​ឆ្នាំជូត​

 

​រាសី​ល្អជា​មធ្យម​។​ការរស់នៅ​លោកអ្នក​គប្បី​អត់ធ្មត់ និង ដោះស្រាយ​រឿង​រាវ​ដែល​កើតឡើង​ដោយ​ប្រើ​បញ្ញា​ជា​អាវុធ​ទើប​ជាការ​ល្អ​បំផុត​។​នៅថ្ងៃនេះ លោកអ្នក​អាច​ដំណើរ​ការងារ​ទាក់ទង​នឹង​បញ្ហា​ប្រាក់កាស​ពីព្រោះ​នឹង​ផ្តល់​ផល​ឆ្លើយតប​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​ជានិច្ច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​វិញ​ទោះ​លោកអ្នក​ជួញ​ទីជិត​ឆ្ងាយ​មិន​ថា ផ្លូវគោក ផ្លូវទឹក ក្តី​តែង​ហុច​ផ្លែផ្កា​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​ផងដែរ​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មាន​ភាព​សោះកក្រោះ​បន្តិច​ព្រោះតែ​ម្នាក់​ម្នាក់ៗ​ប្រកាន់​ចិត្តខ្លាំង​រៀងៗ​ខ្លួន​៕

 

​ឆ្នាំឆ្លូវ​

 

​រាសី​ខ្ពស់ត្រដែត​។​ដំណើរ​ជីវិត​របស់លោក​អ្នកនា​ថ្ងៃនេះ​ឃើញថា​បញ្ហា​ឧបទ្រពចង្រៃ​ចៀស​ឆ្ងាយ ហើយ​បញ្ហា​ល្អៗ​បាន​ហូរ​ចូល​ជំនួស​មកវិញ ហេតុនេះ​ធ្វើឱ្យ លោកអ្នក សប្បាយចិត្ត សប្បាយ​កាយ​គ្រាន់​ជាទី កក់ក្តៅ ផ្លូវចិត្ត​។​ក្នុងថ្ងៃនេះ​លោកអ្នក​អាច​ប្រកបការងារ​ពេញដៃ​ជើង ហើយ​ធ្វើ​អ្វី​ក៏​តែង​មានការ​ចម្រើន​លូតលាស់​ទៅមុខ​ជានិច្ច​។​សម្រាប់​អ្នក​ប្រកប​រប​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​វិញ​ចំណូល​ចំណាយ​មិនមាន​អ្វី​លេចធ្លោ​ទេ​គឺ​ដូច​សព្វមួយដង​តែ​យ៉ាងណា​បើ​លោក​អ្នកមាន​គម្រោង​ចង់​ធ្វើ​អ្វីមួយ​គួរ​រួសរាន់​ធ្វើ​ព្រោះ​ផ្លែផ្កា​ដែល​ទទួលបាន​មកវិញ​គួរ​ជាទី​កក់ក្តៅ​ជានិច្ច​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ចម្រើន​លូតលាស់​និង​កំពុង​ផ្អែមល្ហែម​ប្រពៃ​៕

 

​ឆ្នាំខាល​

 

​រាសី​ស្រុតចុះ​។ ការរស់នៅ​ទៅ​ទីណា ឬ​ធ្វើ​អ្វី​ត្រូវមាន​ស្មារតី​ប្រុងប្រយ័ត្ន​ជានិច្ច​ពីព្រោះថា​ងាយ​ធ្លាក់​ក្នុង​គ្រោះ​ចាញ់បោក​គេ និង​រឿង​រាវ​យាយី​ជាង​សព្វមួយដង​។​ការប្រកប​ការងារ​ក្នុងអំឡុង​ពេលនេះ​មានការ​ត្រូវ​ចំណាយ​លើ​បញ្ហា​ប្រាក់កាស​ច្រើន ដូចនេះ​ត្រូវ​ចេះ​ថ្លឹងថ្លែង ហើយ​សន្សំសំចៃ​ខ្លះ​ទើប​មិន​ជួប​វិបត្តិ​នៅ​ថ្ងៃ​ខាងមុខ​។​ចំពោះ​ការប្រកប​មុខ​ជំនួញ​ជួប​បញ្ហាលំបាក និង ការ រកប្រាក់​ចំណូល​ខ្សត់ខ្សោយ​ជាង​សព្វមួយដង​។​
​ស​ម្ព័​ន​ស្នេហា​ប្រុស​ស្រី​ថ្ងៃនេះ​វិញ​ពុំ​សូវ​មានការ​ជឿនលឿន​ទៅមុខ​ទេ​មានតែ​ការ​ថយក្រោយ​និង​ងាយ​កើតរឿង​បែកបាក់​ថែមទៀត​៕

 

​ឆ្នាំថោះ​

 

​រាសី​ល្អជា​មធ្យម​។​ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនសូវ​ល្អប្រសើរ​ប៉ុន្មាន​ទេ ដូចនេះ​នាំឱ្យមាន​ការប្រែប្រួល​អារម្មណ៍​ដែល​នាំ​កើត​បញ្ហា​ជាមួយ​អ្នកដទៃ​មិនតិច​នោះទេ​។​ក្រៅពីនេះ​ការបំពេញ​ការងារ​ក៏​តែង​កើតការ​រាំងស្ទះ​និង​មាន​បញ្ហា​ចូល​យាយី​ច្រើន​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ជួប​ផល​លំបាក​ក្នុង​ការរកចំណូល​ណាស់​ហើយ​ការចង់​បណ្តាក់ទុន​អ្វីមួយ​ក៏ត្រូវ​ប្រយ័ត្ន​គ្រោះ​ចាញ់បោក​គេ​ព្រោះថា​មាន​ខ្ពស់​ណាស់​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ងាយ​មាន​ភាព​ឆាប់​តានតឹង​ដាក់គ្នា​ណាស់ ដូច្នេះ​ឱ្យ​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ណាមួយ​ឡើង​៕

 

​ឆ្នាំរោង​

 

​រាសី​ខ្ពស់ត្រដែត​។​ក្នុង​រយៈពេល​នេះ​បើ​អ្នកជា​មនុស្ស​ពូកែសម្តី​វោហារ បើទោះបី​និយាយស្តី​អ្វី​ក៏ដោយ​ក៏​តែងមាន​គេ​ចូលចិត្ត​ស្តាប់ និង​ត្រងត្រាប់​ធ្វើតាម​គាប់​បញ្ជា​ដែរ​។​នៅថ្ងៃនេះ​យីអ៊ុន​ងើបឡើង​ខ្ពស់​ម្ល៉ោះហើយ​ទោះ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​តែង​ផ្តល់​ផល​ល្អ​សម្រាប់​ក្នុងការ​សម្រុក​ការងារ​ឬ​ធ្វើ​អ្វីមួយ​ផង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​បើក​របរ​ថ្មី​ឬ​បើកហាង​ថ្មី​ក៏​ជា​ពេលវេលា​ល្អ​ប្រពៃ​ណាស់​។​
រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​កើត​មានការ​ប្រចែប្រច័ណ្ឌ​ច្រើន ម្ល៉ោះហើយ​បើ​មិនចេះ​កាត់បន្ថយ​ទេ​ពិតជា​មានរឿង​បែកបាក់​រង់ចាំ​នា​ថ្ងៃ​ខាងមុខ​ពុំខាន​៕

 

​ឆ្នាំម្សាញ់​

 

​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​លោកអ្នក​អាច​ទទួលដំណឹង​ល្អ និង ធ្វើ​អ្វី​មានការ​ចម្រើន​លូតលាស់​គ្រាន់​ជាទី​កក់ក្តៅ​ផង​។​ការប្រកប​ការងារ​លោក​អ្នក​គប្បី​មានការ​ធ្វើឱ្យ​ពេញទំហឹង​នោះ​នឹង​ទទួល​ផ្លែផ្កា​ដូចជា​ទី​ពេញចិត្ត​ពុំខាន​។​ក្នុងថ្ងៃនេះ​បើ​លោកអ្នក​មាន​ដាក់​គម្រោងការ​ឬ​ណាត់​ជួបចរចា​អ្វីមួយ​ជាមួយ​អតិថិជន​ឬ​ទំនាក់ទំនង​ការរកស៊ី​ជួញដូរ​តែងមាន​ការសហកា​រ​ពី​អ្នកដទៃ​ជានិច្ច​។
រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​សុខដុម​និង​នឹករលឹក​ចំពោះ​គ្នា​ប្រពៃ​ណាស់​៕

 

​ឆ្នាំមមី​

 

​រាសី​ល្អជា​មធ្យម​។​លោក អ្នក​មិន​គប្បី​លូកដៃ​ទៅក្នុង​ល្បែងស៊ីសង​ឡើយ​ដើម្បី​ចៀសវាង​ការ​លង់ខ្លួន​កែ​មិន​ឡើង​ហើយ​ពិសេស​ជួប​ផល​លំបាក​ណាមួយ​ជាន់ក​បន្ថែម​ទៀតហើយ​រើខ្លួន​លែងរួច​។​ការប្រកប​ការងារ បើ​លោក​អ្នកមាន​បញ្ហា​អ្វី​តែង​ចាប់ផ្តើម​ធូរស្បើយ​ពី​ទុក្ខលំបាក​មួយចំនួន​បន្តិច​វិញ ហើយ​បើ​ចង់​ដោះស្រាយ​អ្វីមួយ​តែង​ជោគជ័យ​ដូច​គាប់​បំណង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួយ​ដូរ​បើ​ចង់​បោះទុន​តូចធំ​មិនមាន​អ្វី​ទាស់ខុស​ទេ​ព្រោះ​ផ្លែផ្កា​ដែល​ទទួលបាន​មកវិញ​ក៏​សម​ដូច​ប្រកប​។​
សេចក្តីស្នេហា​កំលោះ​ក្រមុំ​ចូរ​ប្រយ័ត្ន​អ្នក​ទី​បី​ចូលមក​ឡូកឡំ​នាំ​កើតរឿង​រាវ​ប្រេះឆា​ដោយ​ប្រការ​ណាមួយ​៕

 

​ឆ្នាំមមែ​

 

​រាសី​ល្អជា​មធ្យម​។​ថ្ងៃនេះ​បើទោះបី​ដួង​រាសី​ឡើង​ខ្ពស់ ប៉ុន្តែ​យ៉ាងណា លោកអ្នក ឱ្យ​ប្រយ័ត្ន​ក្រុមមនុស្ស​ភេទ​ផ្ទុយគ្នា​ចូលមក​ពាក់ព័ន្ធ​នាំ​កើត​នូវ​បញ្ហា​អាក្រក់​ណាមួយ​ឡើង​។​ចំពោះ​បញ្ហា​ការងារ និង ប្រាក់កាស​មិន​ចោទ​ជា​បញ្ហា​ទេ​និង​បើ​មានការ​ឈ្មុសឈ្មុល​តែង​ជួប​សេចក្តីសម្រេច​ដូច​គាប់​បំណង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ជួប​ការលំបាក​ក្នុង​ការរក​ផល​ចំណូល​បន្តិច​ព្រោះ​តែង​មានការ​ប្រជែង​គ្នាច្រើន ហើយ​ពិសេស​ប្រយ័ត្ន​មាន​ជម្លោះ​វិវាទ​ព្រោះតែ​ការដណ្តើម​អតិថិជន​គ្នា​។​
​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ឆាប់​ប្រទាំង​ប្រទើស​គ្នា​បន្តិច ដូចនេះ​ចូរ​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ណាមួយ​ឡើង​៕

 

​ឆ្នាំ វក​

 

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​ចង់​ពឹងពាក់ និង ខ្ចី​អ្វីមួយ​ជាមួយ​អ្នកដទៃ​តែង​មិន​ឆ្លើយតប​ដូច​គាប់​បំណង​ប៉ុន្មាន​ឡើយ​។​ក្នុងថ្ងៃនេះ​បើទោះបី​ធ្វើ​អ្វី​ក៏ដោយ​លោកអ្នក​តោង​តែមាន​ចិត្ត​ត្រជាក់​ទើប​មិនមាន​បញ្ហា​មិនល្អ​ណាមួយ​ឈានចូល​កើត​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទាំង​ការ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​ទោះ​ជួប​ផល​លំបាក​ម្តេច​មា្ត​ក៏មាន​ហូរ​ចូល​មួយៗ​គ្រាន់​បំពេញ​បំពង់​អញ្ចឹង​ដែរ​។​
រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ​តិចតួច​ណាស់ ដូចនេះ​ត្រូវ​ចេះ​ពូន​ជ្រោយ​ចំណងស្នេហា​របស់ខ្លួន​ប​ន្តិ​ច​ទើប​ប្រសើរ​៕

 

​ឆ្នាំរកា​

 

​រាសី​ខ្ពស់ត្រដែត​។​ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ ដូចនេះ​នាំឱ្យ​កិច្ចការ​មាន​ភាពរលូន​ល្អ​និង​អាច​សម្រេច​ជោគជ័យ​តាម​គោលដៅ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួបតែ​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​លោកអ្នក​អាច​ត្រូវ​ចៅហ្វាយនាយ​អាណិត​ស្រឡាញ់​និង​លើកសរសើរ​ថែមទៀត​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មានការ​ចម្រើន​លូតលាស់​ទៅមុខ​ដូច្នេះ​ជា​ឱកាសល្អ​ក្នុងការ​ផ្លាស់ប្តូរ​មុខរបរ​ឬ​បើក​ធ្វើ​ជំនួញ​តូចធំ​។​
សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​យកចិត្តទុកដាក់​និង​ផ្អែមល្ហែម​ចំពោះ​គ្នា​ល្អ​ប្រពៃ​៕

 

​ឆ្នាំច​

 

​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​បញ្ហា​ក្នុង​ដំណើរ​ជីវិត​បើ​ធ្លាប់តែ​អសកម្ម​នោះ​នឹង​ប្រែ​មកជា​មាន​សន្ទុះ​បោះជំហាន​ទៅមុខ​ជា​បណ្តើរៗ​ឡើងវិញ ។​ទោះបីយ៉ាងណា​យីអ៊ុន​របស់លោក​អ្នក​នៅ​ថ្ងៃនេះ​ពុំ​គាប់ប្រសើរ​ចំពោះ​ការប្រកប​កិច្ចការងារ​ពេលព្រឹក​ប៉ុន្មាន​នោះឡើយ ដូចនេះ​បើ​មាន​ចាប់​កាន់​កិច្ចការ​អ្វីមួយ​ថ្មីថ្មោង​ចូរ​ប្រយ័ត្ន​ការ​មាន​កំហុស​បន្តិច ហើយ​បើ​ការងារ​ជា​កូនឈ្នួល​គេ​ផង​ងាយ​ត្រូវ​ថៅកែ​បណ្តេញចេញ​ណាស់ដែរ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិនមាន​ការលូតលាស់​ទៅមុខ​គួរ​ជាទី​កត់សម្គាល់​ទេ​គឺមាន​ដំណើរ​ថយក្រោយ​ច្រើនជាង ដូចនេះ​បើ​ចង់​ធ្វើ​អ្វីមួយ​ធំដុំ​គួរ​មានការ​ប្រយ័ត្នប្រយែង​ឱ្យបាន​ខ្លាំងក្លា​។​
រីឯ​បញ្ហា​សេចក្តី​ស្ន​ហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានដំណើរ​ពុំ​ល្អ​ទេ​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​ចូលមក​បំបែក​ដោយ​ប្រការ​ណាមួយ​៕

 

​ឆ្នាំកុរ​

 

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​មិនអាច​ដោះស្រាយ​បញ្ហា​តូចធំ​បានចេញ​អស់នោះ​ទេ ហើយ​បញ្ហា​ខ្លះ​កាន់តែ​ពិបាក​ថែមទៀត​។​ដោយសារ​ដួង​រាសី​របស់លោក​អ្នក​បាន​ស្រុតចុះ ហេតុនេះ​បើ​ចង់​ប្រកបការងារ​អ្វី​ឃើញថា​មិន​ជឿនលឿន​ទៅមុខ​ប៉ុន្មាន​ទេ ពិសេស​ធ្វើ​ច្រើន​បែរជា​បាន​ផល​តិច​ទៅវិញ​ទៀតផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ការ​ជួញ​ទីជិត​ឆ្ងាយ​ជួប​សេចក្តី​សុខដុម​ដោយ​អាច​ប្រមូល​ភោគផល​ចូល​ផ្ទះ​វិញ​គួរ​ជាទី​កក់ក្តៅ​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕