ដោយ​៖ ដេប៉ូ / ភ្នំពេញ​៖ “​គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា ពិតជា​បាន​ចូលរួម ចំណែក​យ៉ាងសំខាន់ ក្នុងការ​ជំរុញ​ការនាំចេញ​ក្នុង​ឧស្សាហកម្ម​កាត់ដេរ​រប​ស់​កម្ពុជា ដែលជា​ផ្នែក​មួយ ក្នុងការ​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា​ផងដែរ​”​។ នេះ​ជាការ​ថ្លែង​បញ្ជាក់​ពី សំណាក់​លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។

​នៅក្នុង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ នៃ​ការយោគយល់​គ្នា ស្តីពី​គម្រោង​រោងចក្រ កាន់តែ​ប្រសើរ​នៅ​កម្ពុជា សម្រាប់​ឆ្នាំ​២០២៣- ២០២៧ នៅ​សណ្ឋាគារ​ភ្នំពេញ នា​រសៀល​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០២២ លោក​រដ្ឋមន្ត្រីក្រសួង​ការងារ បានបញ្ជាក់​ថាៈ កម្មករនិយោជិត និង​និយោជក នៃ​រោងចក្រ​កាត់ដេរ ដែល​ធ្វើការ​នាំចេញ​ផលិតផល ទៅ​ក្រៅប្រទេស បានទទួល​នូវ​អត្ថប្រយោជន៍​ជាច្រើន អំពី​ការអនុវត្ត​គម្រោង​មួយ​នេះ ដោយ​អាច​រក្សាបាន​នូវ​ការងារ ដែលមាន​លក្ខខណ្ឌ​ល្អប្រសើរ និង​ទទួល​ប្រាក់ចំណេញ អាជីវកម្ម តាមរយៈ​ការទទួលបាន​ការបញ្ជា​ទិញ ពី​អ្នកបញ្ជា​ទិញ​អន្តរជាតិ ដែលមាន​កំណើន ជាប្រចាំ ជាមួយនឹង​អនុលោមភាព តាមច្បាប់​មាន​កម្រិត​ខ្ពស់​។

លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​

​លោក អ៊ិត សំហេង បាន​ថ្លែងថាៈ ដោយសារតែ​គម្រោង​នេះ មាន​បេសកកម្ម និង​កម្មវិធី ការងារ​គាំទ្រ​នូវ​គោលនយោបាយ និង​ការប្តេជ្ញាចិត្ត​របស់​រាជ​រដ្ឋាភិបាល ក្នុងការ​សំដៅ​ធានា ការលើកកម្ពស់​លក្ខខណ្ឌ​ការងារ សិទ្ធិ​ការងារ និង​សេរីភាព​អង្គការ​វិជ្ជាជីវៈ ទើបបានជា គម្រោង​នេះ​ទទួលបាន​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ពី​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួង ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ក្រសួងពាណិជ្ជកម្ម ហើយ​អាច​ដំណើរការបាន យ៉ាង​រលូន ក្នុង​រយៈពេល ២១ ឆ្នាំ​មកនេះ​។ ភាពជោគជ័យ និង​ការអនុវត្ត​ល្អ​របស់ គម្រោង​នេះ នៅ​កម្ពុជា ត្រូវបាន​ក្លាយជា​គម្រូ សម្រាប់​បណ្តា​ប្រទេស​ក្នុង​តំបន់ តាមរយៈ​ការ​បង្កើតជា “​កម្មវិធី​ការងារ​ល្អប្រសើរ (Better Work)”​។​

​រដ្ឋមន្ត្រីក្រសួង​ការងារ បាន​បន្តថាៈ សម្រាប់​អនុស្សរណៈ នៃ​ការយោគយល់​គ្នា​ថ្មី សម្រាប់​ឆ្នាំ ២០២៣-២០២៧ នេះ ជា​អនុស្សរណៈ​លើក​ទី​៨ ដែល​នឹងត្រូវ​ចុះហត្ថលេខា បាន​កែសម្រួល​លក្ខខណ្ឌ​អនុវត្ត​គម្រោង​មួយចំនួន ដោយ​បន្ថែម​រយៈពេល​អនុវត្ត​ពី ៣​ឆ្នាំ ទៅ ៥​ឆ្នាំ ដើម្បី​ធានា​នូវ​និរន្តរភាព​របស់​គម្រោង និង​និមិត្តរូប​នៃ​ការគោរព​លក្ខខណ្ឌ​ការងារ ដែលជា​ការបញ្ជាក់ នូវ​ការប្តេជ្ញាចិត្ត​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​។​

លោក ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម

​ទាក់ទិន​ក្នុង​រឿងនេះ​ដែរ លោក ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​មានប្រសាសន៍ថាៈ តាមរយៈ​ការអនុវត្ត​គោលនយោបាយ នៃ​ការផ្សារភ្ជាប់​ពាណិជ្ជកម្ម ជាមួយនឹង​បទដ្ឋាន​ការងារ បានប្រែក្លាយ​កេរ្តិ៍ឈ្មោះ​របស់​កម្ពុជា​ទៅជា​ប្រទេស​ឈានមុខ​គេ ក្នុង​គោលនយោបាយ ពាណិជ្ជកម្ម​អន្តរជាតិ និង​បានធ្វើឱ្យ​កម្ពុជា ក្លាយជា​ប្រទេស​គំរូ សម្រាប់​ប្រទេស​មួយចំនួន យក​ធ្វើជា​បទពិសោធន៍ សម្រាប់​យកទៅអនុវត្ត និង​រៀនសូត្រ តាម​។ ការអនុវត្ត​គោលនយោបាយ នៃ​ការផ្សារភ្ជាប់​ពាណិជ្ជកម្ម ជាមួយនឹង​បទដ្ឋាន​ការងារ ក៏បាន​បង្កើន​ទំនុកចិត្ត ដល់​អ្នកបញ្ជា​ទិញ​ម៉ាក​យីហោ​ល្បីៗ ក្នុង​ការដាក់​បន្ថែ​មកា​រ​បញ្ជា​ទិញ ផលិតផល​សំខាន់ៗ រួមមាន សម្លៀកបំពាក់ វាយនភ័ណ្ឌ ស្បែកជើង និង​កាបូប​នៅ​កម្ពុជា ពីមួយ​ឆ្នាំ ទៅមួយ​ឆ្នាំ កាន់តែ​ច្រើនឡើង​ផងដែរ​។

​លោក រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បានបញ្ជាក់​ឲ្យ​ដឹងថាៈ ការនាំចេញ​របស់​កម្ពុ​ជា ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម ទៅកាន់​ទីផ្សារ​បរទេស នៅក្នុង​រយៈពេល ៩​ខែ ឆ្នាំ​២០២២ ការនាំចេញ​មាន​ទឹកប្រាក់​សរុប ១៧.៥៧៨ (​ដប់​ប្រាំ​ពីរពាន់ ប្រាំ​រយ​ចិតសិប ប្រាំបី​) លាន​ដុល្លារ​អាម៉េរិក កើនឡើង ២៤,២៣ ភាគរយ ធៀប​នឹង​រយៈពេល​ដូចគ្នា ក្នុង​ឆ្នាំ​២០២១ ក្នុងនោះ ការនាំចេញ​សម្លៀកបំពាក់ និង​វាយនភ័ណ្ឌ មាន​កំណើន ២៣,១៦ ភាគរយ និង​ផលិតផល​ធ្វើដំណើរ និង​កាបូប មាន​កំណើន ៣៦,៣១ ភាគរយ​។

លោក Graeme Buckley នាយក​ការិយាល័យ​អង្គការ ILO ប្រចាំ​ប្រទេស​កម្ពុជា ឡាវ និង​ថៃ

​ដោយឡែក លោក Graeme Buckley នាយក​ការិយាល័យ​អង្គការ ILO ប្រចាំ​ប្រទេស​កម្ពុជា ឡាវ និង​ថៃ បាន​សង្កត់ធ្ងន់ថាៈ ក្នុង​រយៈពេល ២០ ឆ្នាំ ចុងក្រោយ​នេះ ឃើញថា​ការអនុលោម​តាមច្បាប់​ជារួម នៅក្នុង​ប្រទេស​កម្ពុជា មាន​ភាពប្រសើរឡើង មួយផ្នែក ដោយសារ​ការរាយការណ៍​ប្រកបដោយ​តម្លាភាព​របស់ គម្រោង​រោងចក្រ​កាន់តែ ប្រសើរ​នៅ​កម្ពុជា (BFC) លើ​បញ្ហាសំខាន់ៗ​។ BFC នឹង​ប្តេជ្ញា​បន្ត​ដើរតួ​ជា​អ្នក​សម្រប សម្រួល​នៃ​ភាគី​ពាក់ព័ន្ធ ក្នុង​ឧស្សាហកម្ម រួមទាំង​អ្នកទិញ​អន្តរជាតិ ដែល​ដើរតួ​យ៉ាងសំខាន់ ផងដែរ ក្នុងការ​កែលម្អ​វិស័យនេះ តាមរយៈ​ការអនុវត្ត​អាជីវកម្ម ប្រកបដោយ​ការទទួល ខុសត្រូវ របស់​ពួកគេ​។

​លោក​ឧកញ៉ា គង់ សាង ប្រធាន​សមាគម​រោងចក្រ​កាត់ដេរ នៅ​កម្ពុជា បានលើកឡើង​ថាៈ សមាគម​ពិតជា​មាន​មោទនភាព ដែល​បាន​ក្លាយជា​សមាគម​វិស័យ​ឯកជន​ទីមួយ ក្នុង​ពិភពលោក ដែល​ទទួលយក​កម្មវិធី​ពិសេស​របស់ អង្គការ​អន្តរជាតិ​ខាង​ការងារ​នេះ ឲ្យ​មក​តាមដាន​ត្រួតពិនិត្យ ដោយ​ឯករាជ្យ​លើ​រោងចក្រ​របស់​យើង និង​ធ្វើការ​រាយការណ៍ ប្រកបដោយ​តម្លាភាព អំពី​លទ្ធផល​រកឃើញ​របស់​ពួកគេ​។ សមាគម​សូម​គាំទ្រ និង​មាន​សេចក្តី​រីករាយ ដែល​បាន​បន្ត​អនុស្សរណៈ នៃ​ការយោគយល់​គ្នា ដើម្បី​បន្ត​អនុវត្ត ក្នុង​រយៈពេល ៥ ឆ្នាំ​ទៅមុខទៀត​៕/V​

លោក​ឧកញ៉ា គង់ សាង ប្រធាន​សមាគម​រោងចក្រ​កាត់ដេរ នៅ​កម្ពុជា

ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ នៃ​ការយោគយល់​គ្នា ស្តីពី​គម្រោង​រោងចក្រ កាន់តែ​ប្រសើរ​នៅ​កម្ពុជា សម្រាប់​ឆ្នាំ​២០២៣- ២០២៧ នៅ​សណ្ឋាគារ​ភ្នំពេញ នា​រសៀល​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០២២