ដោយៈ ប.ជ័យ / បន្ទាយមានជ័យៈ ក្រុមកីឡាករ ចំនួន ១១នាក់ របស់អង្គភាពកងពលតូច ថ្មើរជើងលេខ៥១ យោធភូមិភាគទី៥ ត្រៀមទៅហ្វឹកហាត់កីឡាក្បាច់គុន នៅប្រទេស ឥណ្ឌូណេស៊ី ចាប់ពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ ដល់ខែឧសភា ឆ្នាំ២០២៣ និងវិលត្រឡប់ចួលរួមការប្រកួតដណ្តើមមេដាយស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅព្រះរាជាណាចក្រកម្ពុជា ។

ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២នេះ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជការរង និង នាយសេនាធិការ យោធភូមិភាគទី៥ បានអញ្ជើញជួបសំណេះសំណាល និងផ្តល់ឱវាទដល់ ក្រុមកីឡាករ លើវិញ្ញាសា ” បញ្ចាសិលា ” ឆ្នាំ២០២៣ ជាពិសេសចូលរួមចំណែកផ្សព្វផ្សាយ ក្បាច់គុន របស់កងយោធពលខេមរភូមិន្ទ។

លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជការរងនិងនាយសេនាធិការ យោធភូមិភាគទី៥ សំណេះសំណាលក្រុមកីឡាករ១១នាក់ របស់កងពលតូចថ្មើរជើងលេខ៥១ ត្រៀមទៅហ្វឹកហាត់កីឡាក្បាច់គុននៅប្រទេសឥណ្ឌូណេស៊ី (រូប : ប.ជ័យ )

លោកឧត្តមសេនីយ៍ទោ សេង ធារិន បានថ្លែងកោតសរសើរ ដល់យោធិន ដែលខិតខំពុះពារ គ្រប់ឧបស័គ្គ ក្នុងការហ្វឹកហាត់ រហូតដល់ទទួលការជ្រើសរើស ពីសហព័ន្ធគុនល្បុក្កតោ កម្ពុជា ទៅបន្តហ្វឹកហាត់ នៅបរទេស បន្ថែមទៀត ដែលនេះ គឺជាឱកាសមាស សម្រាប់ប្អូនៗ ក្នុងការបញ្ចេញសមត្ថភាព កសាងស្នាដៃ ជូនអង្គភាព និងជាតិមាតុភូមិកម្ពុជា របស់យើង ជាពិសេសត្រូវគោរពរាល់បទបញ្ជាផ្ទៃក្នុង ការណែនាំ និងគោរពច្បាប់នៅប្រទេស គេ ឲ្យបានល្អ រក្សាបាននូវសេចក្តីថ្លៃថ្នូ សក្ដិ៍សមជាយោធិន កងយោធពលខេមរភូមិន្ទ។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ក៏បានឧត្ថម្ភថវិកា ដល់ក្រុមកីឡាករ ចំនួន១១នាក់ និងអ្នកគ្រប់គ្រង ចំនួន១នាក់ ដែលក្នុងម្នាក់ទទួលបានថវិកា ២០០.០០០ រៀល និងជូនពរឲ្យប្អូនៗ ហ្វឹកហាត់បានជោគជ័យ ទទួលបានមេដាយគ្រប់ៗគ្នា ៕/V

លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជការរងនិងនាយសេនាធិការ យោធភូមិភាគទី៥ សំណេះសំណាលក្រុមកីឡាករ១១នាក់ របស់កងពលតូចថ្មើរជើងលេខ៥១ ត្រៀមទៅហ្វឹកហាត់កីឡាក្បាច់គុននៅប្រទេសឥណ្ឌូណេស៊ី (រូប : ប.ជ័យ )