ដោយៈ ប.ជ័យ / បន្ទាយមានជ័យៈ របកគំហើញថ្មី លើទីតាំងចាស់ គឺកូនភ្នំ១០កន្លែង នៅខេត្តបន្ទាយមានជ័យ បានបង្ហាញថា នៅទីនោះ សុទ្ធតែជាស្ថានីយ៍ផូស៊ីលបុរេប្រវត្តិ ។បានដឹងដូច្នេះ មន្ត្រីអាជ្ញាធរ ជំនាញបច្ចេកទេស និងពលរដ្ឋជាច្រើន បានសាទរ និងមានឆន្ទៈចូលរួមថែរក្សា ការពារ និងលើកកម្ពស់បរិស្ថាន បន្ថែមទៀត ។

លោក ប្រាក់ ប៉ូលី អភិបាលរងខេត្តបន្ទាយមានជ័យ បានថ្លែងដូចខាងលើ ក្នុងសិក្ខាសាលា ពិគ្រោះយោបល់ និងផ្សព្វផ្សាយ ស្ដីពីដំណើការកំណត់ តំបន់បេតិកភ័ណ្ឌធម្មជាតិ និងលទ្ធផលការសិក្សាផូស៊ីល ក្នុងភូមិសាស្ត្រខេត្ត នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ នេះ។

លោក សេង ហុង ប្រធាននាយកដ្ឋានតំបន់បេតិកភណ្ឌ នៃអគ្គនាយកដ្ឋានសហគមន៍ ក្រសួងបរិស្ថាន បានឱ្យដឹងថាៈ នៅខេត្តបន្ទាយមានជ័យ មានកូនភ្នំ ចំនួន១០ ត្រូវបានសិក្សាស្រាវជ្រាវ ចងក្រងឯកសារស្ថានីយផូសុីល មានអាយុកាលស័កទី១-សម័យពែរម្យាង(Permian) ចំណាស់ពី ២៥១ ទៅ ២៩៩ លានឆ្នាំ។

លោកបានបន្តថាៈ ដើម្បីចងក្រងឯកសារសម្រាប់ផ្សព្វផ្សាយ និងសិក្សាស្រាវជ្រាវ ក្នុងគោលដៅលើកកម្ពស់ការយល់ដឹងសាធារណៈ និងចូលរួមគ្រប់គ្រងធនធាន ធម្មជាតិ ពេលបច្ចុប្បន្ន និងពេលអនាគត។

កូនភ្នំទាំង ១០ កន្លែង ដែលជាស្ថានីយ៍ផូស៊ីលនោះ រួមមាន ទី១/ស្ថានីយផូសុីលភ្នំកងវ៉ាទី ២/ស្ថានីយផូសុីលភ្នំដូងព្រះ ទី៣/ស្ថានីយផូសុីលភ្នំបាក់ ៤/ស្ថានីយផូសុីលភ្នំធំ ទី៥/ស្ថានីយផូសុីលភ្នំជញ្ជាំង ទី៦/ស្ថានីយផូសុីលភ្នំព្រះ-ភ្នំវែង ទី៧/ស្ថានីយផូសុីលភ្នំកន្ទួត ទី៨/ស្ថានីយផូសុីលភ្នំបន្ទាយនាង ទី៩/ស្ថានីយផូសុីលភ្នំតូច និងទី១០/ស្ថានីយផូសុីល ភ្នំស្វាយ។ មន្ទីរបរិស្ថានខេត្ត បានចាត់មន្ត្រី និងអ្នកស្ម័គ្រចិត្ត ឱ្យឃ្លាំមើល និងអភិរក្សចំណុច គោលដៅស្ថានីយ៍ទាំងនោះ ។

មើលឃើញទឹកចិត្ត និងស្នាដៃនេះ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានផ្តល់ម៉ូតូ សម្រាប់មន្ត្រីតំបន់ការពារ ទាំង ១០ នោះ​ព្រមទាំងបានផ្តល់ធុងចម្រោះ ទឹកស្អាត ដល់សហគមន៍ និងគ្រឹះស្ថានសិក្សា និងបានផ្តល់ឡដុតសម្រាម ដែលមានសមត្ថភាពដុត បានទម្ងន់ ៣ តោន ។ លោកបានគាំទ្រការស្នើកូនភ្នំ ១០ កន្លែង នៃគម្រោងរៀបចំបង្កើតជាតំបន់បេតិកភ័ណ្ឌធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ជាដើម ។

លោក ប្រាក់ ប៉ូលី អភិបាលរងខេត្តបន្ទាយមានជ័យ និងលោក សេង សោត អគ្កនាយករង សហគមន៍មូលដ្ឋាន ក្រសួងបរិស្ថាន បានគាំទ្រគម្រោងស្នើសុំបញ្ចូលភ្នំទាំងនោះ ទៅជាតំបន់បេតិកភ័ណ្ឌធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តនេះ ។ លោកបានសហការគ្នា ដឹកនាំមន្ត្រី និងអ្នកពាក់ព័ន្ធ ដែលបែងចែកក្រុម ចុះពិនិត្យ វាយតម្លៃ ផ្ទៀងផ្ទាត់ព្រំប្រទល់ តំបន់កូនភ្នំ ដែលស្នើសុំ ទៅក្រសួងបរិស្ថាន ដើម្បីបង្កើតតំបន់បេតិកភ័ណ្ឌធម្មជាតិ, តំបន់ការពារធម្មជាតិ ក្នុងខេត្តបន្ទាយមានជ័យ។

ជាលទ្ធផលនៃការសិក្សាស្រាវជ្រាវ និងការចងក្រងឯកសាររបស់ក្រុមការងារ មន្ទីរបរិស្ថាន ខេត្តបន្ទាយមានជ័យ ជាបទពិសោធន៍ ក្នុងការសិក្សារៀបចំតំបន់បេតិកភណ្ឌធម្មជាតិ នៅបណ្ដាខេត្តផ្សេងៗទៀត៕ V / N