ដោយៈ ប.ខុន / ភ្នំពេញៈ ក្រសួងធនធានទឹកនិងឧតុនិយម នៅថ្ងៃទី១១ ខែតុលាឆ្នាំ២០២២ បានជូនដំណឹង ស្តីពីការព្យាករស្ថានភាពអាកាសធាតុ សម្រាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែតុលា ថាៈ ព្រះរាជាណាចក្រកម្ពុជាបន្តទទួលឥទ្ធិពលទ្រនុងសម្ពាធខ្ពស់ ពីប្រទេសចិន ។ តែនៅប៉ែកខាងក្រោម (ត្បូង) ទទួលរងឥទ្ធិពលពីប្រព័ន្ធសម្ពាធទាបខ្សោយ ដែលអូសបន្លាយកាត់លើចុងខាងត្បូង នៃដីសណ្តមេគង្គធ្វើឱ្យបណ្តាខេត្ត នៅភាគខាងលើ (ជើង) និងភាគពាយ័ព្យ មានភ្លៀងនៅក្នុងកម្រិតតិចតួច តែនៅរាជធានី និងបណ្តាខេត្តភាគខាងក្រោមអាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីខ្សោយ ទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ខ្សោយ។

ក្នុងសេចក្តីជូនដំណឹង បានសរសេរទៀតថាៈស្ថានភាពបែបខាងលើ ធ្វើឱ្យបណ្តាខេត្តតំបន់វាលទំនាបកណ្តាល មានសីតុណ្ហភាពអប្បបរមាពី ២២ ទៅ ២៤ អង្សាសេ សីតុណ្ហភាពអតិបរមា មានពី ៣០ ទៅ ៣២ អង្សាសេ។បណ្តាខេត្តនៅភាគខាងជើង និងភាគពាយ័ព្យអាចមានភ្លៀងធ្លាក់ នៅក្នុងកម្រិតតិចតួច។ដោយឡែករាជធានី និងបណ្តាខេត្ត ភាគខាងត្បូង អាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ខ្សោយ។

សម្រាប់តំបន់ខ្ពង់រាប មានសីតុណ្ហភាពអប្បបរមា មានពី ២១ ទៅ ២៣ អង្សាសេ សីតុណ្ហភាព អតិបរមា មានពី ៣០ ទៅ ៣២ អង្សាសេ។ អាចមានភ្លៀងធ្លាក់ នៅក្នុងកម្រិតតិចតួច លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ខ្សោយ ។

សម្រាប់តំបន់មាត់សមុទ្រ មានសីតុណ្ហភាពអប្បបរមាពី ២២ ទៅ ២៤ អង្សាសេ។សីតុណ្ហភាព អតិបរមា មានពី ២៩ ទៅ ៣១ អង្សាសេ។ អាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីតិចទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ខ្សោយ៕ V / N