ដោយៈ ភ្នំសន្ទុក / កំពង់ធំ ៖ អភិបាលខេត្តកំពង់ធំ បានថ្លែងថាៈ ទោះបីជាពលរដ្ឋគ្រប់រូប មានទីលំនៅឋានឆ្ងាយពីសម្តេចតេជោ ហ៊ុន សែន យ៉ាងណាក្តី តែបេះដូងសម្តេច នៅក្បែរប្រជាពលរដ្ឋ គ្រប់ពេលវេលា និងគ្រប់កាលៈទេសៈ ។ ការថ្លែងនេះ នាឱកាសលោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងមន្ត្រីក្រោមឱវាទជាច្រើនរូប បាននាំយកស្បៀង របស់សម្តេចតេជោ ចែកជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់ នារសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ នៅសាលាក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានបន្តថាៈ ស្បៀងទាំងអស់នេះ វាមានទំហំតិចតួច យ៉ាងណាក្តី ក៏អាចដោះស្រាយជីវភាពរបស់ប្រជាពលរដ្ឋ បានមួយគ្រាផងដែរ ។ ស្បៀងនេះ គឺរដ្ឋបាលខេត្តកំពង់ធំ មិនបានចែកជូនដល់ប្រជាពលរដ្ឋ បានគ្រប់ៗគ្នាឡើយ គឺអាជ្ញាធរ ជ្រើសរើសតែពលរដ្ឋណា រងគ្រោះដោយសារទឹកជំនន់ ដែលជីវភាពខ្វះខាតជាចំបងសិន ដូច្នេះសូមប្រជាពលរដ្ឋ ដែលមិនទាន់បានស្បៀង សូមកុំប្រកាន់ ឬគិតថា បក្ខពួកនិយម ឱ្យសោះ គឺរដ្ឋបាលខេត្ត ដោះស្រាយជាមុន ចំពោះពលរដ្ឋ កំពុងខ្វះខាតប៉ុណ្ណោះ ។

ក្នុងនោះដែរ អាជ្ញាធរក្រុងស្ទឹងសែន បានឱ្យដឹងថាៈ ស្ថានភាពទឹកជំនន់ និងស្ថានភាពទឹក ស្ទឹងសែន បន្ដឡើងដល់កំពស់ ១៤,០៩ ម៉ែត្រ លើសប្រកាសអាសន្ន ០,៥៩ ម៉ែត្រ ធ្វើឱ្យប្រជាពលរដ្ឋ ក្នុងក្រុងស្ទឹងសែន រងផលប៉ះពាល់ ដោយទឹកជំនន់ ចំនួន ៣.១៧៩ គ្រួសារ ។ ចំពោះការបង្កបង្កើនផលស្រូវ គឺប៉ះពាល់ចំនួន ១.៨១៤ ហិកតា ស្មើនឹង ៨៩៣ គ្រួសារ និងខូចខាតចំនួន ៤៥១ ហិកតា ស្មើនឹង ១៤៦ គ្រួសារ និងដំណាំរួមផ្សំ ចំនួន ៣ គ្រួសារ៕/V