​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ជនជាតិ​អាម៉េរិក​បីនាក់ រួម​ទាំង​អតីត​ប្រធាន​ធនាគារ​កណ្តាល លោក បិ​ន បឺ​ណាន​កេ (Ben Bernanke)​ដែល​បាន​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការប្រ​​យុទ្ធ​ប្រឆាំងនឹង​វិបត្តិ​ហិរញ្ញវត្ថុ​ឆ្នាំ ២០០៨ បានឈ្នះ​ពានរង្វាន់​ណូបែល​សេដ្ឋកិច្ច​កាលពី​ថ្ងៃ​ចន្ទ​ទី​១០​តុលា​សម្រាប់​ការស្រាវជ្រាវ​អំពី​ធនាគារ​ក្នុង​គ្រា​នៃ​ភាពចលាចល​។​

​គណៈវិនិច្ឆ័យ​បាន​និយាយថា លោកបឺណា​ន​កេ រួមជាមួយ លោក ឌូ​ក្លាស ដាយ​អឺ​មិន (Douglas Diamond) និង លោក ហ្វី​លីព ឌី​ប​វី​ក (Philip Dybvig) បាន​ទទួលពាន​សម្រាប់ “​បាន​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ការយល់ដឹង​របស់​យើង​អំពី​តួនាទី​របស់​ធនាគារ​នៅក្នុង​សេដ្ឋកិច្ច ជាពិសេស​ក្នុងអំឡុង​វិបត្តិ​ហិរញ្ញវត្ថុ ក៏​ដូច​ជា​របៀប​គ្រប់គ្រង​ទីផ្សារ​ហិរញ្ញវត្ថុ​”​។​

លោក បិ​ន បឺ​ណាន​កេ

​លោកបឺណា​ន​កេ​អាយុ ៦៨ ឆ្នាំ​មាន​ស្នាដៃ​ទាំង​សម្រាប់​ការស្តារ​ឡើង​វិញ​បន្ទាប់ពី​វិបត្តិ​សេដ្ឋកិច្ច​ឆ្នាំ ២០០៨ និង​ត្រូវបាន​រិះគន់​ដោយ​ក្រុម​អ្នក​រិះគន់​សម្រាប់​ការធ្វើ​តិចតួច​ដើម្បី​បញ្ចៀស​វិបត្តិ​ដែល​អនុញ្ញាត​​ឱ្យ​ធនាគារ​វិនិយោគ Lehman Brothers ដួលរលំ​។​

​លោក​បាន​ទទួលពានរ​ង្វាន់​សម្រាប់​ការវិភាគ​របស់គាត់​ដែល​ធ្វើឡើង​នៅ​ដើម​ទសវត្សរ៍​ឆ្នាំ ១៩៨០ នៃ​មហា​វិបត្តិ​សេដ្ឋកិច្ច​នៅក្នុង​ទសវត្សរ៍​ឆ្នាំ ១៩៣០​ដែល​ជា​វិបត្តិ​សេដ្ឋកិច្ច​ដ៏​អាក្រក់​បំផុត​នៅ​ក្នុងប្រ​​វត្តិសាស្ត្រ​ទំនើប​។​

​គណៈវិនិច្ឆ័យ​រង្វាន់​ណូបែល​បាន​កត់សម្គាល់​ថា ជាពិសេស​លោកបឺណា​ន​កេ​បានបង្ហាញ “​របៀប​ដែល​ធនាគារ​បរាជ័យ​បាន​ដើរតួនាទី​យ៉ាង​សំខាន់​ក្នុង​វិបត្តិ​សេដ្ឋកិច្ចពិភពលោក​” ដោយ​ធ្វើឱ្យ​វិបត្តិ​នេះ “​មិន​ត្រឹមតែ​ផុង​ជ្រៅ​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​អូស​បន្លាយពេល​យូរ​ទៀតផង​”​។​

​គណៈកម្មាធិការ​ណូបែល​បាន​និយាយថា នៅក្នុង​តួនាទី​របស់​គាត់​ជា​ប្រធាន​ធនាគារកណ្តាល លោកបឺណា​ន​កេ “​អាចដាក់​ចំណេះដឹង​ពី​ការស្រាវជ្រាវ​ទៅក្នុង​គោលនយោបាយ​” ក្នុងអំឡុង​វិបត្តិ​ហិរញ្ញវត្ថុ​ឆ្នាំ ២០០៨-២០០៩​។​

​លោកបឺណា​ន​កេ​ត្រូវ​បាន​សាទរ​ចំពោះ​ការឆ្លើយតប​មិន​ធម្មតា​របស់​ធនាគារ​កណ្តាល​ក្នុង​ការកាត់បន្ថយ​អត្រា​ការប្រាក់ និង​ការធ្វើឱ្យ​ជោរជន់​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ជាមួយនឹង​សាច់ប្រាក់​ងាយស្រួល​។​

​លោក​បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​កាល​ពី​ថ្ងៃ​ចន្ទ​ថា លោក​និង​សហការី​របស់​ធនាគារ​កណ្តាល​របស់​គាត់​បាន​ប្តេជ្ញា​ចិត្ត​ដើម្បី​ទប់ស្កាត់​ការ​រំលំ​រលាយ​នៃ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​នៅពេលនោះ ថា​”​ខ្ញុំ​ជឿជាក់​យ៉ាង​​មុតមាំ​ថា ប្រសិនបើ​វា​កើតឡើង នោះ​វា​នឹង​ធ្វើឱ្យ​ដួល​សេដ្ឋកិច្ច​សេសសល់​ផ្សេងទៀត​”​។​

​ប៉ុន្តែ​លោកបឺណា​ន​កេ​បាន​បន្ថែមថា ស្ថានភាព​នាពេល​បច្ចុប្បន្ន​នេះ​មិនមាន​អ្វី​ដូច “​ការលំបាក​” កាលពី ១៤ ឆ្នាំ​មុន​នោះ​ទេ ដោយ​បន្ថែម​ថា​ធនាគារ​បច្ចុប្បន្ន​បាន​ត្រៀម​ខ្លួន​ល្អ​ប្រសើរ​សម្រាប់​បញ្ហា​​ប្រឈម​៕

​លោកបឺណា​ន​កេ (​រូប​តូច​ខាងលើ​រាប់​ពីឆ្វេង​ទៅ​ស្តាំ​) រួមជាមួយ លោក ឌូ​ក្លាស ដាយ​អឺ​មិន និង លោក ហ្វី​លីព ឌី​ប​វី​ក ឈ្នះ​ពាន​ណូបែល​សេដ្ឋកិច្ច