​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ មួយ​ឆ្នាំ​បន្ទាប់ពី​ការបោះឆ្នោត​សកល​ចុងក្រោយ​របស់​អ៊ីរ៉ាក់ បេសកកម្ម​របស់​អង្គការសហប្រជាជាតិ​បាន​ជំរុញ​ឱ្យ​ក្រុមបក្សនយោបាយ​បញ្ចប់​ភាពជាប់គាំង ដែល​បាន​ធ្វើឱ្យ​ប្រទេស​សម្បូរ​ប្រេង​មួយ​នេះ​ជាប់​ទ្រឹង ដោយ​ព្រមាន​ថា “​អ៊ីរ៉ាក់​កំពុង​ជិត​អស់​ពេល​ហើយ​”​។​

​បេសកកម្ម​ជំនួយ​របស់​អ​.​ស​.​ប​នៅក្នុង​ប្រទេស​អ៊ីរ៉ាក់​បាន​និយាយថា “​វិបត្តិ​អូសបន្លាយ​យូរ​នេះ​កំពុង​បង្ក​អស្ថិរភាព​បន្ថែមទៀត​…​វា​គំរាមកំហែង​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាជន​” ដោយ​ជំរុញ​ឱ្យ “​មាន​ការសន្ទនា​ដោយ​គ្មាន​បុរេ​លក្ខខណ្ឌ​” ឆ្ពោះ​ទៅ​បង្កើត​រដ្ឋាភិបាល​ដែលមាន​ស្ថិរភាព​នៅក្នុង​ប្រទេស ដែល​មាន​ស្លាកស្នាម​សង្គ្រាម​មួយ​នេះ​។​

​ប្រជាជន​អ៊ីរ៉ាក់​បាន​បោះឆ្នោត​ចុងក្រោយ​នៅ​ថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២១ នៅក្នុង​ការបោះឆ្នោត​ដែល​បង្កឡើង​ដោយ​រលក​នៃ​ការតវ៉ា​ទ្រង់ទ្រាយ​ធំ​ប្រឆាំង​នឹង​អំពើ​ពុករលួយ​ជា​សកល ភាព​អត់​ការងារ​​ធ្វើ​ដែល​រីក​រាលដាល និង​ហេដ្ឋារចនាសម្ពន្ធ​ខូច​ខ្ទេចខ្ទី​។​

​មួយ​ឆ្នាំ​មកនេះ ប្រទេស​នេះ​នៅ​មិន​ទាន់​បង្កើត​រដ្ឋាភិបាល​ថ្មី​បាន​នៅឡើយ ដោយ​ទុក​ឱ្យ​នាយករដ្ឋមន្ត្រី​ចាំផ្ទះ លោក មូស្តា​ហ្វា អាល់​កា​ដេមី (Mustafa al-Kadhemi) ទទួលបន្ទុក​ប៉ុន្តែ​មិនអាច​​ឱ្យ​សភា​អនុម័ត​ថវិការដ្ឋ​ថ្មី​បាន​ទេ​។​

​អ​.​ស​.​ប​បាន​និយាយថា ការបោះឆ្នោត​កាល​ពី​មួយ​ឆ្នាំ​មុន “​គឺជា​ការបោះឆ្នោត​ដែល​រកបាន​ដោយ​លំបាក ដែល​បាន​កើតឡើង​ចេញពី​សម្ពាធ​សាធារណៈ​ពី​ការតវ៉ា​ទូទាំងប្រទេស​ដែល​ក្នុងនោះ​យុវជន​អ៊ីរ៉ាក់​​ជាច្រើន​រយ​នាក់​បាន​បាត់បង់​ជីវិត និង​រាប់ពាន់​នាក់​បាន​រងរ​បួស​”​។​

​អ​.​ស​.​ប​បាន​បន្ថែម​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​គួរឱ្យ​សោកស្ដាយ ការបញ្ជាក់​ជាថ្មី​អំពី​លទ្ធិប្រជាធិបតេយ្យ​មួយ​នេះ​ត្រូវ​បាន​ដើរ​តាម​ក្រោយ​ដោយ​នយោបាយ​បែកបាក់ ដែល​បង្កើត​ឱ្យ​មាន​ការ​ខកចិត្ត​ជា​សាធារណៈ​ដ៏​ជូរ​ចត់​”​។​

​គូប្រជែង​មូស្លីម​និកាយ​ស៊ី​អ៊ី​ត​នៅក្នុង​សភា​បាន​កំពុង​ប្រជែង​គ្នា​ដណ្តើម​ឥទ្ធិពល​និង​សិទ្ធិ​ជ្រើសរើស​នាយករដ្ឋមន្ត្រី​និង​រដ្ឋាភិបាល​ថ្មី​។​ការប្រឈមមុខ​ដាក់​គ្នា​នេះ​បាន​ឃើញ​ភាគី​ទាំង​ពីរ​បង្កើត​ជំរំ​តវ៉ា ​ហើយ​នៅពេល​ខ្លះ​បាន​បង្ក​ឱ្យ​មាន​ការប៉ះទង្គិច​គ្នា​នៅតាម​ដងផ្លូវ​។​

​បេសកកម្ម​របស់​អ​.​ស​.​ប​បាន​និយាយថា “​តួអង្គ​ទាំងអស់​ត្រូវតែ​ចូលរួម​ក្នុង​ការសន្ទនា​ដោយ​គ្មាន​បុរេ​លក្ខខណ្ឌ​”​។​

“​តាមរយៈ​ការសម្របសម្រួល ពួកគេ​ត្រូវតែ​យល់ព្រម​ជា​រួម​លើ​លទ្ធផល​សំខាន់ៗ​…​ដើម្បី​បម្រើ​សេចក្តីត្រូវការ​របស់​ប្រជាជន​អ៊ីរ៉ាក់ និង​បង្កើត​រដ្ឋាភិបាល​ដែល​មាន​អំណាច​ពេញលេញ​និង​មាន​ប្រសិទ្ធភាព​។ ពេលវេលា​ដើម្បី​ធ្វើ​រឿងនេះ​គឺ​ឥឡូវ​នេះ​ឯង​”៕

បាតុករ​អ៊ីរ៉ាក់​លើក​បដា​និង​ទង់ជាតិ​ក្នុងអំឡុងពេល​បាតុកម្ម​ដើម្បី​ប្រារព្ធ​ខួប​បី​ឆ្នាំ​ចាប់តាំងពី​បាតុកម្ម​ទូទាំងប្រទេស​បាន​ផ្ទុះ​ឡើង​ប្រឆាំង​នឹង​អំពើ​ពុករលួយ​ជា​សកល