​ដោយ​៖ សុវណ្ណ​កុម្ភៈ / ភ្នំពេញ​៖ នៅ​ថ្ងៃទី​១០ តុលា ម្សិលមិញ​នេះ ការប្រកួត​បាល់ទាត់ ក្នុង​សាល​ពានរង្វាន់​នារី របស់​វិទ្យាស្ថាន​ខេ​ម​អេ​ដ បានបញ្ចប់​ជា​ស្ថាពរ​ហើយ​។

​ការប្រកួត​ដែល​ធ្វើឡើង នៅ​កីឡដ្ឋាន Premium Sport Club មាន​ក្រុម​ជា​និស្សិត របស់ខ្លួន​ចំនួន ៨ ក្រុម ស្មើនឹង ៧០ នាក់​។ ចំពោះ​លទ្ធផល​ជ័យលាភី រួមមានៈ ក្រុម​ម្ចាស់​ជើងឯក ក្រុម Black Mambas, ជើងឯក​រង ក្រុម The Green, លេខ​៣ ក្រុម Daisy Squad, និង​ចំណាត់ថ្នាក់​លេខ​៤ បាន​ទៅលើ​ក្រុម Skyline ដែល​ក្រុម​នេះ ដណ្តើមបាន​ជ័យលាភី​ក្រុម​លេង​ដោយ​យុត្តិធម៌ (Fair Play) ចំពោះ​កីឡាការិនី ហន ម៉ូ​លីដា ឈ្នះ​ពាន​ទាត់​ប​ញ្ជូ​ល​ទី បាន​ច្រើនជាងគេ ប្រចាំ​ព្រឹត្តិ​ការណ៍​នេះ​។​

​លោក ខេ​ស៊ី​បា ណេ​ត នាយក​វិទ្យាស្ថាន​ខេ​ម​អេ​ដ បាន​គូសបញ្ជាក់ថាៈ គោលបំណង​ចម្បង​ នៃ​ការរៀបចំ​ការប្រកួតកីឡា បាល់ទាត់ ក្នុង​សាល​នារី​នេះ គឺ​ចង់​ចូលរួម​បញ្ជ្រាប​វប្បធម៌​កីឡា ក្នុងន័យ​គាំទ្រ​គោលការណ៍​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ដើម្បី​បង្រៀន​ឱ្យ​កីឡាការិនី ជា​និស្សិត​របស់ខ្លួន បាន​បន្ធូរ​អារម្មណ៍​តានតឹង ក្នុងពេល​សិក្សា តាមរយៈ​ការចូលរួម​ប្រកួតកីឡា ដើម្បី​សុខភាព​មិត្តភាព​សាមគ្គីភាព​។​

​ជាមួយគ្នានេះ ការលេង​កីឡា នឹង​បណ្តុះ​ស្មារតី​ឱ្យ​និស្សិត​ចេះ​តស៊ូ ចេះ​ពី​របៀប​ប្រកួតប្រជែង ចេះ​ធ្វើការ​ជា​ក្រុម ក្រោម​សម្ពាធ ដើម្បី​ស្វែងរក​ជ័យជម្នះ ហើយ​ការលេង​កីឡា​នេះ​ផងដែរ ក៏​ដើម្បីឱ្យ​និស្សិត បាន​ពង្រឹងស្មារតី​តស៊ូ​ក្នុង​ជីវិត​ទៀតផង​។​

​លោក​ជឿជាក់ថាៈ បទពិសោធន៍​ទាំងនេះ នឹង​ជំរុញ​ឱ្យ​ពួកគាត់ ក្លាយជា​អ្នក​ពុះពារ​ឧបសគ្គ ហើយ​យកទៅ​អនុវត្តន៍ ក្នុងពេល​ពួកគេ​បំពេញការងារ នាពេលខាងមុខ ក្រោយ​បញ្ចប់ ការសិក្សា​ជំនាញ​របស់ខ្លួន នៅ​វិទ្យាស្ថាន​ខេ​ម​អេ​ដ​។​

​នេះ​ជា​ព្រឹត្តិការណ៍​ទី​១ ក្រោយ​ខកខាន ២ ឆ្នាំ ដោយសារ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ ហើយ​ពេលនេះ ត្រូវបាន​រៀបចំ​ឡើងវិញ​។ ជាមួយនឹង​ការខិតខំ​បណ្តុះបណ្តាល​ធនធាន​កីឡាករ កីឡាការិនី ជាច្រើន​ប្រភេទ​កីឡា ដើម្បី​ចូលរួម​ប្រកួតប្រជែង​ក្នុង​ព្រឹត្តិការណ៍​ថ្នាក់ជាតិ​នានា វិទ្យាស្ថាន​ខេ​ម​អេ​ដ ដ៏​ដូចជា ការផលិត​ធនធាន ឱ្យ​ក្លាយជា​ជម្រើសជាតិ ត្រៀម​ការប្រកួត អន្តរជាតិ​នានា​ផងដែរ​។​

​មាន​និស្សិត​ខេ​ម​អេ​ដ​មួយចំនួន បាន​ក្លាយជា​ក្រុម​ជម្រើសជាតិ​បាល់បោះ ត្រៀម​ចូលរួម ប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ ហើយ​ពេលនេះ កំពុង​បង្កើន​ការហ្វឹកហាត់ នៅ​ប្រទេស​ចិន​។ ការចំណាយ​ធនធាន​ថវិកា​កម្លាំងកាយ ក្នុងការ​រៀបចំ​ព្រឹត្តិការណ៍​កីឡា នានា​នេះ គឺ​ដើម្បី​ផលប្រយោជន៍​របស់​និស្សិត ដែល​នឹង​ក្លាយជា​ធនធាន​ដ៏​សំខាន់ ដល់​ក្រុម​ជម្រើសជាតិ​ទៀតផង​៕/V​