ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ បន្ទាប់ពីបង្រួបបង្រួមគ្នាជាផ្លូវការ មេដឹកនាំគណបក្សខ្មែររួបរួមជាតិ និងគណបក្សកម្ពុជានិយម បានអំពាវនាវដល់គណបក្សនយោបាយ ក្រុមអ្នកនយោបាយ មកចូលរួមជាមួយប៉ូលនយោបាយប្រជាធិបតេយ្យសេរី ដើម្បីចូលរួមការបោះឆ្នោតជ្រើស តាំងតំណាងរាស្ត្រ ឆ្នាំ២០២៣ ខាងមុខនេះ។ ការអំពាវនាវនេះ បានធ្វើឡើង នៅក្នុងសន្និសីទសាព័ត៌មាន កាលពីព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២។

លោក យ៉ែម បុញ្ញឫទ្ធិ ប្រធានគណបក្សកម្ពុជានិយម បានបញ្ជាក់ថាៈ “ មូលហេតុដែលរួបរួម ជាមួយគណបក្សខ្មែររួបរួមជាតិ គឺក្នុងគោលដៅបង្កើតប៉ូលនយោបាយ ប្រជាធិបតេយ្យ សេរីថ្មីមួយ និងជាប៉ូលនយោបាយប្រជាធិបតេយ្យសេរី បើកទ្វារគ្រប់គណបក្សនយោបាយ មិនមែនជាប៉ូលនយោបាយបិទទ្វារទេ។ មានប៉ូលនយោបាយខ្លះ (សំដៅគណបក្សភ្លើង ទៀន) បិទទ្វារ ក៏ប៉ុន្តែសម្រាប់គណបក្សកម្ពុជានិយម និងគណបក្សខ្មែររួបរួមជាតិ គឺបើកទ្វារចំហរ ”។

លោកញឹក ប៊ុនឆៃ និងលោកយ៉ែម បុញ្ញឫទ្ធិ ធ្វើសន្និសីទសារព័ត៌មានស្តីពីការបង្រួបបង្រួមគ្នា (រូបថតៈ មុនីរ័ត្ន)

លោកបានបន្តថាៈ គណបក្សកម្ពុជានិយម និងគណបក្សខ្មែររួបរួមជាតិ បានឯកភាពគ្នា ជ្រើសរើសយកបក្សតែមួយ ដើម្បីចូលរួមការបោះឆ្នោត ដោយសម្រេចជ្រើសរើសយក គណបក្សខ្មែររួបរួមជាតិ ដើម្បីចូលរួមការប្រកួតប្រជែងការបោះឆ្នោត នៅឆ្នាំ២០២៣ ។ បន្ទាប់ពីរួបរួមគ្នាហើយ នឹងរៀបចំក្បាលម៉ាស៊ីនដឹកនាំ កែសម្រួលលក្ខន្តិៈ បទបញ្ជាផ្ទៃក្នុង ប្រព័ន្ធគ្រប់គ្រងដឹកនាំគណបក្សខ្មែររួបរួមជាតិ នាពេលខាងមុខ និងបន្តជជែកជាមួយ ក្រុមអ្នកនយោបាយ បញ្ញវន្ត ពង្រីកការរួបរួមឲ្យកាន់តែខ្លាំង។

ជាមួយគ្នានេះ លោក យ៉ែម បុញ្ញឫទ្ធិ បានអំពាវនាវឲ្យគណបក្សនយោបាយ ដែលមាននិន្នាការសេរី អ្នកជាតិនិយម អ្នកតស៊ូដើម្បីបុព្វហេតុជាតិ យុវជន បញ្ញវន្ត ដែលយល់ឃើញពីបញ្ហាជាតិ សូមចូលរួមជាមួយ ប៉ូលនយោបាយថ្មី ដើម្បីជ្រោងទង់បន្តវេន ឆ្ពោះទៅមុខទៀត ដើម្បីកម្ពុជា។

លោកញឹក ប៊ុនឆៃ និងលោកយ៉ែម បុញ្ញឫទ្ធិ ធ្វើសន្និសីទសារព័ត៌មានស្តីពីការបង្រួបបង្រួមគ្នា (រូបថតៈ មុនីរ័ត្ន)

ចំណែកលោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ បានថ្លែងថាៈ គណបក្សខ្មែររួបរួម ជាតិ និងគណបក្សកម្ពុជានិយម បានបង្កើតប៉ូលនយោបាយប្រជាធិបតេយ្យសេរីថ្មីមួយ ហើយមានការទំនាក់ទំនង ជាមួយគណបក្សនយោបាយ និងក្រុមអ្នកនយោបាយមួយចំនួន ទៀត ដែលកំពុងស្ថិតក្នុងដំណាក់កាល ជជែកពិភាក្សាគ្នា អំពីការបង្រួបបង្រួមគ្នា។ អ្នកនយោបាយមួយចំនួន ពេញចិត្តចំពោះប៉ូលនយោបាយប្រជាធិបតេយ្យសេរីនិយម។

លោកបានបញ្ជាក់ថាៈ ប៉ូលនយោបាយថ្មី និងគណបក្សប្រឆាំង គឺខុសគ្នាត្រង់ថា គណបក្សប្រឆាំង លំអៀងទៅមហាអំណាចម្ខាង និងយកម្ខាងធ្វើជាសត្រូវ។ ប៉ូលថ្មីនេះ គឺជាប៉ូលនយោបាយប្រជាធិបតេយ្យកណ្តាល មិនលំអៀង ទៅរកខាងណាមួយផ្តាច់មុខ គឺទំនាក់ទំនងសហប្រតិបត្តិការ ជាមួយគណបក្សនយោបាយទាំងអស់ ដោយមិនមានការ រើសអើងនិន្នាការ និងទនាក់ទំនងជាមួយបណ្តាប្រទេសទាំងអស់។

លោកញឹក ប៊ុនឆៃ និងលោកយ៉ែម បុញ្ញឫទ្ធិ ធ្វើសន្និសីទសារព័ត៌មានស្តីពីការបង្រួបបង្រួមគ្នា (រូបថតៈ មុនីរ័ត្ន)

លោក ញឹក ប៊ុនឆៃ សង្ឃឹមថាៈ ការរួបរួមគ្នានេះ នឹងទទួលបានការគាំទ្រច្រើន ពីប្រជាពលរដ្ឋ និងទទួលបានអាសនៈ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ឆ្នាំ២០២៣។

គួរបញ្ជាក់ថា ក្នុងគោលដៅបង្រួបបង្រួម ផ្សះផ្សា អ្នកតស៊ូដើម្បីបុព្វហេតុជាតិ អ្នកជាតិនិយម អ្នកប្រជាធិបតេយ្យសេរីនិយម និងលើកកម្ពស់ប្រជាធិបតេយ្យសេរី សិទ្ធិសេរីភាព ការគោរព សិទ្ធិមនុស្ស យុត្តិធម៌សង្គម ដើម្បីផលប្រយោជន៍ដ៏ឧត្ដុង្គឧត្តម សម្រាប់ប្រទេសជាតិ និងប្រជាជាតិខ្មែរ តាមស្មារតី នៃកិច្ចព្រមព្រៀងសន្តិភាព ក្រុងប៉ារីស ២៣តុលា១៩៩១ គណបក្សខ្មែររួបរួមជាតិ និងគណបក្សកម្ពុជានិយម នឹងជួបពិភាក្សាគ្នា ស្តីពីការរួបរួមគ្នា ដើម្បីបង្កើតប៉ូលនយោបាយប្រជាធិបតេយ្យសេរីថ្មី ដោយមានសមាសភាពចូលរួមចម្រុះពី និស្សិត បញ្ញវន្ត យុវជន ស្រ្តី អ្នកតស៊ូដើម្បី បុព្វហេតុជាតិ អ្នកជាតិនិយម អ្នកប្រជាធិបតេយ្យ សេរីនិយម ក្នុងការត្រៀមលក្ខណៈចូលរួមប្រកួតប្រជែង ការបោះឆ្នោតជាតិ ឆ្នាំ២០២៣ ខាងមុខ។

បើយោងតាមលទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ ទី៥ ដែលប្រកាសដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ បានឲ្យដឹងថាៈ គណបក្សខ្មែររួបរួមជាតិ ទទួលបានសំឡេងសរុបចំនួន ៦៣.៨៦៨ សំឡេង ស្មើនឹ ០,៨៨% និងទទួលបានអាសនៈចំនួន ១៣ អាសនៈ , ជំទប់ទី១ ចំនួន ១ និងជំទប់ទី២ ចំនួន ១០ ។ ចំណែកគណបក្សកម្ពុជានិយម ទទួលបានសំឡេង សរុបចំនួន ៤.៨៥៦ សំឡេង ស្មើនឹង ០,០៧% និងទទួលបានអាសនៈចំនួន ១ អាសនៈ , ជំទប់ទី២ ចំនួន ១៕/V