​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖​មហាសន្និបាត​អង្គការសហប្រជាជាតិ​បានចាប់ផ្តើម​ការជជែក​ដេញដោល​កាលពី​ថ្ងៃ​ចន្ទ​ទី​១០​តុលា​ថា​តើ​ត្រូវ​ទាមទារ​ឱ្យ​រុស្ស៊ី​លុបចោល​ការ​កាត់​យក​តំបន់​ចំនួន​​បួន​របស់​អ៊ុយ​ក្រែ​នឬ​យ៉ាងណាជា​ការពិភាក្សាមួយ​ដែលបា​ន​កើត​ឡើង​នៅ​ពេល​ដែល​ការ​វាយប្រហារ​ដោយ​មី​ស៊ី​ល​ដ៏​ទូលំទូលាយ​បំផុត​របស់​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​ក្នុង​រយៈពេល​ជា​ច្រើន​ខែ​បានធ្វើឱ្យ​សហ​​គម​ន៍​អន្តរជាតិ​មាន​ការភ្ញាក់ផ្អើល​ជា​ថ្មី​។​

​សម័យប្រជុំ​ពិសេស​របស់​មហាសន្និបាត​ត្រូវបាន​គ្រោងទុក​មុន​ការវាយប្រហារ​មី​ស៊ី​ល​កាលពី​ថ្ងៃ​ចន្ទ ប៉ុន្តែ​បណ្តា​ប្រទេស​នានា​បាន​និយាយ​អំពី​ការវាយប្រហារ​នេះ​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ​ដែល​បាន​សម្លាប់​​មនុស្ស​យ៉ាង​ហោច​ណាស់ ១៤ នាក់ និង​របួស​ជាច្រើន​នាក់​។​

​ឯកអគ្គរដ្ឋទូត​អ៊ុយ​ក្រែន​ប្រចាំអ​.​ស​.​បលោក សឺ​ហ្គេ គី​ស្លីត​ស្យា (Sergey Kyslytsya) បាន​និយាយថា សាច់ញាតិ​ជិតស្និទ្ធ​របស់គាត់​មួយចំនួន​បាន​រងរបួស​នៅក្នុង​អគារ​លំនៅដ្ឋាន​មួយ​ដោយ​​សារ​មិនអាច​ចូល​ទៅ​ជម្រក​ជ្រក​គ្រាប់បែក​បាន​។​

​លោក​បាន​និយាយថា “​តាមរយៈ​ការបើក​ការវាយប្រហារ​ដោយ​មី​ស៊ី​ល​ទៅលើ​ជន​ស៊ីវិល​ដែល​កំពុង​ដេក​នៅ​ក្នុងផ្ទះ​របស់​ពួកគេ ឬ​ក្មេងៗ​ដែល​កំពុង​ប្រញាប់ប្រញាល់​ទៅ​សាលារៀន​រុស្ស៊ី​បាន​សបញ្ជាក់​ឱ្យ​​ឃើញ​ជា​ថ្មី​ម្តងទៀត​ថា​វា​ជា​រដ្ឋ​ភេរ​វករ ដែល​ត្រូវតែ​រារាំង​តាម​មធ្យោបាយ​ដ៏​ខ្លាំងក្លា​បំផុត​”​។​

​រុស្ស៊ី​បាន​និយាយថា ខ្លួន​បាន​កំណត់​គោលដៅ​លើ​ទីតាំង​យោធា​និង​ថាមពល​។ ប៉ុន្តែ​មី​ស៊ី​ល​មួយចំនួន​បាន​បាញ់​ចូល​ទៅក្នុង​តំបន់​ស៊ីវិល ដូចជា សួនច្បារ ឡានក្រុង​ដឹកជញ្ជូន និង​កន្លែង​ជាច្រើន​ទៀត​​និង​ថា ខ្លួន​កំពុង​សងសឹក​ចំពោះ​អ្វី​ដែល​ខ្លួន​ហៅ​ថា​ការវាយប្រហារ​របស់​អ៊ុយ​ក្រែន​កាលពី​ថ្ងៃ​សៅ​រ៍លើ​ស្ពាន​ដ៏​សំខាន់​មួយ ហើយ​ឯកអគ្គរដ្ឋទូត​រុស្ស៊ី លោក វ៉ាស​ស៊ី​លី ណេ​បិ​ន​ហ្សា (Vassily Nebenzia) បាន​ប្រាប់​មហាសន្និបាត​ថា​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​បាន​ព្រមាន​ថា​នឹង​មិន​មាន​និទណ្ឌភាព​ចំពោះ​ទង្វើ​បែបនេះ​នោះ​ទេ​។​

​លោក​បាន​ប្រាប់​អ្នកយកព័ត៌មាន​នៅ​ក្រៅ​កន្លែង​ប្រជុំ​ថា ស្ពាន​គឺជា “​ហេដ្ឋារចនាសម្ពន្ធ​ស៊ីវិ​ល ហេដ្ឋារចនាសំខាន់​”​។​

​មន្ត្រី​អ៊ុយ​ក្រែន​មិន​បាន​បញ្ជាក់ថា រដ្ឋាភិបាល​ក្រុង​គៀវ​ជា​អ្នក​នៅ​ពីក្រោយ​ការវាយប្រហារ​លើ​ស្ពាន​ឬ​ឧបទ្ទវហេតុ​បំផ្លិចបំផ្លាញ​ជាក់ស្តែង​ផ្សេង​ទៀត​ឬ​អត់​នោះទេ ប៉ុន្តែ​និយាយថា​ពួក​គេ​ស្វាគមន៍​រាល់​​បរាជ័យ​សម្រាប់​រុស្ស៊ី​នៅក្នុង​ទឹកដី​ទាំងអស់​ដែល​ខ្លួន​បាន​កាត់​យក​។​

​អ្នកនាំពាក្យ​អ​.​ស​.​ប លោក ស្តេ​ហ្វិន ឌួ​ចារិក (Stéphane Dujarric) បាន​និយាយថា អគ្គលេខាធិការ​អ​.​ស​.​ប លោក អង់​តូ​នីញ៉ូ គូថេ​រ៉េ​សមាន​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ចំពោះ​ការវាយប្រហារ​របស់​​រុស្ស៊ី ហើយ​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ជាមួយ​ប្រធានាធិបតី​អ៊ុ​យក្រែន លោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​លេន​ស្គី​៕

​ឯកអគ្គរដ្ឋទូត​អ៊ុយ​ក្រែន​ប្រចាំអ​.​ស​.​បលោក សឺ​ហ្គេ គី​ស្លីត​ស្យា