ដោយៈតារារិទ្ធ / ភ្នំពេញ: ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងថាៈ ” ទៅពីខ្មែរ ដល់បារាំង ខ្ញុំចង់បានតែប៉ុណ្ណឹង “។

សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះសារ នៅលើទំព័រហ្វេសបុក នាយប់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ថាៈ ” ទៅពីខ្មែរ ដល់បារាំង ខ្ញុំចង់បាន តែប៉ុណ្ណឹង។ សូមអស់លោក ដែលចេះភាសាបារាំង អានអត្ថបទទាំងមូល ដែលចេញដោយតុលាការ បារាំង ទើបយល់ច្បាស់ “។

សម្តេចតេជោ ក៏បានបង្ហោះសាលដិកា ជាភាសាបារាំង ចំនួន ២ ច្បាប់ផងដែរ ទាក់ទងនឹងសំណុំរឿងបរិហារកេរ្តិ៍ ដែលមាន ខ្លឹមសារទាំងស្រុង ភ្ជាប់មកជាមួយ ។

បើយោងតាមលោក គី តិច មេធាវីសម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ពីទីក្រុង ប៉ារីស ប្រទេសបារាំង។

លោក គី តិច ប្រធានក្រុមមេធាវីសម្តេចតេ ជោ ហ៊ុន សែន បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ នេះថាៈ ក្រុមមេធាវីសម្តេចតេជោ ហ៊ុន សែន បានចូលរួមជាមួយក្រុមមេធាវីជនជាតិ​បារាំង តំណាងរបស់សម្តេច តេជោ ហ៊ុន សែន និងលោក ឌី វីជ្ជា ចូលរួមស្តាប់ប្រកាសសាលក្រម ដោយតុលាការ ទីក្រុង ប៉ារីស ប្រទេសបារាំង ពាក់ព័ន្ធនឹងបណ្តឹងរបស់ សម្តេចតេជោ ហ៊ុន សែន ប្តឹង សម រង្ស៉ី និងពាក់ព័ន្ធនឹងបណ្តឹង របស់ លោក ឌី វិជ្ជា ប្តឹងលោក សម រង្ស៉ី ពីបទបរិហារកេរ្តិ៍។

លោក គី តិច បានបញ្ជាក់បន្ថែមថាៈ «នៅក្នុងបន្ទប់សវនាការ នៅព្រឹកមិញនេះ ចៅក្រម បានលើកសំអាងហេតុ និងការយល់ ឃើញលើចំណុចមួយ ដែលបញ្ជាក់ថា ការចោទប្រកាន់របស់ សម រង្ស៊ី ទៅលើសម្តេចតេជោ ពាក់ព័ន្ធនឹងការធ្លាក់ ឧទ្ធម្ភាគចក្រ ដែលមានឯកឧត្តម ហុក ឡង់ឌី ជាជនរងគ្រោះ គឺពុំមានភស្តុតាង ឬការបញ្ជាក់ណាមួយ ឱ្យបានច្បាស់លាស់ ហើយក៏ពុំអាច ចាត់ទុកថា សម្តេចតេជោ ពាក់ព័ន្ធនឹងការកើតហេតុ ឬនៅពីក្រោយ នៃការកើតហេតុនេះដែរ »។

លោកមេធាវី បានបន្តថាៈ «សំអាងហេតុរបស់ចៅក្រម ក៏បានលើកទៀតថា សម រង្ស៊ី បានដាក់ឯកសារជាសារព័ត៌មាន ជាឯក សារផ្សេងៗ មានភាពមិនច្បាស់លាស់ ស្រពិចស្រពិល ស្មុគស្មាញ ដែលតុលាការ ពុំអាចទទួលយកមកធ្វើជាសំអាងហេតុ ឱ្យ បានត្រឹមត្រូវ ច្បាស់លាស់ នោះទេ។ តុលាការ ក៏បានលើកសម្អាងហេតុមួយទៀត បញ្ជាក់ច្បាស់ថា សម រង្ស៉ី ពិតជាបាន និយាយ​​បរិហារកេរ្តិ៍ ចំពោះសម្តេចតេជោ ដែលពុំអាចប្រកែកបាន»។

សូមបញ្ជាក់ថា កាលពីខែសីហា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន និងលោក ឌី វិជ្ជា តាមរយៈមេធាវីរាជរដ្ឋាភិបាលកម្ពុជា និងមេធាវីបារាំង បានដាក់ពាក្យបណ្តឹងជាផ្លូវការ ២ ដាច់ដោយឡែកពីគ្នា ដើម្បីប្តឹងបុគ្គល សម រង្ស៊ី ពីបទ«បរិហាកេរ្តិ៍ជាសាធា រណៈចំពោះបុគ្គល» ទៅមកកាន់តុលាការ ទីក្រុងប៉ារីសប្រទេសបារាំង ៕/V