ដោយៈប.ជ័យ/បន្ទាយមានជ័យ៖ ដោយសារស្ថានភាពទឹកជំនន់ ដែលស្រកនៅផ្នែកខាងលើនិងស្រុងចុះមកផ្នែកខាងក្រោមដែលមិនអាចគ្រប់គ្រងបានចុះមកទើបមន្ត្រីអាជ្ញាធរក៏ដូចកងកម្លាំងសម្រេចរើនិងជន្លៀសពលរដ្ឋពីទួលសុវត្ថិភាពចាស់នាឃុំបត់ត្រង់ទៅទីទួលសុវត្ថិភាពថ្មីនៅឃុំឬស្សីក្រោក វិញ ។ក្នុងនោះក៏មានពលរដ្ឋក្រុមថ្មីក៏ត្រូវ បង្ខំចិត្តជម្លៀសពីផ្ទះសម្បែង ។

លោក អ៊ុ រាត្រី អភិបាលខេត្តនិងជាប្រធានគណ:កម្មាធិការ គ្រប់គ្រង គ្រោះមហន្តរាយខេត្តបន្ទាយមានជ័យនាថ្ងៃ ទី១០ខែតុលាបាន ដឹកនាំបញ្ជាផ្ទាល់ កងកម្លាំងទាំងបីប្រភេទនិងរដ្ឋបាលស្រុកមង្គលបុរី ចុះធ្វើជំរកតបណ្តាញ ភ្លើងអគ្គិសនី ដំឡើងបន្ទប់អនាម័យ ទឹកស្អាត ជូនបងប្អូនពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងនៅចំនុចភូមិបត់ត្រង់ ដែលត្រូវប្ដូរទីទួលសុវត្ថិភាព។

ទាក់ទិននឹងស្ថានភាពទឹកជំនន់ស្រុងមក ហើយកំពុងប្រៀបលើ ចំណុច ខ្លះ នៃដងផ្លូវជាតិលេខ៥ លោក សុក ចាន់ថា ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបន្ទាយមានជ័យបាននិយាយថ្ងៃទី១០ខែតុលាថាមិនបានបិទឬផ្អាកចរាចរណ៍នៅផ្លូវជាតិលេខ៥ វាងក្រុងសិរីសោភ័ណ មង្គលបុរីនោះទេ ។

សូមរំលឹកថាពលរដ្ឋដែលត្រូវជម្លៀសមកស្នាក់នៅទីទួលសុវត្ថិភាពសរុប១៥៣គ្រួសារ(មនុស្សរាយ៥៦៤នាក់)ក្នុងនោះបានមកដល់ទីទួលសុវត្ថិភាព៨៩គ្រួសារ(មនុស្សរាយ៣៤៥នាក់)និងឡើងមកថ្មី៧គ្រួសារ (២៨នាក់)៕សរន / N