​ដោយៈ ភ្នំ​សន្ទុក / កំពង់ធំ​៖ លោក ជា ពុំ ប្រធាន​លេខាធិការដ្ឋាន​រៀបចំ​ការបោះឆ្នោត ខេត្តកំពង់ធំ (​លធ​/​បខ​) បានស្នើ​ឱ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច និង​តំណាង​គណបក្ស​ទាំង ៥ ក្នុង​ខេត្តកំពង់ធំ ត្រូវ​ចូលរួម​ការងារ​សន្តិសុខ សម្រាប់​ការពិនិត្យ​បញ្ជី​ឈ្មោះ​បោះឆ្នោត ឆ្នាំ​២០២២ ។ ការលើកឡើង​នេះ នា​ព្រឹក​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០២២ ក្នុង​កិច្ចប្រជុំ​នៅ​ការិយាល័យ លធ​/​បខ ខេត្តកំពង់ធំ ។​

​លោក ជា ពុំ ប្រធាន​លេខាធិការដ្ឋាន​រៀបចំ​ការបោះឆ្នោត ខេត្តកំពង់ធំ បាន​ឡើង​ថាៈ ចំពោះ​ការពិនិត្យ​បញ្ជី​ឈ្មោះ​បោះឆ្នោត នៅតាម​ឃុំ សង្កាត់​ទូទាំងប្រទេស ត្រូវអនុវត្ត ចាប់ពី​ថ្ងៃទី ២០ ខែតុលា ដល់​ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០២២ ។ សម្រាប់​ការកំណត់​អាយុ ១៨​ឆ្នាំ ត្រូវ​គិតដល់​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២៣ (​កើតមុន ឬ ត្រឹម​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០០៥)​។

​លោក​ក៏បាន​បន្តទៀតថាៈ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត សង្ឃឹម​យ៉ាង​មុតមាំ​ថា បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់ នឹងចូលរួម​សហការ តាម​ការអំពាវនាវ ក្នុង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ដោយ​គោរព​តាមច្បាប់​ជា​ធរមាន ដើម្បីឱ្យ​ដំណើរការ នៃ​ការពិនិត្យ​បញ្ជី​ឈ្មោះ បោះឆ្នោត ឆ្នាំ​២០២២ ប្រព្រឹត្ត​ទៅដោយ​រលូន និង ធានាបាន​នូវ​សិទ្ធិ​បោះឆ្នោត របស់​ប្រជាពលរដ្ឋ​គ្រប់ៗ​គ្នា ។ តែ​ចំពោះ​ប្រជាពលរដ្ឋ​ខ្មែរ ដែល​បាន​ផ្លាស់​លំនៅឋាន ឬ​ទី​សំណាក់​ចូលក្នុង​ឃុំ សង្កាត់​ថ្មី សូម​អញ្ជើញ​បងប្អូន​ទៅ ចុះឈ្មោះ​បោះឆ្នោត តាម​ប្រតិទិន​របស់​ក្រុម​ចុះឈ្មោះ​បោះឆ្នោត នៅតាម​ឃុំ សង្កាត់ ដែល​សាមីខ្លួន ត្រូវ​បោះឆ្នោត​។​

​លោក​ក៍បាន​បញ្ជាក់បន្ថែម​ថាៈ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត សូម​អំពាវនាវ ដល់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ រួមមាន គណបក្សនយោបាយ សមាគម និង​អង្គការ​មិនមែន រដ្ឋាភិបាល អង្គភាព​សារព័ត៌មាន​នានា និង​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ មេត្តាជួយ​ផ្សព្វផ្សាយ ខ្លឹមសារ នៃ​សេចក្តីអំពាវនាវ ដែល​បាន​ប្រគល់ជូន​ផ្សព្វផ្សាយ​បន្ថែម​ដល់​ប្រជាពលរដ្ឋ​ខ្មែរ ឱ្យបាន​យល់​ជ្រួតជ្រាប និង​ជួយ​ជំ​រុញឱ្យ​ប្រជាពលរដ្ឋ ទៅពិនិត្យ​មើល​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត​ឱ្យបាន​គ្រប់ៗ​គ្នា និង​ទាន់ពេលវេលា​។ ត្រូវតែ​ព​ន្លឿ​ន​ធ្វើ​អត្តសញាណប័ណ្ណ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ណា​ដែល​ពុំទាន់​មាន​អត្តសញ្ញាណប័ណ្ណ​ជូន​ពួកគាត់​ឲ្យ​បាន​ទាន់ពេលវេលា​។​

​ចុងក្រោយ​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត សូម​អំពាវនាវ​បន្ថែមថាៈ ដើម្បី​ធានា​ឱ្យ ដំណើរការ​នៃ​ការពិនិត្យ​បញ្ជី​ឈ្មោះ​បោះឆ្នោត ឆ្នាំ​២០២២ នេះ ប្រព្រឹត្តទៅ​ល្អ ប្រកបដោយ សន្តិសុខ​សុវត្ថិភាព និង​ជៀស​ផុតពី​ជំងឺ​កូដ​-១៩ សូម​បងប្អូន ប្រជាពលរដ្ឋ ភាគី​ពាក់ព័ន្ធ និង​មន្ត្រី​បោះឆ្នោត គ្រប់លំដាប់​ថ្នាក់ ដែល​ចូលរួម ក្នុង​ដំណើរការ​នេះ យកចិត្តទុកដាក់​អនុវត្ត ឱ្យបាន​ម៉ឺងម៉ាត់​តាម​វិធានការ​របស់ រាជរដ្ឋាភិបាល និង​ក្រសួងសុខាភិបាល ក្នុងការ​បង្ការ ទប់ស្កាត់ និង​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩​។ សូមឱ្យ​មាន​វគ្គ​បណ្ដុះបណ្ដាល​ដល់​មន្ត្រី​របស់ខ្លួន ដើម្បី​ឲ្យ​យល់​ពី​នីតិវិធី​នៃ​ការបោះឆ្នោត ផងដែរ ៕/V​