ដោយ​៖ សុវណ្ណ​កុម្ភៈ / ភ្នំពេញ​៖ កូន​រា​ហ៊ូ​មាស​ឈុត សេរី​វ៉ាន់​ថង ក្លិប​រា​ហ៊ូ​កីឡា ខេត្តបាត់ដំបង ត្រូវបាន​អ្នក​និយម​ប្រដាល់ ដាក់​នូវ​ការ​ជឿជាក់ថា សម្រាប់​វគ្គ​ពាក់កណ្ដាល ផ្ដាច់ព្រ័ត្រ នៃ​ខ្សែក្រវាត់​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ នឹងមាន​វត្តមាន​កីឡាករ​រូបនេះ មិនខានឡើយ​។​

​កើត​ក្នុង​ឈាមជ័រ​អ្នក​ប្រដាល់ គេ​ជា​កូនប្រុស​តែ​ម្នាក់​គត់ ដែល​ដើរ​តាម​គន្លង​ឪពុក ដែល​ជា​អ្នក​ប្រដាល់​ជើងចាស់​មួយរូប​ដែរនោះ ។​

​លោក ឈុត សេរី ដែលជា​ឪពុក​អតីតកាល​របស់គាត់ ជា​អ្នក​ប្រដាល់​ក្នុង​ក្លិប​រា​ហ៊ូ​កីឡា​ ​ហើយ​សព្វថ្ងៃនេះ លោក​បាន​ក្លាយជា​ម្ចាស់​ក្លិប​រា​ហ៊ូ​កីឡា​ ខេត្តបាត់ដំបង​នេះ ព្រមទាំង​ធ្វើ​ឲ្យ ក្លិប​នេះ មានឈ្មោះ​បោះ​សម្លេង​ជាងគេ ក្នុង​ខេត្តបាត់ដំបង ។​

​លោក ឈុត សេរី វ៉ៃ​តាំងពី​ជំនាន់​លោក អេ ភូ​ថង មកម្ល៉េះ ដែល​កាលនោះ ក្នុង​ប្រភេទ​ទម្ងន់ ៦០ គីឡូក្រាម បន្ទាប់មក​ទម្ងន់ ៦៣,៥០ គីឡូក្រាម លោក​ចាញ់​តែ​អ្នក​ប្រដាល់ អេ ភូ​ថង​ ម្នាក់​ប៉ុណ្ណោះ​។ ក្នុងការ​ប្រកួត​ជើងឯក​ជាតិ ឬ ព្រឹត្តិការណ៍​ថ្នាក់ជាតិ​ធំៗ ប្រសិនបើ​មាន វត្តមាន អេ ភូ​ថង លោក​តែងតែ​ទទួលបាន​ចំណាត់ថ្នាក់​លេខ​២ ។​

​សម្រាប់​ព្រឹត្តិការណ៍​ដណ្ដើម​ខ្សែក្រវាត់ សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ គឺជា​ការប្រកួត​មួយ សម្រាប់​ឆ្ពោះទៅ​ស៊ី​ហ្គេម​លើក​ទី​៣២ ដែល​កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ​។ ម្ចាស់​ជើងឯក នៃ​ព្រឹត្តិ​កាណ៍​នេះ បានទទួល​រង្វាន់ ជា​វីឡា​ភ្លោះ​ដែល​គេ​អាច​លក់​ទាំងអស់ ឬ​លក់​មួយ ចំហៀង​ក៏បាន​ព្រោះ​ម្ចាស់​ឧបត្ថម្ភ បានបញ្ជាក់​ហើយ​ថា វា​ជា​កម្មសិទ្ធិ​របស់​ម្ចាស់​ជើងឯក ។​

​សម្រាប់ វ៉ាន់​ថង ក្នុង​ព្រឹត្តិការណ៍​នេះ ២ ប្រកួត​របស់គេ ឈ្នះ​ទាំង ២ ប្រកួត ដែល​ក្នុងនោះ​ ​វាយ​គូប្រកួត​ឲ្យ​សន្លប់​ទឹក​ទី​១ មួយ​ប្រកួត និង​ឈ្នះ​ពិន្ទុ​ដាច់ មួយ​ប្រកួត ដោយ​ចៅក្រម​ទាំង ៥ សុទ្ធតែ​សម្រេច​ឲ្យ​គេ​ឈ្នះ​គ្រប់ៗ​គ្នា ។​

​គូប្រកួត​ក្នុង​ពូ​ល ដែល​គេ​ចាត់ទុកជា​ឧបសគ្គ​នោះ​គឺ វ៉ាន់​វឿន ដែលជា​អតីត​ម្ចាស់​មេដាយ សំរិទ្ធ​ស៊ី​ហ្គេម​។ តែ​ពេលនេះ វ៉ាន់​វឿន ចាញ់​គេ​ដាច់​ទៅ​ហៅ​ហើយ​នោះ កង្វល់​នានា​សម្រាប់ ឡើងទៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ គឺ​លែងមាន​ទៅហើយ ។ ក្នុង​ពូ​ល គេ​នៅសល់​មួយ ប្រកួត ជាមួយ​អ្នក​ប្រដាល់​ជើងចាស់ សៀវ ង៉ុ​យ ក្លិប​អភិវឌ្ឍន៍​ប្រដាល់​គុន​ខ្មែរ​រុងរឿង ដែល ២ ប្រកួត​ចាញ់​ទាំង ២ ប្រកួត ហើយ​ការប្រកួត​ចុងក្រោយ​របស់គេ ទោះបី​ចាញ់ ឬ​ឈ្នះ វា​គ្រាន់តែ​ជាការ​ប្រកួត​បង្គ្រប់កិច្ច​តែប៉ុណ្ណោះ​៕/V​