្ចសហប្រតិបត្តិការ​ល្អ ជាមួយ​អង្គការ​ពិភពលោក នៃ​ចលនា​កាយ​រឹ​ទិ្ធ និង​គ្រប់​បណ្តា​អង្គការ​កាយរឹទ្ធិ​ជាតិ​ថ្នាក់​តំបន់ និង​ពិភពលោក សំដៅ​បង្កើន​ប្រសិទ្ធភាព អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ ការផ្លាស់ប្តូរ​កម្មវិធី​ការបណ្តុះបណ្តាល ជំនាញ​កាយ​រឹ​ទិ្ធ​កម្ម និង​អភិវឌ្ឍន៍​សមត្ថភាព​ដឹកនាំ​កាយ​រឹ​ទិ្ធ​គ្រប់លំដាប់​ថ្នាក់ ស្របតាម​កម្រិត​បទដ្ឋាន​តំបន់ និង​ពិភពលោក ។ ត្រូវ​បន្ត​លើកទឹកចិត្ត​យុវជន​កាយ​រឹ​ទិ្ធ ដែលមាន​សមត្ថភាព និង​មាន លក្ខណៈ​ស​ម្ប​តិ្ត​គ្រប់គ្រាន់ ឱ្យចូល​រួម​ជា​បេក្ខជន​ប្រកួតប្រជែង ក្នុង​គណៈកម្មការ​កាយ​រឹ​ទិ្ធ ថ្នាក់​តំបន់ និង​ពិភពលោក ។​

៣-​ក្រុមប្រឹក្សា និង​គណៈកម្មាធិការ​ប្រតិ​ប​តិ្ត​កាយ​រឹ​ទិ្ធ​ជាតិ​កម្ពុជា ថ្នាក់ជាតិ ថ្នាក់​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ​ត្រូវ​បន្ត​រៀបចំ​ផែនការ​សកម្មភាព រយៈពេល​វែង រយៈពេល​មធ្យម និង​រយៈពេល​ខ្លី ព្រមទាំង​ការខិតខំ​កៀរគរ​សប្បុរសជន “ មូលនិធិ​កាយ​រឹ​ទិ្ធ ” គ្រប់លំដាប់​ថ្នាក់ ដើម្បី​ជួយឧបត្ថម្ភ​គាំទ្រ សកម្មភាព​កាយ​រឹ​ទិ្ធ​ជាតិ​កម្ពុជា​ទូទាំងប្រទេស ។

៤- ក្រុមប្រឹក្សា និង​គណៈកម្មាធិការ​ប្រតិបត្តិ​កាយ​រឹ​ទិ្ធ​ជាតិ​កម្ពុជា ថ្នាក់ជាតិ ត្រូវ​បន្ត​ពង្រឹង ប្រសិទ្ធភាព ដំណើរការ​រចនាសម្ព័ន្ធ​គ្រប់គ្រង និង​សកម្មភាព​ការងារ​កាយ​រឹ​ទិ្ធ​ជាតិ​កម្ពុជា ថ្នាក់​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឱ្យមាន​ដំណើរ​ការល្អ ជាពិសេស ត្រូវ​រៀបចំ “​គោល នយោបាយ និង​កម្មវិធី​សម្រាប់​កាយ​រឹ​ទិ្ធ​រៀមច្បង​” និង​បង្កើត “ ក្រុមប្រឹក្សា​កាយ​រឹ​ទិ្ធ​រៀមច្បង ” ដើម្បី​បន្ត​យកចិត្តទុកដាក់​ប្រមូលផ្តុំ និង​គ្រប់គ្រង​កម្លាំងកាយ​រឹ​ទិ្ធ ។ គ្រប់​គ្រឹះស្ថាន​ឧ​ត្ត​ម សិក្សា​សាធារណៈ និង​ឯកជន ដែល​ពុំទាន់​បានរៀបចំ​ចលនា​កាយ​រឹ​ទិ្ធ ត្រូវ​សហការ​ជាមួយ ក្រសួង​អប់រំ យុវជន និង​កីឡា ដើម្បី​កសាង​កម្លាំងកាយ​រឹ​ទិ្ធ​រៀមច្បង នៅតាម​អង្គភាព រៀងៗ​ខ្លួន ដោយ​ធានា​ទាំង​បរិមាណ និង​គុណភាព ។

៥-​ត្រូវ​បន្ត​រៀបចំ​កម្មវិធី​បណ្តុះបណ្តាល និង​អភិវឌ្ឍន៍​សមត្ថភាព​ជំនាញ​កាយ​រឹ​ទិ្ធ​កម្ម ដល់​មេដឹកនាំ​កាយ​រឹ​ទិ្ធ​តាម​បណ្តា គ្រប់​កងឯកភាព ស្របតាម​កម្រិត​បទដ្ឋាន​អន្តរជាតិ ឱ្យ​ក្លាយជា​ធនធាន​កាយ​រឹ​ទិ្ធ ដ៏​មាន​សក្តានុពល ក្នុងការ​រៀបចំ​ផែនការ​សកម្មភាព និង​កម្មវិធី កាយ​រឹ​ទិ្ធ​កម្ម ក្នុង​កងឯកភាព​រប​ស់​ខ្លួន ។

៦-​ត្រូវ​បន្ត​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ​ជាមួយ ក្រសួង​ស្ថាប័ន​, វិស័យ​ឯកជន អង្គការ​ដៃគូ អង្គការ​ពិភពលោក នៃ​ចលនា​កាយ​រឹ​ទិ្ធ និង​អង្គការ​/​កាយ​រឹ​ទិ្ធ​ជាតិ​នៃ បណ្តា​ប្រទេស​ក្នុង​តំបន់ និង​ពិភពលោក ដើម្បី​សហការ​រៀបចំ​សិក្ខាសាលា វេទិកា​យុវជន​ការផ្លាស់ប្តូរ​វប្បធម៌ វគ្គ​បណ្តុះបណ្តាល និង​ការ​បោះជំរំ​ថ្នាក់​តំបន់ និង​ពិភពលោក ដើម្បី​បង្កើន​កិត្យានុភាព​នៃ ព្រះរាជាណាចក្រ​កម្ពុជា លើ​ឆាក​អន្តរជាតិ ។​

៧-​ត្រូវ​បន្ត​យកចិត្តទុកដាក់​បំផុស​សកម្មភាព​កាយ​រឹ​ទិ្ធ​ជាតិ​កម្ពុជា​គ្រប់លំដាប់​ថ្នាក់ ស្វែងរក មូលនិធិ​គ្រាំទ្រ និង​រៀបចំ​ព្រឹ​តិ្ត​ការណ៍​ប្រចាំឆ្នាំ ជាមួយនឹង​ការចូល រួម​ក្នុង​ព្រឹ​តិ្ត​ការណ៍ កាយ​រឹ​ទិ្ធ​អន្តរជាតិ​នានា ៕/V​