ដោយៈ ភ្នំស្វាយ / បន្ទាយមានជ័យៈ គណៈ:គ្រប់គ្រង បានសម្រេចផ្អាកការសិក្សា ១សប្តាហ៍ ដោយសារទឹកជំនន់ បន្តលិចសាកលវិទ្យាល័យមានជ័យ ខណៈគ្រឺះស្ថាន ឧត្តមសិក្សារដ្ឋមួយនេះ បានសហការនឹងក្រុមការងារអន្តរាគមន៍ បានដាក់ម៉ាស៊ីនធំ សម្រុកបូមទឹកចេញពីទីធ្លា ។

យោងសេចក្តីជូនដំណឹងរបស់ សាកលវិទ្យាល័យជាតិមានជ័យ បានបញ្ជាក់ថាៈ សូមជម្រាបជូនដំណឹងដល់ប្អូនៗនិស្សិត និងលោកគ្រូ អ្នកគ្រូទាំងអស់ ឲ្យបានជ្រាបថា ស្ថានភាពទឹកនៅបរិវេណសាកលវិទ្យាល័យជាតិមានជ័យ នៅមានការកើនឡើង ធ្វើឲ្យផ្លូវចូលពិបាកធ្វើដំណើរ។

ហេតុនេះ និស្សិត និងលោកគ្រូ អ្នកគ្រូ ត្រូវបានអនុញ្ញាតឱ្យឈប់សម្រាក រយៈពេល ៧ថ្ងៃ គឺចាប់ពីថ្ងៃសៅរ៍ ដល់ ថ្ងៃសុក្រ ៤រោច ថ្ងៃទី ៨-១៤ ខែតុលា ឆ្នាំ២០២២។

ឯកត្តាធម្មជាតិវិញ មកទល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ ឃើញទឹកជំនន់ និងជំនន់ទឹកភ្លៀង ក្នុងភូមិសាស្ត្រខេត្តបន្ទាុយមានជ័យ ស្រកនៅខាងលើ ហើយស្រុងមកខាងក្រោមនោះ បានបន្តមកប្រមូលផ្តុំ នៅស្ទឹងសិរីសោភ័ណ ក្រុងសិរីសោភ័ណ ស្ទឹងមង្គលបូរី ស្រុកមង្គលបូរី ស្ទឹងក្រឡាញ់ ស្រុកព្រះនេត្រព្រះ ។ សម្រាប់ស្ទឹងសិរីសោភ័ណ និងដោយឡែកស្ទឹងនេះ នៅក្រោយសាកលវិទ្យាល័យមានជ័យ ទឹកបានស្រកចុះតិចតួចប៉ុណ្ណោះ ។ រីឯផ្ទៃវិញ ក៏នៅរបាយទឹកភ្លៀង បន្តបន្ទាប់នៅឡើយ ។

សូមរំលឹកថា ទីធ្លា ផ្លូវចូលសាកលវិទ្យាល័យជាតិមានជ័យ នៅផ្លូវដែក ផ្លូវជាតិលេខ៥ នាភូមិបាណយ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ បានរងការលិចលង់ជាថ្មី ដោយទឹកជំនន់ ដូចរាល់ឆ្នាំ។ អាជ្ញាធរមានសមត្ថកិច្ច នៅខេត្តបន្ទាយមានជ័យ បានប្រើកម្លាំងទាហាន នគរបាល មន្ត្រីអាជ្ញាធរ ប្រជាការពារនេះ ធ្វើយុទ្ធនាការច្រកដី និងកំទេចថ្ម ទប់ទំនប់ បែបប្រពៃណីដូចមុនៗ ។

កាលពីរសៀល ដល់យប់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២​ លោក ហ៊ឹល រ៉ាយ៉ា អភិបាលរង ខេត្តបន្ទាយមានជ័យ រួមការងារដោយលោក សុក ចាន់ថា ប្រធានមន្ទីរសាធារណការ​និង​ដឹកជញ្ជូន លោក ស្រេង​សុផល អភិបាលក្រុងសិរីសោភ័ណ​បានដឹកនាំក្រមការងារ កងកម្លាំងចម្រុះ ​ចុះធ្វើទំនប់ ទប់ទឹកជំនន់​ក្នុងបរិវេណសាកលវិទ្យាល័យជាតិមានជ័យ។

តមក ក្រុមការងារ និងមន្ត្រីជំនាញធនធានទឹក បានដាក់ម៉ាស៊ីនបូមទឹក ដែលមានទុយយោ មុខកាត់ធំ សម្រុកបូមចេញ ។ ហេតុនេះ បើអ្វីដូចគ្រោងទុក សាកលវិទ្យាល័យនេះ នឹងបើកទ្វារដំណើរការបង្រៀនឡើងវិញ នៅថ្ងៃទី១៤ ឬ ១៥ ខែតុលា ខាងមុខ ៕  V / N