ប្រែ​សម្រួលៈ​បំណង​(​ស្ត្រេត​ថែមស៍​)៖ រុស្ស៊ី​បាន​បាញ់កាំជ្រួចបាញ់​គ្រាប់បែក​នៅ​ទូ​ទាំង​អ៊ុយ​ក្រែន​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ ដោយ​ទំនង​ជា​ការវាយប្រហារ​សងសឹក​បន្ទាប់​ពី​ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ប្រកាសថា​​ការផ្ទុះ​នៅលើ​ស្ពាន​ដ៏​សំខាន់​ទៅកាន់​គ្រី​ម៉េ ជា​ការវាយប្រហារ​ភេរវកម្ម​។​

​កាំជ្រួច​ជា​ច្រើន​គ្រាប់​បាន​បោះពួយ​ចូល​ទីក្រុង​គៀវ ដែល​ជា​ការវាយប្រហារ​ខ្លាំង​បំផុត​លើ​រដ្ឋធានី​អ៊ុយ​ក្រែន​ចាប់តាំងពី​កងកម្លាំង​រុស្ស៊ី​បោះបង់​ចោល​ការប៉ុនប៉ង​វាយ​ដណ្តើម​យក​វា​កាលពី​ប៉ុន្មាន​សប្តាហ៍​​ដំបូង​នៃ​សង្គ្រាម​។​

​សាកសព​បុរស​ម្នាក់​ក្នុង​សម្លៀក​បំពាក់​ខូវប៊យ​ដេក​នៅលើ​ថ្នល់​ត្រង់​ផ្លូវ​កែង​ដ៏​មមាញឹក​មួយ​ព័ទ្ធ​ដោយ​រថយន្ត​ឆេះ​ដោយ​ការវាយប្រហារ​នេះ​នៅពេល​ទាហាន​ម្នាក់​បាន​កាត់​សម្លៀក​បំពាក់​ស្ត្រី​ម្នាក់​ដែល​ដេក​​លើ​ស្មៅ​ដើម្បី​ព្យាបាល​របួស​។​

​រណ្តៅ​គ្រាប់​ដ៏​ធំ​មួយ​នៅ​ជាប់​នឹង​កន្លែង​ក្មេង​លេង​ក្នុង​សួន​កុមារ​ក្រុង​គៀវ​។​

​ការផ្ទុះ​ក៏​ត្រូវបាន​គេ​ឮ​នៅ​ទីក្រុង​ល្វីវ ទីក្រុង​ទែរ​ណូពីល និង​ហ្ស៊ី​តូ​មៀ នៅ​ខាងលិច​អ៊ុ​យក្រែន និង​ទីក្រុង​ដ្នី​ប្រូ និង​ក្រេ​មិន​ជុក នៅ​អ៊ុយ​ក្រែន​កណ្តាល​។​

​ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​ឡេន​ស្គី បាន​និយាយ​ក្នុង​សារ​តាមតេ​ឡេ​ក្រាម​ថា « ពួកគេ​កំពុង​ព្យាយាម​កំទេច​យើងនិង​បោសសម្អាត​យើង​ចេញពី​ផែនដី​…​បំផ្លាញ​ប្រជាជន​យើង​ដែល​កំពុង​ដេក​នៅ​ក្នុងផ្ទះ​​នៅ​ទីក្រុង​ហ្សា​ប៉ូរី​ហ្ស៍​យ៉ា​។​សម្លាប់​ប្រជាជន​ដែល​កំពុង​ទៅ​ធ្វើការ​នៅ​ក្រុង​ដ្នី​ប្រូ​និង​គៀវ​»​។​

​ការវាយប្រហារ​នេះ​កើត​ឡើង​ក្រោយ​ការផ្ទុះ​បំផ្លាញ​ស្ពាន​គឺ​ច​(Kerch)​ដែល​ភ្ជាប់​រុស្ស៊ី​ទៅនឹង​ឧបទ្វីប​គ្រី​ម៉េ ដែល​លោកពូ​ទីន​កាលពី​ថ្ងៃអាទិត្យ​បាន​ហៅ​វា​ថា​ជា​អំពី​ភេរវ​កម្ម​សំដៅ​បំផ្លាញ​ហេដ្ឋារចនាសម្ពន្ធ​​ស៊ីវិល​ដ៏​សំខាន់​របស់​រុស្ស៊ី​។​លោក​ថា​«​ហេតុការណ៍នេះ​បង្កើត​ឡើង​ អនុវត្ត​និង​បញ្ជា​ដោយ​សេវា​ពិសេស​អ៊ុ​យក្រែន​»​។​

​ទោះជា​យ៉ាងណា អ៊ុយ​ក្រែន​មិនបាន​អះអាងទ​ទួលខុសត្រូវចំ​ពោះ​ការផ្ទុះ​លើ​ស្ពាន​នេះ​ទេ តែ​បាន​អបអរ​វា​។​មន្ត្រី​រុស្ស៊ី​ជាន់ខ្ពស់​ជាច្រើន​បានទាមទារ​អោយ​មាន​ចម្លើយ​តប​យ៉ាង​លឿន​ពី​រដ្ឋាភិបាល​ទីក្រុង​មូ​ស្គូ​​មុន​លោកពូ​ទីន​ដឹកនាំ​កិច្ចប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ​នៅ​ថ្ងៃ​ចន្ទ​។​

​មុន​កិច្ចប្រជុំ​អនុប្រធាន​ក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី​លោក ឌី​មី​ទ្រី ម៉េ​តវ៉េ​ដេ​វ បាន​និយាយថា​រុស្ស៊ី​នឹង​សម្លាប់​ពួក​ភេរ​វករ​ដែល​ទទួលខុស​ត្រូវ​ចំពោះ​ការវាយប្រហារ​នេះ​។​

​ប្រជាជន​ចូល​មើល​បុរស​រងរបួស​ក្រោយ​ការវាយប្រហារ​របស់​រុស្ស៊ី​នៅ​ក្រុង​គៀវ​កាលពី​ថ្ងៃ​១០​តុលា​

​អនុ​រដ្ឋមន្ត្រីការបរទេស​អ៊ុ​យក្រែន បាន​សរសេរ​បង្ហោះ​ថា « តាក់​ទិច​តែ​មួយ​របស់​ពូ​ទីន គឺ​ភេរវកម្ម​លើ​ទីក្រុង​អ៊ុយ​ក្រែន​ដែល​មាន​សន្តិភាព តែ​គាត់​នឹង​មិន​បំបាក់​អ៊ុយ​ក្រែន​បានទេ​។​នេះ​ជា​ចម្លើយ​តប​​តែ​មួយ​របស់​គាត់​ចំពោះ​អ្នក​ចង់​និយាយ​ជាមួយ​គាត់​អំពី​សន្តិភាព​៖ ពូ​ទីន​ជា​ភេរ​វករ ដែល​និយាយ​ជាមួយ​តែ​កាំជ្រួច​មី​ស៊ី​ល​»​។​

​នៅ​អ៊ុយ​ក្រែ​នភាគ​អាគ្នេយ៍​ឯណោះ​វិញ រុស្ស៊ី​បាន​បាញ់​ផ្លោង​បំផ្លាញ​អាគារ​មនុស្ស​រស់​នៅ​មួយទៀត​នៅ​ក្នុង​ទីក្រុង​ហ្សា​ប៉ូរី​ហ្ស៍​យ៉ា កាលពីដើមថ្ងៃ​ចន្ទ​ដោយ​បណ្តាល​អោយ​ស្លាប់ម​នុស្ស​ម្នាក់​បន្ទាប់ពី​មនុស្សជាង​​ដប់​នា​ក់បាន​ស្លាប់​ក្នុងការ​វាយប្រហារ​លើ​អាគារ​មនុស្ស​រស់​នៅ​មួយទៀត​ក្នុង​ទីក្រុង​នេះ​កាល​ពី​មួយ​ថ្ងៃមុន​៕