ដោយៈតារារិទ្ធ/ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន ផ្តល់អនុសាសន៍និងបទបញ្ជាឱ្យលោក ហង់ជួន ណារ៉ុន រដ្ឋ មន្ត្រីក្រសួងអប់រំពិនិត្យពិចារណាទៅលើបញ្ហាការអប់រំសម្រាប់កុមារនិងយុវជនដែលត្រូវធ្វើចំណាកស្រុក ។

សម្តេចតេជោបានលើកឡើងថាការធ្វើចំណាកស្រុកមានពីរ គឺការធ្វើចំណាកស្រុកក្នុងស្រុកមានកម្មករសំណង់មួយ ចំនួនដែលមករកការងារធ្វើនៅក្រុងភ្នំពេញនាំទាំងប្រពន្ធនិងកូនមកជាមួយ ។សម្តេចលើកជាសំណួរថា”តើយើង ត្រូវដោះស្រាយបញ្ហានោះបែបណាដើម្បីឱ្យកូនរបស់គេបានសិក្សារៀនសូត្រ។ខ្ញុំលើកឧទាហរណ៍អាចដោះស្រាយបានឧទាហរណ៍ម្ដុំណាមានសាលាក្បែរនោះគឺខិតខំឲ្យក្មេងទាំងនោះបានចូលរៀននៅសាលាក្បែរនោះហើយបើគេផ្លាស់ពីកន្លែងហ្នឹងទៅកន្លែងផ្សេងត្រូវរកសាលានៅកន្លែងផ្សេងនោះឱ្យបានចូលរៀនទៀត។បើមិនអញ្ចឹងតើកុមាររបស់យើងបានទទួលចំណេះដឹងឬទេ? នេះជាចំណុចដែលខ្ញុំផ្ដល់ជាអនុសាសន៍ឱ្យគិតនិងឱ្យធ្វើ។ វាជាអនុសាសន៍ ផងហើយវាក៏ជាបទបញ្ជាផងដែរ”។

សម្តេចបន្តថាកម្មករដែលមករកការងារនៅទីក្រុងភ្នំពេញឬទីប្រជុំជនមានពីរយ៉ាង។ម្យ៉ាងគាត់ផ្ញើកូនជាមួយជីដូនជីតាឬជាមួយសាច់ញាតិដើម្បីបន្តការសិក្សានៅស្រុក។ដូច្នេះសូមផ្ដាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវយកចិត្តទុកដាក់ចំពោះអ្នកចំណាកស្រុកដែលបានផ្ញើកូននៅយាយតានៅឯស្រុកត្រូវពិនិត្យមើលដើម្បីឱ្យកុមារទាំងនោះបានទទួលការសិក្សានៅឯស្រុក។

មួយផ្នែកទៀតកម្មកររបស់យើងទៅធ្វើការនៅប្រទេសថៃមួយចំនួន ក្រសួងការពារ និង ក្រសួងអប់រំ គិតបែបណា ធ្វើយ៉ាងម៉េចឱ្យពួកគេបានចូលសិក្សា ទោះរៀនភាសាខ្មែរ ឬ ភាសាថៃ ត្រូវតែបានចូលរៀន ។

សម្តេចតេជោអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងនៅ ក្នុងអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភ្នំពេញអន្តរជាតិនាព្រឹកថ្ងៃទី ១១ ខែតុលា ២០២២ ៕សរន